(ភ្នំពេញ)៖ លោក Eldeen Hasaaini Binh Mohd Hashim (អែលឌីន ហួសៃនី ប៊ីន ម៉ូត ហាស៊ីម) ឯកអគ្គរដ្ឋទូតថ្មីរបស់ម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានថ្លែងអះអាង និងសន្យាថា នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពធ្វើឱ្យទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ី កាន់តែល្អប្រសើរនៅក្នុងបេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា។
ការអះអាងរបស់ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ២កើត ខែជេស្ឋ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា លោកពិតជារីករាយណាស់បានមកបម្រើការងារបេសកកម្មកាទូតនៅកម្ពុជា។ លោក ក៏បានគោរព និងកោតសរសើរយ៉ាងខ្លាំងលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
លោក Eldeen Hasaaini Binh Mohd Hashim បានលើកឡើងថា សម្តេចតេជោ ជាមេដឹកនាំមួយរូបដែលបានដឹកនាំកម្ពុជាពីប្រទេសមានសង្គ្រាម មកជាប្រទេសមានសុខសន្តិភាព ប្រជាធិបតេយ្យ និងជាប្រទេសមានការអភិវឌ្ឍ និងរីកចម្រើន។
លោកឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ក៏បានជំរាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងបេសកកម្មការងាររបស់លោកនៅកម្ពុជានៅពេលនេះ គឺទី១៖ ធ្វើយ៉ាងណាជំរុញទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ីឲ្យកាន់តែមានការរីកចម្រើនឡើងថែមទៀត, ទី២៖ ជំរុញរាល់កិច្ចព្រមព្រៀងអនុស្សារណៈទាំងឡាយដែលបានចុះហត្ថលេខាកន្លងមកឲ្យដំណើរការទៅមុខ និងទី៣៖ ជំរុញពាណិជ្ជកម្មកម្ពុជា និងម៉ាឡេស៊ីឱ្យមានទំហំកាន់តែធំឡើង ជាពិសេសការនាំអង្ករចេញពីកម្ពុជាទៅម៉ាឡេស៊ី ព្រមទាំងធ្វើយ៉ាងណាជំរុញការវិនិយោគម៉ាឡេស៊ីនៅកម្ពុជាឱ្យក្លាយទៅជាវិនិយោគធំលំដាប់ទី១នៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះលោក Eldeen Hasaaini Binh Mohd Hashim ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតវិសាមញ្ញាញ និងពេញសមត្ថភាពនៅកម្ពុជា។ សម្តេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា ទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីបានឈានដល់កម្រិតមួយមិនធ្លាប់មាន ហើយអ្វីដែលជាគោលបំណង និងសេចក្តីប៉ងប្រាថ្នារបស់សម្ដេច គឺធ្វើយ៉ាងណាជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែធំបន្ថែមទៀត។ លើសពីនោះទៀត គឺធ្វើយ៉ាងណាជំរុញលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានលំហូរដោយសេរីស្របតាមយន្តការគោលការណ៍ និងគោលនយោបាយរបស់អាស៊ាន។ មិនតែប៉ុណ្ណោះត្រូវជំរុញឱ្យមានលំហូរពាណិជ្ជកម្មរវាងប្រទេសអាស៊ាន និងអាស៊ានផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំឲ្យធ្វើយ៉ាងណាជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រទេសទាំងពីរផង និងជំរុញកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នានៃប្រែសទាំងពីរផង ដើម្បីធ្វើយ៉ាងណាសម្រួលដល់ការវិនិយោគពាណិជ្ជកម្មយើងទាំងពីរ ហើយសម្តេចតេជោ ក៏បានជូនពរលោកឯកអ្គរដ្ឋទថ្មី ទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការងារនៅកម្ពុជា៕