(ភ្នំពេញ)៖ ចាប់ពីពេលនេះតទៅ អ្នកដែលចង់ប្ដូររថយន្ដថ្មី អាចមានសិទ្ធិស្នើសុំរក្សាផ្លាកលេខសម្គាល់យានជំនិះរបស់ខ្លួនបានហើយ។ នេះបើតាមអនុក្រឹត្យ ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ។
យោងតាមមាត្រា២២ ក្នុងអនុក្រឹត្យបានបញ្ជាក់ថា «ម្ចាស់កម្មសិទ្ធិយានជំនិះ មានសិទ្ធិស្នើសុំរក្សាលេខចុះបញ្ជីយានជំនិះ ដែលកំពុងប្រើប្រាស់ សម្រាប់ចុះបញ្ជីលើយានជំនិះថ្មីរបស់ខ្លួនបាន ស្របតាមបែបបទ និងនីតិវិធីនៃការចុះបញ្ជីយានជំនិះ ការផ្តល់ផ្លាកលេខសម្គាល់ យានជំនិះ និងការលុបចេញពីបញ្ជីយានជំនិះ និងត្រូវបង់កម្រៃសេវាសាធារណៈ ដែលកំណត់ដោយប្រកាសអន្តរក្រសួង រវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន»។
លើសពីនេះ នៅក្នុងអនុក្រឹត្យថ្មីនេះ ក៏បានបញ្ជាក់ពីការអនុញ្ញាតឱ្យម្ចាស់យានជំនិះ អាចធ្វើផ្លាកលេខពិសេស ទៅតាមការចង់បានរបស់ខ្លួនផងដែរ។ ផ្លាកលេខពិសេសនេះ គឺម្ចាស់យានយន្តអាចកំណត់អក្សរ ឬលេខទៅតាមអ្វីដែលខ្លួនចង់បាន ហើយក៏អាចយកផ្លាកលេខនេះ ទុកប្រើប្រាស់ពេញមួយជីវិតផងដែរ។
នៅក្នុងអនុក្រឹត្យនេះបានបញ្ជាក់ថា ផ្លាកលេខយានយន្តពិសេសនេះ ត្រូវសរសេរអក្សរខ្មែរបញ្ជាក់ថា «កម្ពុជា» ពីខាងលើ ហើយផ្នែកកណ្តាលជាលេខចុះបញ្ជីមានលេខឬ/និងអក្សរឡាតាំងមិនលើសពី៨ខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង «CAMBODIA» នៅពីក្រោមបន្ទាប់ផ្តេក៕