(ភ្នំពេញ)៖ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជធានីភ្នំពេញនឹងលែងជួបការខ្វះថាមពលអគ្គិសនីដូចនៅឆ្នាំ២០១៩នេះទៀត។ បើតាមសម្តេចតេជោ ហ៊ុន សែន ការមិនខ្វះនេះ ដោយសាររាជរដ្ឋាភិបាល បានសម្រេចដំឡើងម៉ាស៊ីនភ្លើង ដែលអាចផលិតថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ទុកប្រើក្នុងរាជធានីភ្នំពេញ នៅពេលវារីអគ្គិសនីខ្វះទឹកមិនអាចផលិតថាមពលបាន។
រដ្ឋលេខាធិការធិការក្រសួងរ៉ែ និងថាមពល លោក ទី នរិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះថា ម៉ាស៊ីនភ្លើងប្រើសម្រាប់ផលិតថាមពលអគ្គិសនីនេះ ដើរដោយប្រេងខ្មៅ និងឧស្ម័ន។ រោងចក្រផលិតថាមពលអគ្គិសនីដើរដោយម៉ាស៊ីនភ្លើងនេះ ទាំងសាងសង់រោងចក្រ ដំឡើង និងម៉ាស៊ីនចំណាយថវិកាសរុបជាង ៣៥៥លានដុល្លារអាមេរិក។
បើតាមលោក ទី នរិន្ទ បានឱ្យដឹងថា ម៉ាស៊ីនភ្លើងនេះ ត្រូវបានបញ្ជាទិញពីប្រទេសហ្វាងឡង់ និងអាល្លឺម៉ង់។ លោក ទី នរិន្ទ បានបញ្ជាក់ថា រោងចក្រផលិតថាមពលអគ្គិសនីដើរដោយម៉ាស៊ីនភ្លើងនេះ នឹងត្រូវសាងសង់ឡើងនៅស្រុកល្វាឯម ខេត្តកណ្តាល។
បើតាមរដ្ឋលេខាធិការរូបនេះ បានឱ្យដឹងដែរថា កិច្ចព្រមព្រៀងដំណើរការសាងសង់រោងចក្រនេះនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនានេះ ហើយការសាងសង់ចំណាយពេល ១០ខែ ដោយគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២០។
ក្រៅពីការដំឡើងរោងចក្រហើយនោះ អគ្គិសនីកម្ពុជា ក៏នឹងត្រូវសាងសង់បណ្តាញតភ្ជាប់ពីរោងចក្រក្នុងស្រុកល្វាឯមមករាជធានីភ្នំពេញថែមទៀតផង ទើបអាចទាញយកថាមពលប្រើប្រាស់បាន។
បច្ចុប្បន្នរាជធានីភ្នំពេញត្រូវការថាមពលអគ្គិសនីប្រមាណជា ៥០០មេហ្គាវ៉ាត់។ នៅក្នុងរដូវប្រាំងឆ្នាំ២០១៩ ដោយសារតែគ្រោះរាំងស្ងួតវារីអគ្គិសនីមិនអាចដំណើរការផលិតថាមពលបាននោះ បានធ្វើឱ្យរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជួបការខ្វះខាតថាមពលអគ្គិសនី។
តាមរយៈរោងចក្រដើរដោយម៉ាស៊ីនភ្លើងកម្លាំង ៤០០មេហ្គាវ៉ាត់, រោងចក្រដើរដោយធ្យូងថ្មនៅខេត្តព្រះសីហនុកម្លាំង ១៥០មេហ្គាវ៉ាត់, ថាមពលពីវារីអគ្គិសនីដនសាហុង ប្រទេសឡាវ ២០០មេហ្គាវ៉ាត់ លោក ទី នរិន្ទ បានបង្ហាញភាពកក់ក្តៅថា ឆ្នាំ២០២០ នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ នឹងមិនជួបការខ្វះខាតថាមពលអគ្គិសនីដូចឆ្នាំ២០១៩នេះទៀតឡើយ។
បច្ចុប្បន្នអគ្គិសនីកម្ពុជា និងអាជ្ញាធរខេត្តកណ្តាល កំពុងសហការទិញដីតាមតម្លៃទីផ្សារនៅភូមិសាស្ត្រក្នុងឃុំកោះរះ ស្រុកល្វាឯម ដើម្បីដំណើរការសាងសង់រោងចក្រផលិត ថាមពលអគ្គិសនីដើរដោយម៉ាស៊ីនភ្លើងនេះផងដែរ។ មានប្រជាពលរដ្ឋប្រមាណ ៩០គ្រួសារ ដែលរងផលប៉ះពាល់ក្នុងគម្រោងសាងសង់រោងចក្រនេះ។ នេះបើតាមលោក ភឹម ភីរ៉ា អភិបាលស្រុកល្វាឯម បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃនេះ៕