(ពោធិ៍សាត់)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីក្រុមការងារ ដោយមានការចូលរួមពី អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ចុះសួរសុខទុក្ខ និងណែនាំដល់ប្រជាពលរដ្ឋ ដែលមកពិនិត្យព្យាបាលជំងឺ និងសម្រាលកូន នៅមន្ទីរពេទ្យបង្អែក ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពីរបៀបនៃការទទួលសាច់ប្រាក់ឧបត្ថម្ភ សម្រាប់ស្ត្រីមកពីគ្រួសារក្រីក្រ ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនមានអាយុក្រោមពីរឆ្នាំ។

លោក ម៉ម ប៊ុនហេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភសាច់ប្រាក់ ជូនស្ដ្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ ដោយស្ដ្រីក្រីក្រ មកពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន៤ដង ម្តងទទួលបាន៤ម៉ឺនរៀល, ពេលសម្រាល ទទួលបាន ២០ម៉ឺនរៀល, ពិនិត្យ និងថែទាំក្រោយសម្រាល និងកូនចំនួន ១០ដង ពោលមានរយៈពេល ១,០០០ថ្ងៃ។

ជាងនេះទៅទៀត ករណីដោយឡែកនៃការផ្តល់សាច់ប្រាក់ឧបត្ថម្ភ គឺករណីរលូតកូន ទទួលបាន ៤ម៉ឺនរៀល (ម្តងគត់) គភ៌អាយុក្រោម១២សប្តាហ៍ និង៤ម៉ឺនរៀលចំនួន២ដង គភ៌អាយុពី ១២-២៤សប្តាហ៍ករណីកូនស្លាប់ពេលសម្រាល ឬក្រោយពេលសម្រាលទទួលបានប្រាក់ឧបត្ថម្ភ ២០ម៉ឺនរៀល ពេលសម្រាល និង៤ម៉ឺនរៀលចំនួន៣ដង ករណីម្តាយស្លាប់ពេលសម្រាល ឬក្រោយពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភ ២០ម៉ឺនរៀល ពេលសម្រាល និង៤ម៉ឺនរៀល ចំនួន១០ដង។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា «ការដែលអនុត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងប្រគល់ដល់ដៃស្ដ្រីក្រីក្រយ៉ាងពិតប្រាកដមែន តាមប្រព័ន្ធធនាគារវីង។ នេះគឺជាការលើកកម្ពស់ សុខុមាលភាពមាតា និងទារក ព្រមទាំងចូលរួមចំណែកកាត់បន្ថយអត្រាឈឺ និងស្លាប់ របស់មាតា និងទារក និងអាហារូបត្ថម្ភដល់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ។ ជាពិសេសបានជំរុញឱ្យស្រ្តីក្រីក្រមានផ្ទៃពោះ និងកូន មកទទួលសេវាថែទាំសុខភាពទៀងទាត់»

រដ្ឋមន្ត្រី ថ្លែងបន្តថា កម្មវិធីឧបត្ថម្ភប្រាក់ប្រមាណ៧៦ម៉ឺនរៀល ដល់ស្រ្តីមកពីគ្រួសារក្រីក្រ គឺចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនមានអាយុក្រោម២ឆ្នាំ គឺបានចាប់ផ្តើមអនុវត្តហើយ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។ ក្នុងដំណាក់កាលដំបូងនេះ មានស្ត្រីកំពុងមានផ្ទៃពោះ និងស្រ្តីសម្រាលកូនហើយ មកពីគ្រួសារក្រីក្រសរុបប្រមាណ ៥ម៉ឺននាក់ និងត្រូវទទួលបានការឧបត្ថម្ភ៕