(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា បានប្រកាសសម្ពោធនូវគម្រោងលើកស្ទួយសង្គមថ្មីមួយ ដែលមានឈ្មោះថា EzeCare ។ EzeCare គឺជាការឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តមួយកម្រិតទៀត របស់ក្រុមហ៊ុន EZECOM ក្នុងការចូលរួមចំណែកកែលម្អជីវភាពប្រជាជន និងសហគមន៍ នៅក្នុងប្រទេសកម្ពុជា។
យោងតាមក្រុមហ៊ុន EZECOM ឆ្នាំនេះ ក្រុមហ៊ុនបានសហការជាមួយមន្ទីរពេទ្យកុមារអង្គរ ក្នុងគោលបំណងស្វែងរកថវិកាជួយដល់មន្ទីរពេទ្យ ក៏ដូចជាលើកកម្ពស់ការយល់ដឹង ពីសកម្មភាពមនុស្សធម៌ ដ៏សំខាន់របស់មន្ទីរពេទ្យនេះ ក្នុងការផ្តល់សេវាសុខភាពឥតគិតថ្លៃ និងមានគុណភាពខ្ពស់ ដល់កុមារកម្ពុជារាប់សែននាក់ នៅក្នុងខេត្តសៀមរាប និងមកពីទូទាំងប្រទេសកម្ពុជា។
EzeCare គឺជាគម្រោងរយៈពេលវែងមួយ ហើយជារៀងរាល់ឆ្នាំ ក្រុមហ៊ុន EZECOM នឹងរិះរកសកម្មភាពមនុស្សធម៌ថ្មីស្រឡាងមួយ ដើម្បីគាំទ្រលើកស្ទួយ ឬឧបត្ថម្ភចំពោះសកម្មភាពណាមួយ នៅក្នុងប្រទេសកម្ពុជា។
លោក Paul Blanche-Horgan អគ្គនាយកក្រុមហ៊ុន EZECOM បានថ្លែងថា «គម្រោង EzeCare គឺជាកិច្ចផ្តួចផ្តើមថ្មីមួយ ដែលពង្រីកការយកចិត្តទុកដាក់របស់ក្រុមហ៊ុន EZECOM ចំពោះសង្គមកម្ពុជា ថែមមួយកម្រិតទៀត។ តាមរយៈការបង្កើតគំនិតផ្តួចផ្តើមដោយផ្ទាល់ខ្លួនឯង យើងអាចធ្វើការកាន់តែជិតស្និទ្ធជាមួយក្រុមអ្នកទទួលផល និងបង្កើតលទ្ធផលដែលយើងចង់ទទួលបានដោយផ្ទាល់តែម្តង»។
មន្ទីរពេទ្យកុមារអង្គរ បានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ ១៩៩៩ ហើយដោយពឹងផ្អែកលើការឧបត្ថម្ភ និងវិភាគទានពីប្រភពផ្សេងៗ ទាំងក្នុងស្រុកនិងក្រៅស្រុក មន្ទីរពេទ្យនេះ បាននិងកំពុងផ្តល់ក្តីសង្ឃឹមថ្មី ដល់កុមារកម្ពុជារាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ។
ទោះជាយ៉ាងនេះក្តី ដោយសារចំនួនអ្នកជំងឺកើនឡើង ចំណាយប្រតិបត្តិការរបស់មន្ទីរពេទ្យក៏បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយវាមានសារសំខាន់ណាស់ ដែលយើងនាំគ្នាផ្សព្វផ្សាយ ការងាររបស់មន្ទីរពេទ្យនេះ ឲ្យបានដឹងលឺទូលំទូលាយ ដើម្បីឲ្យតួអង្គក្នុងស្រុកកាន់តែច្រើនអាចចូលរួមបរិច្ចាគ និងឧបត្ថម្ភថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីមន្ទីរពេទ្យអាចបន្តផ្តល់ការព្យាបាលឥតគិតថ្លៃ ដល់កុមារកម្ពុជាទូទាំងប្រទេស។
ដើម្បីចូលរួមចំណែកជាមួយគម្រោង EzeCare ក្នុងបេសកកម្មរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ និងផ្សព្វផ្សាយអំពីមន្ទីរពេទ្យនេះ សាធារណជនគ្រាន់តែចូលទៅកាន់ផេចហ្វេសប៊ុករបស់ក្រុមហ៊ុន EZECOM និងចែករំលែក (share) វីដេអូពីគម្រោង EzeCare នេះដែលនឹងបង្ហោះនៅថ្ងៃទី ០៤ មិថុនា ជាការស្រេច។
សម្រាប់រាល់ការចែករំលែកវីដេអូដើម ១ដង ក្រុមហ៊ុន EZECOM នឹងបរិច្ចាគទឹកប្រាក់ ២,០០០រៀល ជំនួសលោកអ្នក រហូតដល់ ២០លានរៀល ដើម្បីទ្រទ្រង់ប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរ។
គួរកត់សម្គាល់ផងដែរថា យោងតាមក្រុមហ៊ុន EZECOM គម្រោង EzeCare នឹងមិនមកផ្លាស់ជំនួសសកម្មភាពសង្គមដែលមានស្រាប់ ដែលក្រុមហ៊ុនតែងបានធ្វើជាទៀងទាត់នោះទេ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន EZECOM តែងមានវត្តមានចូលរួមឧបត្ថម្ភគម្រោង និងសកម្មភាពសង្គមចម្រុះជាច្រើន ក្នុងវិស័យអប់រំ បច្ចេកវិទ្យា និងសុខាភិបាល ជាដើម៕