(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ច្បាស់ណាស់នឹងផ្ដល់ផលប៉ះពាល់ដល់ប្រទេសដទៃទៀតលើពិភពលោក ប្រសិនបើសង្គ្រាមនេះមានរយៈពេលវែង ប៉ុន្ដែស្រប់ពេលជាមួយសង្គ្រាមនេះ ក៏បានផ្ដល់ឱកាសដ៏ល្អដល់ប្រទេសកម្ពុជា ក្នុងការវិនិយោគ និងនាំចេញ។
លោក គី សេរីវឌ្ឍន៍ បានអះអាងថា «ច្បាស់ណាស់សង្គ្រាមពាណិជ្ជកម្មរវាងប្រទេស មហាអំណាចសេដ្ឋកិច្ចទាំង២ នឹងមានផលប៉ះពាល់ ដល់បណ្ដាប្រទេសផ្សេងៗលើពិភពលោក ជាក់ស្ដែងដូចជាប្រទេសកូរ៉េកំពុងប្រឈមក្នុងវិបត្តិនេះ។ បញ្ហាប្រឈមត្រង់ថា មានរបាំងនាំចេញពីប្រទេសចិន ទៅអាមេរិកជាប់របាំងពន្ធ ចំណែកទំនិញមួយចំនួនដែលនាំពីកូរ៉េយកទៅផលិតនៅចិន ដើម្បីនាំទៅអាមេរិកនោះក៏ត្រូវផ្អាកផងដែរ»។
ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្ថែមថា ទាំងនេះជាផលប៉ះពាល់ជាក់ស្ដែង បើក្រឡែកមកមើលប្រទេសកម្ពុជាវិញក៏ដូចគ្នាដែរ ទោះបីកម្ពុជាមិនបាននាំអ្វីទៅប្រទេសចិនក្ដី ប៉ុន្ដែកម្ពុជាបាននាំចូលពីប្រទេសចិនមកវិញ ប្រសិនបើគិតពីផលប៉ះពាល់ពីការនាំចេញពីកម្ពុជាទៅចិនមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ប៉ុន្ដែបញ្ហាមួយទៀត គឺការវិនិយោគរបស់ចិន។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះចំនួនអ្នកវិនិយោគ និងអ្នកទេសចរចិនមកកម្ពុជាច្រើន ប្រសិនបើធៀបជាមួយនឹងទេចរណ៍បរទេស ទោះបីភ្ញៀវចិនច្រើន ក៏មិនច្រើនលើសបរទេសដែរ ព្រោះភ្ញៀវចិនមានត្រឹមតែ២លាននាក់ ក្នុងឆ្នាំ២០១៨។ ប៉ុន្ដែភ្ញៀវទេសចរមកពីបណ្ដាប្រទេសផ្សេងៗ ដែលមានរហូតដល់៦លាននាក់ តែប្រសិនបើភ្ញៀវអត់មានចំណូល ដោយសារតែការងារត្រូវបានផ្អាក, សេដ្ឋកិច្ចចិនមានការធ្លាក់ចុះ ដូច្នេះភ្ញៀវទេសចរចិននឹងផ្អាក ការដើរកំសាន្ដមកកម្ពុជាធ្វើឲ្យកម្ពុជា បាត់បង់ចំណូលមួយចំនួនពីភ្ញៀវទេចរ។
លោកបញ្ជាក់ទៀតថា មួយវិញទៀតអ្នកវិនិយោគមកកម្ពុជា ជាអ្នកវិនិយោគចិន ប៉ុន្ដែប្រសិនបើក្រុមហ៊ុនចិន ក្នុងប្រទេសចិនផ្អាកដំណើរការ អាចនឹងមានផលប៉ះពាល់មួយចំនួន ដល់ការវិនិយោគនៅកម្ពុជា ប៉ុន្ដែវាជាឱកាសមួយ នៅពេលដែលរបាំងពាណិជ្ជកម្មរបស់ចិន មិនអាចនាំចេញទៅអាមេរិកបាន តែកម្ពុជាអាចនាំចេញទៅអាមេរិក បានជាឱកាសអាចឲ្យវិនិយោគិន មកដាក់ការវិនិយោគបន្ថែមទៀត ដើម្បីផលិតនៅក្នុងប្រទេសកម្ពុជា ហើយនាំចេញត្រឡប់ទៅវិញ។
លោកបណ្ឌិតឲ្យដឹងទៀតថា ក្នុងពេលដែលអាមេរិក-ចិន កំពុងមានសង្គ្រាមពាណិជ្ជកម្ម កម្ពុជាអាចទាញយកឱកាសរៀបចំ គោលនយោបាយការបរទេសឲ្យទន់ភ្លន់ ដើម្បីសម្រប់សម្រួលជាមួយប្រទេសដទៃទៀត មានន័យថា ទោះបីកម្ពុជាមានដៃគូជាមួយប្រទេសចិនមែន ប៉ុន្ដែយើងមិនមែនចោលប្រទេសដទៃទៀតទេ ដោយកម្ពុជាស្វាគមន៍ទាំងអស់ ចំពោះសហរដ្ឋអាមេរិក, អឺរ៉ុប, ជប៉ុន, កូរ៉េ ក្នុងគោលបំណងរុញកំណើនសេដ្ឋកិច្ច រុញពាណិជ្ជកម្មរបស់កម្ពុជា បង្កើនទំនាក់ទំនងល្អរវាងប្រទេសទាំងនោះ ដូច្នេះកម្ពុជាអាចរក្សាបាននូវស្ថានភាពសេដ្ឋកិច្ច មិនឲ្យមានផលប៉ះពាល់ នៅពេលសេដ្ឋកិច្ចចិនមានគ្រោះថ្នាក់។
លោកបណ្ឌិតបន្ដថា «ដូច្នេះក្នុងន័យនេះចង់បញ្ជាក់ថា យើងមិនមែនចង់បានតែចិនមួយជាដៃគូរ ទៅរើសអើងប្រទេសដទៃនោះឡើយ ហើយខ្ញុំក៏បានមើលទៅលើគោនយោបាយ របស់រាជរដ្ឋាភិបាលក៏មិនមានការរើសអើងដែរ។ សម្រាប់ខ្ញុំនៅតែមានគំនិតវិជ្ជាមានថា ប្រទេសដទៃៗទៀតនៅតែរាប់អានកម្ពុជា ហើយកម្ពុជានៅតែបើកបេះដូងសម្រាប់ប្រទេសដទៃទៀត»៕