(ព្រះសីហនុ)៖ តាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានកើតឡើង ដែលបណ្តាលឱ្យផ្ទះ១ខ្នង ឆេះរាបដល់ដី រីឯផ្ទះ៤ខ្នងផ្សេងទៀត រងការខូចខាតមួយចំនួន។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនាវេលាម៉ោង៨៖២០នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅមុខផែជលផលទំនប់រលក ក្នុងក្រុមទី១៨ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

តាមរបាយការណ៍ដដែលបានឱ្យដឹងថា ករណីអគ្គិភ័យនេះ បានកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី ចេញពីផ្ទះរបស់ប្រជាពលរដ្ឋ ដែលបានចាក់សោរទុកចោល ព្រមទាំងបានរាលដាលឆេះជញ្ជាំងផ្ទះ អ្នកជិតខាងចំនួន៤ខ្នងទៀត ហើយផ្ទះ១ខ្នង ក្នុងចំណោមផ្ទះទាំង៤ខ្នង បានឆេះជញ្ជាំងអស់ប្រហែល៥០% ចំណែក៣ខ្នងទៀត គ្រាន់តែឆេះរោលជញ្ជាំងតែប៉ុណ្ណោះ។

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ចេញអន្តរាគមន៍ពន្លត់ មិនឱ្យរាលដាលដល់ផ្ទះអ្នកជិតខាង ដោយប្រើប្រាស់ទឹកអស់ចំនួន២ឡានផងដែរ៕