(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីនាំយកអំណោយសង្គ្រោះបន្ទាន់ របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គិភ័យ កាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្រុម១៨ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរូមពីអភិបាលរងក្រុង ចៅសង្កាត់លេខ១ ព្រមទាំងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។
នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្តក៏បានផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ និងនិន្នាការនយោបាយ គឺធ្វើយ៉ាងណាត្រូវជួយប្រជាពលរដ្ឋរងគ្រោះ ឱ្យបានទាន់ពេលវេលាមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ អត់បាយដោយសារយើងមិនដឹងនោះទេ។
បន្ថែមលើនេះ ឱកាសនោះលោកអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នូវបញ្ហាអគ្គិភ័យ និងគ្រោះធម្មជាតិផ្សេងៗទៀត ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួមគោរពច្បាប់ចរាចរណ៍។
ចំពោះអំណោយកាកបាទក្រហមកម្ពុជា ដែលបានចែកជូនគ្រួសាររងគ្រោះអគ្គិភ័យរួមមាន៖ អង្ករ ៥០គីឡូក្រាម, តង់១, មី១កេស, ត្រីខ ១០កំប៉ុង, កន្ទេល១ ឃីតមួយកញ្ចប់ (ក្រមា០១, មុង០១, ភួយ០១, សារ៉ុង០១) និងថវិកា ១,០០០,០០០រៀល។
ដោយឡែកអំណោយរបស់សង្កាត់លេខ១ មាន អង្ករ ៥០គីឡូក្រាម, មី០១កេស, កន្ទេល០២, ទឹកត្រី ០២យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ប៊ីចេង ០១គីឡូក្រាម, ប្រេងឆា ០២ដប និងថវិកា ៣០០,០០០រៀល។ ចំណែកសាលាខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកា ១,០០០,០០០រៀល។
លោក យន្ត មីន ក៏បានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០០ដុល្លារសហរដ្ឋអាមេរិក និងមានសប្បុរសជន បានចូលជារួមថវិកាបន្ថែមមួយ ចំនួនទៀត លោកក៏បានចូលរួមសោកស្តាយ ចំពោះគ្រោះមហន្តរាយដោយអគ្គិភ័យកាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ផងដែរ។
កាលពីវេលាម៉ោង៨៖៣០នាទី អគ្គិភ័យមួយករណី បានកើតឡើងដោយបានឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង មានទីតាំងនៅម្តុំជិតផ្សារទំនប់រលក ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។
ក្រោយកើតហេតុសមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យបានចេញរថយន្តទឹកទៅអន្តរាគមន៍ពន្លត់ភ្លាមៗ ដោយប្រើពេលជិតកន្លះម៉ោង ទើបអាចគ្រប់គ្រងភ្លើង មិនឱ្យបន្តឆេះរាលដាល ហើយភ្លើងបានរលត់ទៅវិញនៅម៉ោងជាង ៩យប់ ថ្ងៃដដែល។
សមត្ថកិច្ចឱ្យដឹងថា អគ្គិភ័យនេះ បានបណ្តាលឱ្យផ្ទះ របស់ប្រជាពលរដ្ឋចំនួន២ខ្នង រងការខូចខាត និងមិនមានមនុស្សរងគ្រោះថ្នាក់ទេ។
ចំណែកមូលហេតុ នៃការឆេញភ្លើងបិញ សមត្ថកិច្ចអះអាងជាជំហ៊ានបឋមថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕