(ភ្នំពេញ)៖ «នំបញ្ចុកខ្មែរ» បានក្លាយទៅជាប្រធានបទកំពុងតែពេញនិយម និងក្តៅគគុក នៅក្នុងសង្គមខ្មែរ ដោយសារតែនំបញ្ចុកពេលនេះ បានក្លាយទៅជារបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផង និងអតីតក្រុមប្រឆាំងផង។
ក្រុមប្រឆាំងមួយចំនួន ដែលមានចេតនាមិនល្អ បានប្រើប្រាស់ «យុទ្ធនាការហូបនំបញ្ចុក» ដើម្បីកៀរគរកម្លាំងអតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិមកជួបជុំគ្នា យកឱកាសហូបនំបញ្ចុកនេះ ដើម្បីនិយាយពីការរៀបចំផែនការបះបោរ និងរៀបចំផែនការរង់ចាំស្វាគមន៍ ទណ្ឌិត សម រង្ស៊ី ដែលប្រកាស វិលចូលស្រុកវិញនៅឆ្នាំ២០១៩ នេះ ក្នុងគោលដៅបង្កឱ្យមានការបែកបាក់ជាតិជាថ្មី។
ឆ្លើយតបទៅនឹងយុទ្ធនាការបែបនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការហូរនំបញ្ចុកមិនអាចក្លាយទៅជាការបំបែកបំបាក់ជាតិនោះទេ ហើយសម្ដេចក៏បានណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការងឿងឆ្ងល់ ចំពោះក្រុមអតីតបក្សប្រឆាំង ដែលយករឿងនំបញ្ចុកមកធ្វើជារឿងនយោបាយ រហូតដល់បង្កើតជាកម្មវិធី ហូបនំបញ្ចុក ហើយចាត់ទុកថា អ្នកដែលទទួលទាននំបញ្ចុកជាអ្នកស្នេហាជាតិ និងគាំទ្រគណបក្សប្រឆាំងដែលស្លាប់ទៅនោះទៅវិញ។ យ៉ាងណាក៏ដោយដើម្បីឲ្យប្រជាពលរដ្ឋអស់មន្ទិលសង្ស័យ សម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នាំគ្នារៀបចំពិធីហូបនំបញ្ចុកទាំងអស់គ្នាតែម្ដង ដើម្បីបង្ហាញអំពីការសាមគ្គីជាតិ មិនមែនជាការបំបែកបំបាក់ជាតិ។
តើនំបញ្ចុកខ្មែរមានប្រវត្តិបែបណា? ហេតុអ្វីបានជាកម្ពុជាមាននំបញ្ចុកនេះ? អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវដំណើរដើមទង នៃប្រវត្តិនំបញ្ចុក ដែលបានស្រាវជ្រាវដោយ អ្នកនិពន្ធ និងបញ្ញវ័ន្តខ្មែរ មកធ្វើការបង្ហាញដូចទៅ៖
យោងតាមការស្រាវជ្រាវរបស់ លោកស្រី កែវ ច័ន្ទបូរណ៍ បានឱ្យដឹងថា ការពិតទៅ ! នំបញ្ចុកមានឈ្មោះដើមថា «នំប៉ែនចុក» គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរ ហើយបុកលាយ ទឹករួចយកទៅចាក់ក្នុងប៉ែន ទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យ ឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។ បន្ទាប់មកគេហៅកាត់ៗថា «នំបញ្ចុក» មិនខុសអំពីពាក្យខ្មែរជាច្រើន ដោយបានហៅកាត់ៗ ដូចជា ជើងក្រានក្លាយ «ចង្ក្រាន», ជាន់ដើរ ក្លាយ «ជណ្ដើរ», កាន់ជ្រែង ក្លាយជាកញ្ច្រែង, កាន់ត្រក ក្លាយកន្ត្រក, ពីរថែមដប់ ក្លាយពីរដណ្ដប់ ជាដើម។
រឿងនំបញ្ចុកនេះ មានសេចក្ដីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារ ដើម្បីចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំស្រូវល្អដូចគេដទៃទៀតបាន។
ស្រូវវារ ជាប្រភេទស្រូវដែលផ្ដល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិច ពេលបុកសម្រិតរួចហើយ ដោយសារអង្ករនោះ រឹងពេកដាំបាយឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំ ឲ្យមានជាតិទន់បន្តិច ដើម្បីបរិភោគស្រួលទំពា និងណាមួយទៀត នៅតំបន់ដែលពួកគាត់រស់នៅ សំបូរត្រីផងផងដែរ ទើបនាំគ្នាពីរនាក់ប្ដីប្រពន្ធ បង់ត្រីមកធ្វើជាប្រហុក ធ្វើត្រីឆ្អើរ រក្សាទុកបានយូរ សម្រាប់ឆីជាអាហារ។
ម៉្យាង អង្ករស្រូវវារ ជាអង្ករដែលអ្នកស្រែ ដែលអាចយកមកធ្វើជានំបញ្ចុកនេះបានល្អ ហើយបានចំនួនច្រើនជាងអង្ករស្រូវស្រែធម្មតាទៀតផង។
ថ្ងៃមួយ នារដូវប្រាំង ទំនេរពីការងារនៅស្រែ អ្នកស្រែជាប្រពន្ធ បានបុកអង្ករស្រូវវារ បានបែកគំនិត យកអង្ករស្រូវវារនេះ ធ្វើជានំសរសៃស ចាប់ជាចង្វាយ រួចហើយក៏ស្រូបនឹងទឹកសម្លប្រហើរត្រីឆ្អើរ ដាក់ប្រហុក ខ្ទិះដូង ថែមល្បោយបន្លែ ដែលគាត់បេះ បាននៅតាមវាលស្រែ ឬក្នុងចម្ការក្រោយផ្ទះ។ លុះអ្នកស្រែជាប្ដីពិសាហើយ ក៏កើតជំងឺរាគរូស ព្រោះនំបញ្ចុកនោះ ធ្វើអំពីអង្ករត្រាំទឹកយូរ មួយវិញទៀត ដោយសារបន្លែស្រស់ខ្លះ បេះពីព្រៃមានជីវជាតិជូរ ឬត្រជាក់ ដូចជាល្ហុង ត្រួយត្រកួនស្រស់ ត្រួយកន្ធំថេត ផ្កាកំប៉ោក ផ្កាស្នោជាដើម ទើបអ្នកស្រែជាប្រពន្ធបែកគំនិត បន្ថែមត្រយូងចេក ជាជំនួយ ជាល្បោយនំពិសាហើយ ក៏លែងការរាគរូសដូចមុនទៀត។
ពួកគាត់ទាំងពីរនាក់បានប្រសិដ្ឋនាមនំនោះឈ្មោះថា «នំសរសៃស្រូវវារ» នៅពេលដែល អ្នកស្រែយើង ធ្វើនំសរសៃស្រូវវារនេះម្ដងៗ ហើយពួកគាត់តែងតែយកម្រាមដៃ ជាចង្កើះ ស្រវាចាប់នំបរិភោគ បញ្ចុកចូលមាត់ជាទម្លាប់ធម្មតា តាមជីវភាពរស់នៅបែបអ្នកស្រែក្រីក្រ និងតែងតែដួសផ្ញើញាតិសន្ដានក្នុងភូមិឲ្យពិសាឆ្ងាញ់មាត់គ្រប់គ្នាផងដែរ ។
លុះអ្នកភូមិបានភ្លក់ស្នាដៃរបស់ពួកគាត់ហើយឃើញថាឆ្ងាញ់ អ្នកស្រុកក៏បានមកសុំរៀនក្បួនធ្វើនំ និងក្បួនធ្វើទឹកសម្លស្រូបពីគាត់ ដើម្បីយកទៅផ្សំឆ្នៃធ្វើទឹកសម្លកំដរនំឆីតាមផ្ទះ តាមភូមិ តាមចំណូលចិត្តរៀងៗខ្លួនជាបន្តៗរៀងមក។
លុះអ្នកទាំងពីរចាស់ជរាបន្តិចទៅ អ្នកស្រែទាំងពីរនាក់ប្ដីប្រពន្ធនេះ មិនអាចប្រកបរបរធ្វើស្រែបាន ព្រោះគ្មានកូនចៅបន្តការងារក្នុងស្រែជំនួសពួកគាត់បាន អ្នកទាំងពីរក៏ដូរមុខរបរ មករែកនំបញ្ចុកនេះ លក់តាមភូមិតិចតួច ដើម្បីចិញ្ចឹមជីវិតរៀងរាល់ថ្ងៃ តាមដំណើរជីវិតសុចរិតរបស់ពួកគាត់។
ដល់នៅថ្ងៃមួយ មានរាជកុមារវ័យប្រមាណ៧វស្សា នាំពលសេនាជិះសេះដើរលេង នៅតាមស្រុកភូមិ ក៏បានប្រទះឃើញ អ្នកស្រុកចោមរោម អ្នកស្រែលក់នំសរសៃស្រូវវារនេះ ហើយអួតថាឆ្ងាញ់មាត់គ្រប់គ្នា រួចរាជកុមារក៏ចង់សាកមើលនឹងគេដែរ តែដោយតំបន់នោះ មានភាពក្រីក្រ គេឆីនំសរសៃស្រូវវារនេះនៅនឹងម្រាមដៃគ្រប់ៗគ្នា ម្ល៉ោះហើយរាជកុមារក៏ប្រែចិត្តរារែក មិនហ៊ានសាកល្បង ព្រោះខ្លាចប្រឡាក់ដៃ។
រីឯអ្នកស្រែទាំងពីរនាក់ កាលបើបានដឹងថា រាជកុមារចង់សោយនំរបស់ខ្លួន ក៏ទូលសុំឲ្យស្នំឯក ដែលជាមេដោះរបស់រាជកុមារ យកដៃចាប់នំសរសៃស្រូវវារទៅបញ្ចុករាជកុមារនោះ។ ដោយការចង់ដឹង នូវរសជាតិសម្លដ៏សែនឈ្ងុយឈ្ងប់ប្លែកពីធម្មតា រាជកុមារក៏យល់ព្រមឲ្យស្នំឯកបញ្ចុក។
ពេលនេះ រាជកុមារក៏មានសេចក្ដីសោមនស្សនឹងរសជាតិនំសរសៃស្រូវវារដ៏ឆ្ងាញ់មួយចាននោះ ក្រៃលែង ព្រមទាំងប្រទានរង្វាន់មួយចំនួនដល់អ្នកស្រែដែលធ្វើនំឆ្ងាញ់ពីរនាក់ប្ដីប្រពន្ធនោះ។
នៅពេលរាជកុមារ យាងត្រឡប់ទៅរាជវាំងវិញ ក៏តែងតែទទូចឲ្យព្រះមាតា តាមរកទិញ «នំដែលស្នំបញ្ចុក» នោះពីអ្នកស្រែ យកមកសោយនៅក្នុងរាជវាំង។ ដោយសារខ្ជិលដេញស្នំឲ្យរត់ទៅទិញនំ ពីអ្នកស្រែនោះជារៀងរាល់ព្រឹក ក៏ឲ្យរាជបុត្រជាទីស្រឡាញ់ព្រះរាជមាតាបញ្ជា ឲ្យសេនា ទៅគាស់ហៅ អ្នកស្រែទាំងពីរនាក់ប្ដីប្រពន្ធនោះ មកធ្វើនំសម្រាប់រាជកុមារសោយជាប្រចាំក្នុងរាជវាំង រៀងរហូតទៅ។
ចំណេរតមកទៀត ឈ្មោះ «នំសរសៃស្រូវវារ» ក៏លែងមាននរណាហៅតទៅទៀតដែរ គឺគេទម្លាប់នាំគ្នា ហៅថា «នំដែលស្នំបញ្ចុក» ជាជំនួសវិញយ៉ាងមានប្រជាប្រិយ តែយូរៗក្រោយមកទៀត ក៏ត្រូវគេហៅកាត់ៗខ្លីៗថា «នំបញ្ចុកៗ» បន្តរៀងរហូតមកដល់សព្វថ្ងៃនេះ។
មួយវិញទៀត តាមរយៈអក្សរសិល្ប៍ខ្មែររឿង «ធនញ្ជ័យ» ក៏បានឲ្យយើងដឹងដែរថា «នំបញ្ចុក» មានដើម កំណើតយូរយារណាស់មកហើយ នៅលើទឹកដីកម្ពុជា និងថែមជាឫសគល់នៃដើមកំណើតរបស់ «គុយទាវ» ចិនទៀតផង។ ប៉ុន្តែចម្លែកដែលប្រទេសថៃហៅនំនេះថា ខៈណុមជីន ដែលមានន័យថា «នំរបស់ជនជាតិចិន» ខណៈដែលប្រទេសលាវ ហៅថា (ខោពុន)» ដែលប្រហែលជាមានន័យថា «នំដែលទទួលទានហើយធ្វើឲ្យហើមពោះ» ទៅវិញ៕