(កំពង់ធំ)៖ ព្រៃសហគមន៍ជាំម្រេច ដែលមានផ្ទៃដីគ្របដណ្តាប់ជាង ២ពាន់ហិកតា នៅក្នុងភូមិសាស្រ្តភូមិត្រឡែកចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល័ង្ក ខេត្តកំពង់ធំ កំពុងតែរងការកាប់ទន្ទ្រានក្រោមរូបភាពជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ។
ព្រៃសហគមន៍ជាំម្រេច គឺស្ថិតនៅក្រោមការគ្របគ្រងរបស់លោក សោម សុភ័ក្រ ជាប្រធានសហគមន៍ជាំម្រេច និងលោក លី ស្រេង ដែនជំរកសត្វព្រៃបឹងពែរ ជាអ្នកទទួលខុសត្រូវមើសថែទាំព្រៃ ឈើ និងដីសហគមន៍ ចៀសវាងពីការទន្ទ្រានពីប្រជាពលរដ្ឋ។ តែផ្ទុយទៅវិញបុគ្គលទាំងពីរនេះ បែរជាមិនយកចិត្តទុកដាក់ការពារនោះទេ គឺធ្វើជាព្រងើយកំពុងបើកដៃឱ្យប្រជាពលរដ្ឋធ្វើកាប់ ទន្ទ្រានដោយរណាយន្តទៅវិញ។ នេះជាការបញ្ជាក់របស់ប្រជាពលរដ្ឋមូលដ្ឋាន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ។
បើតាមប្រជាពលរដ្ឋ, បច្ចុប្បន្នព្រៃសហគមន៍នេះ បើតាមការប៉ាន់ប្រមាណនៅមិនដល់ ៣០០ហិកតាផង ហើយក៏កំពុងធ្វើការទន្ទ្រានដោយរូបភាពធ្វើចំការ និងកាប់អុសម៉ែត្រពីប្រជាពលរដ្ឋទៅវិញ។
ប្រជាពលរដ្ឋកាប់អុសម៉ែត្រ នៅក្នុងព្រៃសហគមន៍ សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ការចូលកាប់នៅទីនេះ លោកបានធ្វើការបង់ប្រាក់ទៅឱ្យលោក សោម សុភ័ក្រ ក្នុងមួយគោយន្តចំនួន ២ម៉ឺនរៀល សម្រាប់ជាថ្នូរនូវការឱ្យចូលកាប់ និងមិនចាប់គោយន្ត នៅពេលចេញទៅវិញ។
រីឯប្រជាពលរដ្ឋម្នាក់ទៀត ដែលកំពុងអារផ្តួលរំលំដើមឈើ ក្នុងព្រៃសហគមន៍បានលើកឡើងដែរថា សកម្មភាពរបស់គាត់នៅពេលនេះ គឺជាការស៊ីឈ្នួល ម្ចាស់ដី ក្នុងតម្លៃមួយថ្ងៃពីរម៉ឺនរៀល ដែលម្ចាស់ដីបានជួលគាត់ និងប្រាប់ឱ្យផ្តួលរំលំ ដែលដីនេះគឺ បានអះអាងថា បានធ្វើការទិញលក់ពីសហគមន៍រួចមកហើយ។
ជាមួយគ្នានេះដែរ លោក សោម សុភ័ក្រ បានឆ្លើយថា លោកបានឈប់ធ្វើជាប្រធានសហគមន៍នេះជាងមួយឆ្នាំមកហើយ ព្រោះការធ្វើជាប្រធានសហគមន៍នេះ មិនបានជាប្រយោជន៍អ្វី សម្រាប់រូបលោក ហើយនាំតែរឿងដាក់ខ្លួនឯងពិបាកដោះស្រាយជាញឹកញាប់។
រីឯលោក លី ស្រេង ជាប្រធានដែនជំរកសត្វព្រៃបឹងពែរ និងមានតួនាទីជួយការពារព្រៃឈើដែរនោះ ក៏បានលោកឡើងដែរថា លោកបានប្រគល់នូវការគ្រប់គ្រងទៅឱ្យក្រុមប្រឹក្សាឃុំហើយ ដោយរូបលោកគ្រាន់តែ ជួយជាកម្លាំងអន្តរគមន៍ក្នុងការបង្រា្កបបទប៉ុណ្ណោះ។
បើទោះបីជាយ៉ាងនេះក្តីលោក ជិន ហ៊ីន ជាមេឃុំសាលាវិស័យ បានញ្ជាក់ដែរថា រូបលោកមិនស៊ីជម្រៅលើការគ្រប់គ្រងដីព្រៃនេះនោះទេ ព្រោះសិទ្ធិអំណាចនៃការគ្រប់គ្រងទាំងអស់ គឺស្ថិតនៅលើការគ្រប់គ្រងរបស់លោកប្រធានសហគមន៍ និងលោក លី ស្រេង ដដែល។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះដីព្រៃដែលកំពុងកាប់ទន្ទ្រាន និងដុតជាបណ្តើរៗ ហើយនឹងរៀបចំដាំយកដីជាកម្មសិទ្ធិ ហើយមានដីមួយចំនួន ត្រូវបានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រាប់ថាលោក លោក សោម សុភ័ក្រ និងលោក លី ស្រេង រៀបចំលក់ឱ្យឈ្មួញមានលុយជាបន្ត បន្ទាប់ទៀតផងដែរ៕