(ភ្នំពេញ)៖ គណៈប្រតិភូអឺរ៉ុប បានមកដល់កម្ពុជាជាថ្មីម្តងទៀត នៅថ្ងៃចន្ទម្សិលមិញនេះ ក្នុងបេសកកម្មស្វែងយល់អំពីស្ថានភាពពិតនៅក្នុងប្រទេសកម្ពុជា មុននឹងឈានដល់ការសម្រេចព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) នៅពេលខាងមុខ។
ទោះជាយ៉ាងនេះក្តី ព័ត៌មានអំពីបេសកកម្មស្វែងរកការពិតរបស់ គណៈប្រតិភូអឺរ៉ុប មិនទាន់ត្រូវបានបើកទូលាយនៅឡើយទេ ខណៈដែលប្រតិភូនេះ នឹងមានជំនួបជាមួយមន្រ្តីរាជរដ្ឋាភិបាល និងមន្រ្តីសង្គមស៊ីវិលមួយចំនួន។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ប្រមុខការទូតកម្ពុជា ជួបជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដែលជាផ្នែកមួយនៃកិច្ចសន្ទនាគ្នារវាងភាគីទាំងពីរ ក្នុងនីតិវិធីដំណើរការ នៃប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ សហភាពអឺរ៉ុប បានប្រកាសចាប់ផ្តើមដំណើរការនីតិវិធីដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ Everything But Arms (EBA)។ ប្រព័ន្ធ EBA អាចនឹងលុបចោលប្រសិនបើ រកឃើញថាប្រទេសទទួលផលនេះ មិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអឺរ៉ុប ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
កិច្ចព្រមព្រៀង អនុគ្រោះ ពន្ធ ឬ EBA (Everything But Arms) ជាកិច្ចព្រមព្រៀងដែលសហភាព អឺរ៉ុប បានផ្តល់ ឲ្យ កម្ពុជា និង ប្រទេស អភិវឌ្ឍ តិចតួច ផ្សេងទៀតនៅលើពិភពលោក នូវ ឱកាស នាំ គ្រប់ ផលិតផល ទាំងអស់ (លើកលែងតែ អាវុធ) ចូលទៅក្នុង ទីផ្សារ រួម តែមួយ របស់ សហភាព អឺរ៉ុប ដោយ មិន ជាប់ ពន្ធគយ និង មិន ជាប់ កូតា។
ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ គ្រាន់តែជាពេលវេលាដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះ យោបល់ជាផ្លូវការតែប៉ុណ្ណោះ។ កម្ពុជាមានរយៈពេល៦ខែក្នុងការជជែកតវ៉ា និងលើកហេតុផលផ្សេងៗពន្យល់ទៅគណៈកម្មការអឺរ៉ុប។
ប្រសិនបើគណៈកម្មការអឺរ៉ុបមិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន ១៨ខែ គិតចាប់ពីថ្ងៃចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់ការចូលជាធរមាន។ ពោលទំនិញរបស់កម្ពុជានៅតែបន្តនាំចូលទៅកាន់សហភាពអឺរ៉ុបដោយមិនជាប់ពន្ធរយៈពេលជាង ១ឆ្នាំទៀត មុននឹងមានការសម្រេចជាថ្មី។
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការសម្រេចចិត្តអឺរ៉ុបនេះ ជារឿងភាពអយុត្តិធម៌បំផុត ព្រោះនេះ បង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិសេធដោយចំហរ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលប្រទេសកម្ពុជាសម្រេចបាន។
ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងដាក់ចេញនូវយន្តការផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ៕