(ស្វាយរៀង)៖ នំបញ្ចុកជាអាហារមួយបែបរបស់ខ្មែរ ដែលមានមនុស្សចាស់ក្មេងនិយមហូបស្ទើររាល់ថ្ងៃ ដែលអាហាមួយប្រភេទនេះ មានរសជាតិឆ្ងាញ់ ធ្វើឲ្យពលរដ្ឋខេត្តស្វាយរៀង នាំគ្នាហូបរៀងរាល់ព្រឹក និងក្នុងពិធីបុណ្យទានផ្សេងផងដែរ។

ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះថា ជារៀងរាល់ព្រឹកពួកគាត់តែងតែនាំគ្នា ហូបនំបញ្ចុកនៅតាមហាង និងតូបនានាក្នុងខេត្ត និងតាមបណ្តាស្រុកក្រុង នៃខេត្តស្វាយរៀង។ អ្នកខ្លះចូលចិត្តហូបនំបញ្ចុកសម្លខ្មែរ មានក្បាលត្រី និងអ្នកខ្លះទៀតចូលចិត្តទឹកសម្លការីជាដើម មានល្បោយជាបន្លែជាច្រើនមុខ ដែលនាំឲ្យរសជាតិនំបញ្ចុក រឹតតែឈ្ងុយឆ្ងាញ់។

ប្រជាពលរដ្ឋបានឲ្យដឹងថា ការធ្វើនំបញ្ចុកនាពេលបច្ចុប្បន្ននេះ ពុំសូវមានការលំបាកដូចសម័យមុនទេ ដោយគេផលិតដោយម៉ាស៉ីនប្រើមនុស្សតិច បានផលច្រើនមិនដូចកាលពីមុនពលរដ្ឋធ្វើនំបញ្ចុកម្តងៗ មានមនុស្សច្រើនទម្រាំបានហូបនំបញ្ចុក ធ្វើដោយអង្ករខ្សាយ។ នំបញ្ចុកនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជនខ្មែរយើង ដោយនៅក្នុងពិធីបុណ្យទានម្តងៗ គេនិយមយកនុំបញ្ចុកធ្វើអាហារសម្រាប់ទទួលភ្ញៀវកិត្តិយស ដោយមានទាំងទឹកសម្លខ្មែរ និងសម្លការីនំប៉័ងជាដើម។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ៣,១៦១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ បានលើកឡើងថា ការហូរនំបញ្ចុកមិនអាចក្លាយ ទៅជាការបំបែកបំបាក់ជាតិនោះទេ ហើយសម្ដេចក៏បានណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នាំគ្នារៀបចំពិធីហូបនំបញ្ចុកទាំងអស់គ្នាតែម្ដង ដើម្បីបង្ហាញអំពីការសាមគ្គីជាតិ មិនមែនជាការបំបែកបំបាក់ជាតិនោះទេ៕