(ត្បូងឃ្មុំ)៖ ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ បានអូសបន្លាយជាង១២ឆ្នាំ ស្ថិតនៅភូមិក្រូចឆ្មារលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ត្រូវបានដោះស្រាយបញ្ចប់ហើយ រហូតបានប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូន ពួកគាត់ទៀតផង។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងថា ជម្លោះដីធ្លីនេះបានអូសបន្លាយចំនួន ១២ឆ្នាំមកហើយ ហើយកន្លងទៅអាជ្ញាធរ និងមន្រ្តីជំនាញបានចេញមកដោះស្រាយ និងធ្វើការសម្របសម្រួលជាបន្តបន្ទាប់ នៅឡើយតែភាគីទាំង២មិនទាន់មានការឯកភាពគ្នា។ ដោយបញ្ហានេះធ្លាក់ ទៅដល់ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចាត់ឲ្យក្រុមការងារដឹកនាំដោយលោកផ្ទាល់ ចុះទៅដោះស្រាយរហូតបានបញ្ចប់ជាស្ថាពរ។
លោក ហាក់ សុខមករា បានបញ្ជាក់ថា «ករណីទំនាស់ដីធ្លីដ៏រុំារ៉ៃ ជាង១២ឆ្នាំកន្លងមក ហើយរវាងលោក មល់ វួច និងប្រពន្ធឈ្មោះ ហ៊ួត ចាន់អូន ជាមួយលោក ឡុង ធុល និងប្រពន្ធឈ្មោះ ប៊ី ចាន់ថា មានទីតាំងដីទំនាស់ស្ថិត នៅភូមិក្រូចឆ្មារលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ដែលក្រុមការងារបានសម្របសម្រួលដោះស្រាយរួចរាល់កន្លងមកនោះ ត្រូវមន្ទីររៀបចំដែនដីខេត្ត បានកសាងឯកសារ តាមនីតិវិធី ដើម្បីចេញប័ណ្ណកម្មសិទ្ធជូនពួកគាត់រួចរាល់ហើយ បន្ទាប់ពីបានឯកភាពយោគយល់គ្នា។ ថ្ងៃនេះ ក្រុមបានយកប័ណ្ណកម្មសិទ្ធិដី ដែលបានចុះបញ្ជី រួចប្រគល់ជូនពួកគាត់ ទាំងពីរដោយផ្ទាល់»។
ជាការឆ្លើយតបវិញ និងមានអារម្មណ៍រីករាយយ៉ាងខ្លាំងនោះ ប្រជាពលរដ្ឋទាំង២គ្រួសារ បានធ្វើលិខិតសូមគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានប្រគល់សេចក្តីទុកចិត្តជូនឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ចាត់ក្រុមការងារចុះសម្របសម្រួលដោះស្រាយជូនដល់ប្រជាពលរដ្ឋបានចប់បែបនេះ៕