(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ឌីយ៉ូនីស្យូ ដា កូសតា បាបូ សូរេស (Dionisio da Costa Babo Soares) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសគំរូមួយ ក្នុងការដឹកនាំកសាង និងការអភិវឌ្ឍប្រទេស ហើយវឌ្ឍនភាពផ្នែកសេដ្ឋកិច្ចនេះ គឺជាបទពិសោធន៍សម្រាប់ប្រទេសទីម័រឡេស្តេ ក្នុងការសិក្សាស្វែងយល់។

លោករដ្ឋមន្រ្តី បានថ្លែងថា ចំពោះការដឹកនាំរបស់ប្រទេសកម្ពុជា ដែលនាំឱ្យប្រទេសកម្ពុជាមានការរីកចម្រើន ជាពិសេសធ្វើឱ្យមានការអភិវឌ្ឍ និងវឌ្ឍនភាពផ្នែកសេដ្ឋកិច្ចយ៉ាងរឹងមាំ ប្រទេសកម្ពុជា និងទីម័រឡេស្តេ មានប្រវត្តិសាស្ត្រ និងអតីតកាលដូចគ្នា ក្នុងបរិបទសង្រ្គាម ដែលប្រទេសទាំងពីរ បានជួបប្រទះ។ ដូច្នេះគោលបំណងនៃដំណើរទស្សនកិច្ចនាឱកាសនេះ គឺទី១៖ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសកម្ពុជា និងប្រទេសទីម័រឡេស្តេ និង២៖ ពិភាក្សាគ្នាក្នុងក្របខ័ណ្ឌពហុភាគី ក្នុងបរិបទអង្គការអាស៊ាន។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបំពេញទស្សនកិច្ច នៅប្រទេសទីម័រឡេស្តេ កាលពីឆ្នាំ២០១៦ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៅកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រត្តិការ ក្នុងការជួយគាំទ្រគ្នាទៅវិញទៅមកទៅលើឆាកអន្តរជាតិ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ ដំណើរទស្សនកិច្ចនាឱកាសនេះ ពិតជាមានសារសំខាន់ដល់ការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងប្រជាជន និងប្រទេសទាំងពីរទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយដោយបានមើលឃើញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើន។ ការរីកចម្រើននេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំជំនាញ ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា គាំទ្រទាំងស្រុងចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ លើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកទេស វប្បធម៌ ដឹកជញ្ជូន និងវិស័យអប់រំ។ល។ សម្តេចប្រធានព្រឹទ្ធសភា សូមលើកទឹកចិត្តចំពោះរដ្ឋាភិបាល នៃប្រទេសទាំពីរ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ជំរុញការផ្លាស់ប្តូរទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូរមនុស្សរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធភា បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃចំពោះវឌ្ឍនភាពខាងសេដ្ឋកិច្ច-សង្គមរបស់ប្រទេសទីម័រឡេស្តេ និងសូមប្រសិទ្ធពរឱ្យប្រជាជន និងរដ្ឋាភិបាលទីម័រឡេស្តេ បន្តរីកចម្រើនប្រកបដោយវឌ្ឍនភាព និងវិបុលភាព។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ដូចអ្វីដែលលោករដ្ឋមន្រ្តីបានលើកឡើងអំពីការគាំទ្ររបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេមអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចំពោះប្រទេសទីម័រឡេស្តេ ជាមាជិកអាស៊ាន សភាកម្ពុជាក៏សូមគាំទ្រសភាទីម័រឡេស្តេ ជាសមាជិកអាយប៉ា ផងដែរ៕