(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើយ៉ាងណាបង្កើតប្រជាការពារ នៅតាមភូមិនីមួយៗបន្ថែមទៀត នៅទូទាំងខេត្ត ឱ្យបាន៤០០០នាក់ ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការ នៃកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ការលើកឡើងបែបនេះ របស់លោក អ៊ុន ចាន់ដា បានធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកអញ្ជើញ ចែកឯកសណ្ឋាន និងសម្ភារជូនប្រជាការពារចំនួន៧២នាក់ មកពី៦ភូមិ ក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងនគរបាលខេត្ត លោក ពឹង ទ្រីដាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុករវៀង ព្រមទាំងមន្ត្រីជាច្រើនរូបផងដែរ។
បន្ថែមពីនេះ លោក អ៊ុន ចាន់ដា បានថ្លែងថា ទោះបីប្រទេសជាតិស្ថិតក្នុងសុខ សន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន គ្មានការរំលោភបំពាន ពីសំណាក់បរទេសណាក៏ដោយ ក៏ប៉ុន្តែការងារសន្តិសុខផ្ទៃក្នុង ជារឿងមួយដែលយើងទាំងអស់គ្នាជាមន្ត្រីរាជការ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែងរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសគឺសេវាសន្តិសុខនេះតែម្តង។
នៅក្នុងឱកាសនោះដែរលោកអភិបាលខេត្ត ក៏បានដាក់ជាសំណួរថា យើងមានប៉ូលីសហើយ មានប៉េអឹមហើយ មានយោធាហើយ ហេតុអីចាំបាច់ត្រូវមានប្រជាការពារទៀត? លោកថាពីមុនយើងហៅថាឈ្លប ឬសេនាជន ប៉ុន្តែឥលូវនេះយើងហៅថាប្រជាការពារ បានន័យថា ការពារប្រជាជន ប៉ុន្តែដើរតួនាទីមិនមែននគរបាលយុត្តិធម៌ទេ គឺជាភ្នាក់ងារដែលផ្តល់ព័ត៌មានឱ្យនគរបាលយុត្តិធម៌?។
លោកបានបញ្ជាក់ថា ប្រជាការពារដើរតួសំខាន់ណាស់ ដែលជាសេនាធិការ ដ៏មានសារះសំខាន់ឱ្យគណៈបញ្ជាការឯកភាពស្រុក-ក្រុង ហើយប្រជាការពារត្រូវឱ្យមានក្នុងមួយភូមិយ៉ាងហោចណាស់ចំនួន១២នាក់ និងត្រូវធ្វើប៉ុស្តិ៍យាមជាប្រចាំថែមទៀតផង។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនជាប្រជាការពារត្រូវដើរតួនាទីជាសេនាធិការឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលនៅ និងកន្លែងរបស់យើង ត្រូវចូលរួមទប់ស្កាត់នូវបទល្មើសនានាដូចជា៖ បទល្មើសធនធានធម្មជាតិ និងបទល្មើសធនធានរ៉ែ ត្រូវចូលរួមសហការផ្តល់ព័ត៌មាន នូវការជួញដូរ ការប្រើប្រាស់គ្រឿងញៀន នៅក្នុងសហគមន៍ និងជាពិសេត្រូវគោរពច្បាប់ចរាចរណ៍ផងដែរ។
លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងនូវការអរគុណដល់លោក ពឹង ទ្រីដា ប្រធានក្រុមការងារខេត្ត ចុះជួយស្រុករវៀង ដែលបានចំនាយថវិកាទិញឯកសណ្ឋាន និងសម្ភារជូនដល់ប្រជាការពារ ក្នុងស្រុក ហើយក្នុងនាមរដ្ឋបាលខេត្តលោក ក៏បានឧបត្ថម្ភថវិកា ដល់ប្រជាការពារ លោកមេភូមិ-មេឃុំ និងសមត្ថកិច្ចដែលចូលរួមក្នុងម្នាក់ៗ ៣ម៉ឺនរៀល ផងដែរ៕