(ភ្នំពេញ)៖ លោក សន សៃស៊ីផាន់ដន ឧបនាយករដ្ឋមន្ត្រីឡាវ បានបង្ហាញការស្ញប់ស្ញែងចំពោះភាពរីកចម្រើនរបស់កម្ពុជា ព្រមទាំងបានស្នើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គាំទ្រការវិនិយោគរបស់វិនិយោគិនឡាវនៅកម្ពុជាផងដែរ។
ការបង្ហាញនូវការស្ញប់ស្ញែងលើភាពរីកចម្រើនរបស់កម្ពុជានេះ បានធ្វើឡើងក្នុងពេលលោក សន សៃស៊ីផាន់ដន អញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនោះ លោក សន សៃស៊ីផាន់ដន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខអំពីនាយករដ្ឋមន្ត្រីឡាវ ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលកន្លងមកតែងតែជួយគាំទ្រដល់ប្រទេសឡាវ។
ឧបនាយករដ្ឋមន្ត្រីឡាវ ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍អំពីការអភិវឌ្ឍកម្ពុជា ដើម្បីយកទៅអនុវត្តនៅប្រទេសឡាវ។ ក្នុងន័យនេះលោកក៏បានជម្រាបជូនសម្ដេចតេជោ នូវអ្វីដែលជាការកត់សម្គាល់លោកនោះ គឺកម្ពុជានៅពេលនេះ មានការរីកចម្រើនយ៉ាងខ្លាំងជាពិសេសអគារខ្ពស់ៗជាច្រើនបានមានវត្តមានឡើងក្នុងរាជធានីភ្នំពេញ ហើយជីវភាពប្រជាជនក៏មានភាពល្អប្រសើរ ។
លោក សន សៃស៊ីផាន់ដន ក៏បានអរគុណចំពោះសម្ដេចតេជោ ក៏ដូចជារដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រដល់វិនិយោគិនឡាវនៅកម្ពុជា ជាពិសេសធនាគារឡាវ BIC ក៏ដូចជាអ្នកវិនិយោគផ្សេងៗ និងការគាំទ្រដល់ការទិញថាមពលពីឡាវផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសុខទុក្ខពីថ្នាក់ដឹកនាំឡាវ ហើយក៏បានធ្វើការណែនាំថាករណីធនាគារ
ដើម្បីអោយទទួលបាននូវភាពជោគជ័យនោះ គឺធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ដល់ការផ្ដល់កម្ចីដល់វិស័យឧស្សាហកម្ម និងសិប្បកម្ម។ ពាក់ព័ន្ធវិស័យថាមពលវិញ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ភាគីឡាវផងដែរ ដែលឆ្នាំនេះបានលក់អគ្គិសនីឱ្យកម្ពុជា ហើយកំពុងតែប្រើប្រាស់នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំ ក៏ដូចជាផ្តល់នូវអនុសាសន៍ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា និងឡាវ គប្បីណាជំរុញឲ្យមានការរីកចម្រើនកាន់តែធំថែមទៀតជាពិសេសវិស័យទេសចរណ៍ វិស័យវប្បធម៌ និងវិស័យវិនិយោគ ក៏ដូចជាវិស័យសេដ្ឋកិច្ចផង។ លើសពីនោះទៀត ក៏មិនត្រូវកាត់ផ្ដាច់ពីវិស័យថាមពលទេ ដោយសម្ដេចបានមានប្រសាសន៍ថា គប្បីណាលើកយកវិស័យថាមពលជាវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយទាក់ទងនឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គម្បីណាបញ្ជូលទៅលើការទិញដូរ នៃវិស័យថាមអគ្គិសនីនេះផងដែរ៕