(ចិន)៖ ក្រុងប៉ៃលិនរបស់កម្ពុជា ដែលជាទីក្រុងល្បីល្បាញកាលពីអតីតកាលនោះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចងសម្ព័ន្ធមេត្រីភាពគ្នា ជាមួយទីក្រុង Lenfin ខេត្ត Shanxi នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន៤ចំណុច ដើម្បីផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សិក្សាអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល បណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញឱ្យមានការរីកចម្រើនរួមគ្នា។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពគ្នានេះ បានធ្វើឡើង នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុង Lenfin ដោយភាគីខេត្តប៉ៃលិន តំណាងដោយ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន, លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ហើយភាគីចិន តំណាងលោក Dong Yibing អភិបាលក្រុង Lenfin ខេត្ត Shanxi។
លោក ផាន់ ចាន់ធុល បានលើកឡើងថា នេះជាការបោះជំហានទៅមុខរបស់រដ្ឋបាលក្រុងប៉ៃលិន ក្នុងការចាប់ដៃចងសម្ព័ន្ធភាព លើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងដ៏ធំរបស់មិត្តចិន ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍទីក្រុង ឱ្យកាន់តែវិវឌ្ឍន៍រីកចម្រើនស្របតាមគោលនយោបាយ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលដាក់ចេញដោយប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង។
អភិបាលខេត្តប៉ៃលិន បានបន្តថា ផ្តើមចេញពីទំនាក់ទំនងការទូតដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ កាន់តែមានភាពស៊ីជម្រៅ ស្អិតល្មួតលើគ្រប់វិស័យចាប់តាំងពីកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ ជាពិសេសបន្ទាប់ពីជំនួបថ្នាក់ដឹកនាំកំពូលរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីននៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះផងដែរ លោក Dong Yibing អភិបាលក្រុង Lenfin បានថ្លែងអំណរគុណ ដល់ព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការគាំទ្រគោលនយោបាយចិនតែមួយ និងចូលរួមយ៉ាងសកម្មសម្រាប់ផែនការផ្លូវមួយ ខ្សែរក្រវ៉ាត់មួយ របស់លោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានចាត់ទុកមិត្តភាពកម្ពុជា-ចិន គឺជាមិត្តដ៏ល្អ ជាដៃគូរួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមកអស់រយៈពេលជាង៦០ឆ្នាំមកហើយ។
លោកអភិបាលក្រុងបានបន្តថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលទីក្រុងទាំង២ បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីជាមួយគ្នា គឺឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ផ្លាស់ប្តូរបទពិសោធន៍ ក្នុងការអភិវឌ្ឍទីក្រុង។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងដែលភាគីទាំងបានចុះហត្ថលេខា បានបកចេញជា៣ភាសា គឺភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេស មានដូចជាទី១៖ ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សិក្សាអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល បណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញឱ្យមានការរីកចម្រើនរួមគ្នា, ទី២៖ សម្របសម្រួលឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច របស់តំណាងរបស់ខ្លួនទៅវិញទៅមក, ទី៣៖ ភាគីទាំង២រក្សាទំនាក់ទំនងជាប្រចាំ ដើម្បីនិរន្តរភាពនៃការសងម្ព័ន្ធមេត្រី និងជំរុញឱ្យមានកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំរដ្ឋបាល និងមន្ទីរវិស័យពាក់ព័ន្ធ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរជាទ្វេរភាគី ក្នុងករណីដែលភាគីទាំងពីរ មានចំណាប់អារម្មណ៍ ដោយគោរពតាមច្បាប់នៃប្រទេសទាំងពីរ និងទី៤៖ ភាគីទាំងពីរ បានត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋាន សមភាព និងផលប្រយោជន៍របស់ភាគីទាំងពីរ៕