(ភ្នំពេញ)៖ លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងជំរុញឱ្យមន្ត្រីមន្ទីរទេសចរណ៍ និងមន្ត្រីនៅតាមច្រកចេញ-ចូលតែមួយ នៅបណ្តារាជធានីខេត្តទាំង២៥ ត្រូវរួមគ្នាទប់ស្កាត់ឱ្យបាន ចំពោះបញ្ជីមុខម្ហូបដែលមិនត្រឹមត្រូវ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ក្នុងនោះស្លាកយីហោអាជីវកម្ម ដែលមានភាពមិនប្រក្រតី និងមិនត្រឹមត្រូវតាមការកំណត់ ក៏ត្រូវធ្វើការទប់ស្កាត់ផងដែរ។
លោក ណេប សាមុត បានថ្លែងជំរុញយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាល ស្តីពីខ្លឹមសារប្រកាស និងសារាចរណែនាំ ពាក់ព័ន្ធនឹងការរៀបចំបញ្ជីមុខម្ហូបឱ្យបានត្រឹមត្រូវ នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ជូនដល់មន្ត្រីមន្ទីរទេសចរណ៍ និងមន្ត្រីច្រកចេញ-ចូលតែមួយ នៅតាមបណ្តារាជធានីខេត្តទាំង២៥ នៅសណ្ឋាគារភ្នំពេញអេរ៉ា។
ពិធីនេះក៏មានការចូលរួមមន្ត្រីមន្ទីរទេសចរណ៍ និងមន្ត្រីច្រកចេញ-ចូលតែមួយ នៅតាមបណ្តារាជធានីខេត្តជិត៣០០នាក់ផងដែរ។
លោក ណេប សាមុត បានថ្លែងថា «យើងទាំងអស់គ្នា គឺពិតជាមិនចង់ឱ្យមានរឿងទាំងអស់នេះកើតឡើងនោះទេ ព្រោះវាមិនត្រឹមតែប៉ះពាល់ដល់បុគ្គលខ្លួនយើងទេ គឺបានប៉ះពាល់ដល់វប្បធម៍ និងមុខមាត់ប្រទេសជាតិរបស់យើង ទាំងមូលផងដែរ ដូចនេះយើងត្រូវតែប្តេជ្ញាចិត្ត និងត្រូវតែចូលរួមកែប្រែចំណុចនេះឱ្យបាន ហើយអ្នកដែលត្រូវចូលរួមកែប្រែនូវកំហុសឆ្គងទាំងអស់នេះ គឺពួកយើងនេះហើយ ដែលជាមន្ត្រីរាជការជាអ្នកអនុវត្តន៍ច្បាប់ គឺជាអ្នកដែលត្រូវតែធ្វើកិច្ចការងារនេះ»។
លោកបានបន្ថែមថា «មន្ត្រីមន្ទីរទេសចរណ៍ និងមន្ត្រីច្រកចេញ-ចូលតែមួយ មុននឹងចេញនូវអាជ្ញាបណ្ណទេសចរណ៍ឱ្យម្ចាស់អាជីវកម្ម គឺត្រូវតែចុះមើលឱ្យដល់ទីតាំងរបស់គេផ្ទាល់សិន បើឃើញថាមានស្លាកយីហោខុស យើងត្រូវតែឱ្យគេដូចស្លាកចេញសិន ទាល់តែស្លាកត្រឹមត្រូវទើបយើងចេញអាជ្ញាបណ្ណឱ្យគេ ហើយបើសិនជាអាជីករធ្វើការជំទាស់មិនព្រមដូរចេញនោះ ពួកគេអាចនឹងប្រឈមមុខនឹងការមានទោសទៀតផង។ មន្ត្រីទាំងអស់មានសិទ្ធស្របច្បាប់ ក្នុងការធ្វើកិច្ចការទាំងអស់នេះ ដូចនេះហើយត្រូវតែពិនិត្យឱ្យបានម៉ត់ហ្មត់ លើចំណុចនេះ» ។
លោកបានបន្ថែមទៀតថា ពាក់ព័ន្ធនឹងបញ្ជីមុខម្ហូបផងដែរ សូមឱ្យមន្ត្រីមន្ទីទេសចរណ៍នៅតាមបណ្តាខេត្ត ពិនិត្យមើលឱ្យបានម៉ត់ហ្មត់ នៅតាមមូលដ្ឋានដែលខ្លួនបានគ្រប់គ្រង ចំពោះមុខម្ហូបដែលប្លែកៗ មិនបានត្រឹមត្រូវតាមការកំណត់ ដែលជាក់ស្តែងមុខម្ហូបរបស់អាជីវករចិន ដែលបានត្រូវបានម្ចាស់រោងពុម្ភ បានយកមកបកប្រែជាភាសារខ្មែរ ដែលមានការខុសឆ្គង ដែលបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសបុក យកមកបង្ហោះចែកចាយតគ្នា ត្រូវតែគ្រប់គ្រងឱ្យបាន ព្រោះនេះហើយបានធ្វើឱ្យមានផលប៉ះពាល់ដល់មន្ទីរទេសចរណ៍ ក៏ដូចជាមុខមាត់ប្រទេសជាតិយើង។
លោក ណេប សាមុត ក៏បានស្នើរឱ្យមន្ត្រីមន្ទីរទេសចរណ៍រាជធានីខេត្ត សូមសហការជាមួយមន្ត្រីច្រកចេញចូលតែមួយ ធ្វើការស្រង់នូវបញ្ជីមុខម្ហូប និងស្លាកយីហោ នៅតាមបណ្តាខេត្តនីមួយៗ ដើម្បីដាក់មកកាន់ក្រសួងទេសចរណ៍ រាជធានីភ្នំពេញ ដើម្បីឱ្យដឹងថា ជាក់ស្តែងមានស្លាកយីហោ និងបញ្ជីមុខម្ហូបប៉ុន្មាន និងនៅមានខុសប៉ុន្មានទៀត ដើម្បីឱ្យមន្ត្រីនៅថ្នាក់ខាងលើ និងរៀបចំជាការប្រជុំមួយ នៅក្នុងយន្តការនៃគណៈកម្មាធិការជាតិវាយតម្លៃមុខម្ហូបអាហារ និងអញ្ជើញអភិបាល និងអភិបាលរងគ្រប់រាជធានីខេត្ត ដែលទទួលបន្ទុកខាងមន្ទីរទេសចរណ៍ មកប្រជុំដើម្បីដោះស្រាយបញ្ហាទាំងអស់នេះផងដែរ៕