(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះថា ឃាតកដែលសម្លាប់ក្មេងប្រុសស្រីពីរនាក់បងប្អូនបង្កើត នៅស្រុកព្រៃនប់ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីបញ្ចប់ការសួរនាំ និងកសាងសំណុំរឿងរួចរាល់នោះ ជនដៃដល់ឈ្មោះ ម៉ាង វិចិត្រ ដែលបានធ្វើសកម្មភាពសម្លាប់ ក្មេងពីរនាក់បងប្អូន នៅស្រុកព្រៃនប់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនទៅតុលាការហើយ នៅរសៀលនេះដើម្បីបន្ដនីតិវិធីទៅតាមផ្លូវច្បាប់»។
គួរជម្រាបថា ជនដៃដល់ដែលសម្លាប់ក្មេងតូចទាំងពីរនាក់ គឺជាមុខសញ្ញាដ៏គ្រោះថ្នាក់មួយ និងបានប្រព្រឹត្តបទល្មើសជាបន្ដបន្ទាប់ពីអតីតកាល រហូតសមត្ថកិច្ចចាប់ខ្លួន និងជាប់ពន្ធនាគារទៀតផង។
មុនពេលកើតហេតុជនដៃដល់រូបនេះ អង្គុយផឹកស្រាស នៅផ្ទះបានកន្លះលីត្រ ក៏ប្រើឲ្យប្រពន្ធរបស់ខ្លួន ជាស្ដ្រីមេម៉ាយកូន ៥នាក់ ទៅទិញពងទាកូនសម្រាប់ក្លែម។ ដោយសារតែប្រពន្ធទៅយូរពេក ខ្លួនបានបន្ដផឹកស្រារហូតដល់មួយលីត្រកន្លះ រួចក៏ដើរទៅតាមប្រពន្ធ ពេលឃើញក្មេងស្រីរងគ្រោះនៅក្នុងផ្ទះក៏ចូលទៅចាប់ទាំងកម្រោល និងប្រើហិង្សារហូតនាងស្លាប់ ពេលនេះកុមារាជាប្អូនបានឃើញដូច្នេះក៏ស្រែចយំ ស្រាប់តែរូបគេបានទះកំផ្លៀង៥-៦ដៃ ហើយទាត់ផ្ទប់ជញ្ជាំងស្លាប់មួយរំពិច មុននាំប្រពន្ធគេចខ្លួនទៅកាន់ស្រុកកំណើត នៅឯស្រុកមេសាង ខេត្តព្រៃវែងតែម្ដង។
ប្រតិបត្តិការបង្ក្រាបឃាតករូបនេះ បានធ្វើឡើងដោយកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាន ដោយមានកិច្ចសហការពីនគរបាលខេត្តព្រះសីហនុ នគរបាលរាជធានីភ្នំពេញ នគរបាលខេត្តស្វាយរៀង និងនគរបាលខេត្តព្រៃវែង។
អំពើឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ដោយកុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុជិត១០ឆ្នាំ៕