(ព្រះសីហនុ)៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារចំរុះដឹកនាំដោយលោក លី ចិត្តនិយម ប្រធានសេដ្ឋកិច្ច នៃសាលាខេត្តព្រះសីហនុ បានបន្តដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យកាសាងសង់សំណង់នានា ក្នុងក្រុងព្រះសីហនុ ដើម្បីធានាថា សំណង់ទាំងអស់ដែលបានសង់មានរបៀបរៀប។
ជាក់ស្តែង សម្រាប់ព្រឹកនេះ ក្រុមការងារបានចុះណែនាំម្ចាស់ការដ្ឋាន ដែលបានសាងសង់សំណង់រំលោភលើចំណីផ្លូវចំនួន ៣ទីតាំង ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
បើតាមលោក លី ចិត្តនិយម សំណង់ដែលបានសង់រំលោភចំណីផ្លូវត្រូវតែរុះរើចេញវិញ បើមិនរុះរើទេក្រុមការងារនឹងចាត់វិធានការតាមនីតិវិធី។ លោក លី ចិត្តនិយម ឲ្យដឹងទៀតថា រដ្ឋបាលខេត្ត សូមគាំទ្រនិងលើកទឹកចិត្តចំពោះការវិនិយោគស្របច្បាប់។ ទន្ទឹមនេះក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ម្ចាស់ការដ្ឋានសំណង់់ទាំងអស់ ត្រូវចូលរួមគោរពច្បាប់ដើម្បីចៀងវាងការខូចខាត បាត់បង់ផលប្រយោជន៍នៅពេលអាជ្ញាធរមានសមត្ថកិច្ចចុះអនុវត្តតាមច្បាប់។
គូរបញ្ជាក់ថា ស្ថានភាពសំណង់នៅក្រុងព្រះសីហនុ សព្វថ្ងៃនេះ មានសភាពរីកដុះដាលខ្លាំងគួរអោយកត់សំគាល់។ តាមរយៈការវិនិយោគលើវិស័យសំណង់នេះបានធ្វើឲ្យខេត្តព្រះសីហនុ មានការប្រែមុខមាត់ថ្មី រីឯជីវភាពប្រជាជនក៏បានប្រសើរឡើងជាលំដាប់ គួរជាទីមោទនៈ។
បើទោះជាមានសំណង់មួយចំនួនតូចមិនទាន់បានអនុវត្តត្រឹមត្រូវ តាមច្បាប់នៅលឡើយក្តី តែយ៉ាងណាបញ្ហាប្រឈមខ្លះៗនេះ អាជ្ញាធរ និងមន្រ្តីជំនាញកំពុងតាមតម្រង់ទិសណែនាំ និងមានវិធានការរដ្ឋបាលជាបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ការដ្ឋានសំណង់ទាំងអស់ត្រូវចូលរួមគោរពច្បាប់បានត្រឹមត្រូវ៕