(ភ្នំពេញ)៖ ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក (រ៉ូបូតវៃឆ្លាត ទីក្រុងវៃឆ្លាត និងកុមារវៃឆ្លាត) សម្រាប់ជុំប្រកួតនៅកម្ពុជាឆ្នាំ២០១៩នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ដោយមានការចូលរួមពីសំណាក់យុវជនឆ្នើមរបស់កម្ពុជា ដើម្បីធ្វើការប្រកួតដណ្ដើមយកពានរង្វាន់ និងឱកាសធ្វើជាតំណាងប្រទេសកម្ពុជាឡើង ទៅប្រកួតនៅជុំអន្តរជាតិ នៅក្នុងប្រទេសហុងគ្រី នៅចុងឆ្នាំនេះ។
ការប្រកួតប្រជែងនេះ បែងចែកជាពីរវិញ្ញាសាគឺ ទី១៖ ការប្រកួតលើវិញ្ញសាទូទៅ តាមរយៈការប្រើរ៉ូបូត LEGO Mindstorm និង ទី២៖ វិញ្ញាសាសេរី ដែលតម្រូវឱ្យបេក្ខជនប្រើគំនិតច្នៃប្រឌិត និងបង្កើតដំណោះស្រាយថ្មី សម្រាប់ការបង្កើតទីក្រុងប្រកបដោយនិរន្តរភាព នៅថ្ងៃអនាគត តាមរយៈការប្រើប្រាស់គ្រឿងរ៉ូបូត និងកម្មវិធីរ៉ូបូតគ្រប់ប្រភេទ។ បេក្ខជនកម្រិតកុមារ (១៣-១៥ឆ្នាំ) និងយុវជន (១៦-១៩ឆ្នាំ) គឺអាចចូលរួមប្រកួតនៅក្នុងវិញ្ញាសាទាំងពីរនេះបានដូចគ្នា។
បន្ទាប់ពីការត្រៀមរៀបចំបង្កើតកម្មវិធីសាកល្បង និងធ្វើតេស្តអស់រយៈពេលជាច្រើនខែមក យើងខ្ញុំសូមគោរពអញ្ជើញសិស្សានុសិស្ស អ្នកគ្រូ លោកគ្រូ មាតាបិតា និងសាធារណជន មេត្តាចូលរួមលើកទឹកចិត្តបេក្ខជន នាឱកាសនេះ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨៖០០តទៅ។
ក្រោមគម្រោង «រ៉ូបូតកម្ពុជា» និងរៀបចំដោយអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក នេះជាឆ្នាំទីពីរហើយ ដែលការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក សម្រាប់ជុំប្រកួតនៅកម្ពុជាត្រូវបានរៀបចំឡើង។
យើងខ្ញុំសូមបន្តថ្លែងអំណរដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលចូលរួមទទួលស្គាល់ថា រ៉ូបូតគឺជាវិធីសាស្រ្តដ៏រីករាយមួយដើម្បីបណ្ដុះសា្មរតីយុវជនកម្ពុជា ឱ្យចូលចិត្តការសិក្សាមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ សូមថ្លែងអំណរគុណផងដែរដល់ដៃគូសហការឧបត្ថម្ភ ដែលមានដូចជា iOne UBTECH និង BRIGHT ដែលបានចូលរួមលើកកម្ពស់ការអប់រំរ៉ូបូត និងរួមចំណែកកសាងអនាគតប្រទេសកម្ពុជា ប្រកបដោយភាពត្រចះត្រចង់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ អង្គការពិព័រណ៌វិទ្យាសាស្រ្តកម្ពុជា តាមរយៈអ៊ីមែល [email protected] ទូរស័ព្ទ 023 72 72 62 ឬវេបសាយhttp://www.stemcambodia.ngo/world-robot-olympiad/ ៕