(កោះកុង)៖ អាជ្ញាធរខេត្តកោះកុង បានដឹកនាំគណៈកម្មការចម្រុះ ចុះរុះរើសំណង់អាណាធិបតេយ្យចំនួន១៤ ដែលលួចសាងសង់លំនៅដ្ឋាន នៅលើដីចំណីអូរជាដីរបស់រដ្ឋ ស្ថិតនៅចំណុចស្ពានធារាសាស្រ្ត (ហៅស្ពានទ្វារទឹក) ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ការចុះរុះរើសំណង់អាណាធិបតេយ្យនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ក្រោមការដឹកនាំ លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្ត លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមភូមិន្ទ ដោយមានការសហការពីសំណាក់លោកព្រះរាជ្ញារងសាលាដំបូងខេត្ត រួមនឹងកម្លាំងចម្រុះយ៉ាងច្រើនផងដែរ។
លោក ឈេង សុវណ្ណដា បានប្រាប់ឱ្យដឹងថា សំណង់អាណាធិបតេយ្យដែលត្រូវធ្វើការរុះរើថ្ងៃនេះ មានចំនួន១៤ទីតាំង ធ្វើអំពីឈើមូលសង់អំពីឈើដំបូលប្រក់ស័ង្កសី។ សំណង់អាណាធិបតេយ្យខាងលើនេះ ត្រូវបានជនខិលខូចមកគ្រៀងគរ ឱ្យប្រជាពលរដ្ឋមកសង់នៅដើម្បីឱ្យបានគ្នាច្រើន ហើយសំណង់អាណាធិបតេយ្យ។
បន្ថែមពីនេះ លោកបាបន្តថា ក្នុងរយៈពេល២ថ្ងៃ អាជ្ញាធរក្រុង បានហៅពួកគាត់មកធ្វើកិច្ចសន្យា និងអប់រំណែនាំគាត់មិនត្រូវធ្វើផ្ទះ លើដីសាធារណៈរបស់រដ្ឋទៀតនោះទេ ប៉ុន្តែពួកគាត់នៅតែមិនព្រមស្តាប់ការណែនាំរបស់អាជ្ញាធរ បែរគឃ្លើនធ្វើបន្ថែមទៀត។ ដូច្នេះ ហើយទើបអាជ្ញាធរបើកប្រតិបតិ្តការចុះរុះរើតែម្តង ដើម្បីកុំឱ្យបញ្ហានេះ កាន់តែរីកធំឡើងពិបាកដោះស្រាយផងដែរ។
លោក ផៃធូន ផ្លាមកេសន បានថ្លែងថា មុននឹងចុះរុះរើសំណង់អាណាធិបតេយ្យ ដែលបងប្អូនបានមកលួចសង់ផ្ទះ នៅលើដីសាធារណៈរបស់រដ្ឋ ហើយក្នុងអូរជាផ្លូវទឹកនេះ គឺខាងគណៈកម្មការចម្រុះរុះរើ បានអញ្ជើញពួកគាត់មកណែនាំ២ ឬ៣ដងរួចមកហើយ តែពួកគាត់មិនធ្វើតាមការណែនាំរបស់អាជ្ញាធរទេរិតធ្វើឡើងនៃចំនួនផ្ទះ។
លោកបានបន្តថា ដូច្នេះ ទើបគណៈកម្មការចម្រុះសម្រេចចិត្តចុះរុះរើ មិនឱ្យសាងសង់បន្តទៀតឡើយ ហើយការរុះរើនេះ យើងរក្សាឈើស័ង្ហសីទុកជូនគាត់វិញ អាជ្ញាមិនបានដឹកយកមកសាលាក្រុងទេ ព្រមទាំងធ្វើការណែនាំដល់ពួកគាត់ ឱ្យឈប់ប្រព្រឹត្តកំហុស តាមការញ៉ុះញ៉ុង របស់ជនខិតខូចបន្តទៀត ដែលនាំមកនូវខាតបង់ថវិកា និងពេលវេលា ព្រមទាំងអាចនឹងប្រឈមមុខតាមផ្លូវច្បាប់ណាមួយផងដែរ៕