(ភ្នំពេញ)៖ ព្រះគ្រូចៅអធិការ និងព្រះសង្ឃវត្តតាំងកសាងខាងត្បូង បានផ្ដល់នូវអំណោយមួយចំនួនធំ ជូនដល់អនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ ដើម្បីចូលរួមចំណែក ក្នុងការងារមនុស្សធម៌សម្រាប់ចែកជូនដល់ជនក្រី និងទុរគតជនដែលកំពុងជួបការលំបាក។

កាយវិកាខាងលើនេះ សបញ្ជាក់ឲ្យឃើញថា ព្រះសង្ឃមិនត្រឹមតែជាស្រែបុណ្យសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តគោរពបូជាប៉ុណ្ណោះទេ។ ប៉ុន្តែបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសង្គមជាតិហើយបានបង្ហាញយ៉ាងច្បាស់ថា វិស័យពុទ្ធចក្រ និងអាណាចក្រមិនអាចកាត់ផ្ដាច់គ្នាបានឡើយ។

ពិធីប្រគល់ និងទទួលអំណោយខាងលើនោះ បានប្រព្រឹត្តទៅកាលពីវេលារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងវត្តតាំងកសាងខាងត្បូង ស្ថិតនៅក្នុងភូមិចំការឪឡឹកសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយមានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ ដឹកនាំមន្រ្តីក្រោមឱវាទអញ្ជើញ ទៅទទួលយកដោយផ្ទាល់ពីព្រះគ្រូរក្ខិតវិនយោ ជឿន ចន្ថា ចៅអធិការវត្តតាំងកសាងខាងត្បូង និងព្រះសង្ឃក្នុងវត្តខាងលើ។

អំណោយទាំងនោះរួមមាន៖ អង្ករចំនួន៣០បាវ, ទឹកសុទ្ធវីតាលចំនួន១០កេស, ទឹកសុទ្ធធម្មតាចំនួន២០០យួរ, ទឹកត្រីចំនួន៣០យួរ, ទឹកស៊ីអ៊ីវចំនួន៣០យួរ, ទឹកផ្លែឈើចំនួន៤០កេស, ទឹកដោះគោចំនួន២០០កំប៉ុង, ត្រីខចំនួន១៥យួរ, មីចំនួន៧០កេស និងសម្ភារផ្ទះបាយចំនួន ៣០សម្រាប់ ព្រមទាំងទាំងបច្ច័យចំនួន ២លានរៀលផងដែរ។

នៅក្នុងឱកាលនោះព្រះគ្រូចៅអធិការវត្តបានមានសង្ឃដិកាថា ព្រះអង្គរួមជាមួយព្រះសង្ឃក្នុងវត្តមានទឹកព្រះទ័យរីករាយក្នុងការចំណាយនូវទេយ្យទាន និងថវិកាដែលមួយចំនួនខាងលើ ជូនដល់អនុសាខាកាកបាទក្រហមកខណ្ឌពោធិ៍សែនជ័យ ចូលរួមចំណែកក្នុងការងារមនុស្សធម៌ ដើម្បីសម្រាប់ទុកចែកជូនដល់ជនក្រីក្រលំបាក ខ្វះខាតនានានៅក្នុងសង្គមជាតិ។

ម្យ៉ាងទៀត ក៏ជាការជួយទ្រទ្រង់ដល់អនុសាខាកាកបាទក្រហមផងដែរ ហើយទេយ្យទានទាំងនេះព្រះអង្គក៏បានមកពីការបរិច្ចាគរបស់ពុទ្ធបរិស័ទនានា ដែលនាំយកទៅប្រគេន ដល់ព្រះសង្ឃក្នុងពេលកន្លងមកផងដែរ ហើយព្រះសង្ឃក៏មិនអាចឆាន់អស់ដែរ ដូច្នេះត្រូវតែបរិច្ចាកបន្តជូនដល់អនុសាខាកាកបាទក្រហមបែបនេះហើយ។

ដោយឡែកលោក ហែម ដារិទ្ធិ បានសម្ដែងការត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណព្រមទាំងកោតសសើរដល់ព្រះគ្រូចៅអធិការ និងព្រះសង្ឃក្នុងវត្តតាំងកសាងខាងត្បូងទាំងមូល ដែលមានទឹកព្រះទ័យទូលាយចូលរួមបរិច្ចាគទេយ្យទាន ជូនដល់អនុសាខាកកបាទក្រហមខណ្ឌទុកសម្រាប់ចែក ជូនដល់ជនក្រីក្រនាពេលនេះ។

ក្នុងនាមលោកជាអភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ និងនាំយកអំណោយទាំងនេះទៅចែកជនដល់ដៃជនក្រីក្រមិនឲ្យព្រះអង្គខកព្រះទ័យឡើយ៕