Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋរងការប៉ះពាល់ធ្ងន់ធ្ងរ ពីការជីកស្តារប្រឡាយទឹក៥៤គ្រួសារ នៅសង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកហូ ក្រុងតាខ្មៅ ទទួលសំណងពីគណៈកម្មការដោះស្រាយផលប៉ះពាល់

04-06-2019 18:26

(កណ្តាល)៖ កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ដោះស្រាយផលប៉ះពាល់មួយ បានធ្វើឡើងនៅសាលាសង្កាត់កំពង់សំណាញ់ កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ រវាងគណៈកម្មការដោះស្រាយប៉ះពាល់ជាគម្រោងរដ្ឋ និងប្រជាពលរដ្ឋនៅសង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរក្រុងតាខ្មៅផងដែរ។

ប្រជាពលរដ្ឋដែលអញ្ជើញ ចូលរួមក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់នោះ បានឲ្យដឹងថា គណៈកម្មការបានអញ្ជើញមកផ្សព្វផ្សាយបានប្រាប់ពួកគាត់ថា កន្លងមកនារដូវវស្សា ភូមិសាស្ត្រក្រុងតាខ្មៅ មានការលិចលង់ ទើបអាជ្ញាធរខេត្តកណ្តាល បានលើកសំណើរស្តារប្រឡាយមេមួយចំនួន ដើម្បីរំដោះទឹកចេញនារដូវវស្សាខាងមុខនេះ។ ដោយយោងតាមសំណើរបែបនេះ ទើបក្រសួង បានទម្លាក់គម្រោងនេះមកឲ្យសាលាខេត្តកណ្តាល ហើយបានបង្កើតជាគណៈកម្មការចុះផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើដីចំណីប្រឡាយ។ រដ្ឋមានសំណងជូនប្រជាពលរដ្ឋ ដោយឲ្យទៅរស់នៅកន្លែងថ្មី ម្នាក់១គ្រួសារ ទទួលបានដី១ឡូតិ៍វិញ ទំហំ៥ ម៉ែត្រគុណ ២០ម៉ែត្រ ដែលទទួលទីតាំងដីតាមលក្ខណៈចាប់ឆ្នោត។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋខ្លាច និងភ័យព្រួយដោយគណៈកម្មការបានបញ្ជាក់ថា ដីដែលពួកគាត់ទទួលបាននោះ គឺពុំទាន់ទទួលបានប្លង់កម្មសិទ្ធិទេ ទាល់តែរស់នៅ ៥ឆ្នាំសិន ទើបទទួលបានប័ណ្ណ ឬហៅថាប្លង់កម្មសិទ្ធិនោះ។ ពួកបន្ថែមថា វាយូរពេករហូតដល់៥ឆ្នាំ ទើបទទួលបានប្លង់ បើសព្វថ្ងៃបងប្អូនខ្លះ មានវ័យកាន់តែចាស់ណាស់ហើយនោះ។

ដូច្នេះពួកគាត់សំណូមពរឲ្យអាជ្ញាធរ ឬក្រសួងជួយចេញប័ណ្ណជូនពួកគាត់ ក្រោយពេលដែលពួកគាត់ចូលទៅនៅតែម្តងទៅ ដើម្បីទំនុកចិត្តកកក្តៅលើការផ្លាស់ប្តូរទីតាំងនោះ៕