(ភ្នំពេញ)៖ អ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជា បានមើលឃើញថាវិស័យអចលនទ្រព្យកម្ពុជា កំពុងតែមានសន្ទុះខ្លាំង ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេស ដែលកំពុងដើរតួយ៉ាងសំខាន់ និងសកម្មជាងគេ ក្នុងចំណោមបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន លើការពង្រីកសក្តានុពលនៃវិស័យអចលនទ្រព្យ។ នេះជាការលើកឡើងរបស់ លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century21 Cambodia និងជាអគ្គនាយកក្រុមហ៊ុន V Trust Group។
លោក គុយ វ៉ាត បានឲ្យដឹងថា វិស័យអចលនទ្រព្យនៅកម្ពុជាពេលនេះ គឺមានការរីកចម្រើនឥឥតឈប់ឈរ ហើយកម្ពុជាបាននឹងកំពុងដើរតួយ៉ាងសំខាន់ ក្នុងនាមជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន ដើម្បីធ្វើការពង្រីកទីផ្សារឱ្យកាន់តែមានសក្តានុពល។
លោកថា ស្ថិតនៅក្នុងបរិបថនៃភាពរីកចម្រើន លើវិស័យអចលនទ្រព្យនាពេលនេះ ក្នុងនាមជាក្រុមហ៊ុនដែលកំពុងតែប្រតិបត្តិការ ដើម្បីទទួលបានផលប្រយោជន៍ត្រូវតែបន្តនូវកិច្ចសហការគ្នា ដើម្បីលើកស្ទួយ និងជំរុញវិស័យមួយនេះ ឱ្យកាន់តែខ្លាំងក្លាដើម្បីអាចស្រូបទាញបណ្តាក្រុមហ៊ុនធំៗ ក៏ដូចជាអ្នកវិនិយោគអន្តរជាតិចូលមកកាន់កម្ពុជាបន្ថែមទៀត។
បើតាមអ្នកជំនាញអចលនទ្រព្យកម្ពុជា ក្រៅពីវិស័យអចលនទ្រព្យ កម្ពុជានៅភាពល្អប្រសើរជាច្រើន ក្នុងការចូលរួមចំណែកផ្សារភ្ជាប់លើកិច្ចទំនាក់ការទូតផ្សេងៗ ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច រវាងបណ្តាប្រទេសដែលស្ថិត នៅក្នុងតំបន់អាស៊ាន ទៅកាន់បណ្តាប្រទេសជឿនលឿន ដែលជាមហាអំណាចសេដ្ឋកិច្ចដូចជាប្រទេសចិនជាដើម។
ក្រុមហ៊ុនលំដាប់អន្តរជាតិរបស់អាមេរិកមួយ គឺក្រុមហ៊ុន Century 21 Cambodia បានផ្តល់ទំនុកចិត្តដល់ទីផ្សារអលនទ្រព្យកម្ពុជា ដោយបានធ្វើការកែច្នៃនិមិ្មតសញ្ញាថ្មីរបស់ខ្លួនជាលើកដំបូង ចាប់តាំងពីក្រុមហ៊ុននេះដំណើរការការិយាល័យកណ្តាល នៅសហរដ្ឋអាមេរិក។
ការបង្ហាញនូវនិមិត្តសញ្ញាថ្មី ដែលមានភាពច្នៃប្រឌិត និងរចនាយ៉ាងល្អឥតខ្ចោះ របស់ក្រុមហ៊ុនអចលនទ្រព្យ លំដាប់ពិភពលោក Century21 ដែលមានសាខារហូតដល់៨២ប្រទេស វាមិនត្រឹមតែជាការចំណាយប្រាក់នោះទេ តែវាជាការបង្ហាញនូវទំនុកចិត្តថ្មី ដែលមានការសាទរពីសមាជិករបស់ក្រុមហ៊ុននេះ នៅទូទាំងសាកលលោក។
លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រយៈពេល៤៧ឆ្នាំមកនេះ ចាប់តាំងពីក្រុមហ៊ុន Century21 ចាប់កំនើតនៅសហរដ្ឋអាមេរិក នេះជាលើកទី១ដែលក្រុមហ៊ុននេះបានកែច្នៃ និវងរចនាបែបថ្មីនូវនិម្មិតសញ្ញារបស់ខ្លួន ដែលនិម្មិតសញ្ញាថ្មីនេះ ក្រុមហ៊ុនមេបានចំណាយប្រាក់ខ្ទង់២លានដុល្លារអាមេរិក។
លោកស្រីបន្តថា «ចំណុចស្នូលនៃនិម្មិតសញ្ញាថ្មីនេះ គឺភាពឆ្លាត សាមញ្ញ និងទំនើប។ យើងសុបិនធំ និងដើរឲ្យកាន់តែលឿន ដើម្បីផ្តល់សេវាកម្មលើសពីការរំពឹងទុករបស់យើងលើសពី១២១ភាគរយ ហើយសេវាកម្មរបស់យើងផ្តល់ជូនអតិថិជនលើសពីការរំពឹងទុក ជាមួយជំនឿចិត្ត រហ័ស រួសរាយ រាក់ទាក់់ចេញពីបេះដូងរបស់យើង»។
និម្មិតសញ្ញាថ្មីនេះ ទទួលបានការគាំទ្រជាង ២០០ភាគរយនៅអាមេរិក ដែលរូបរាងនិម្មិតសញ្ញាថ្មីនេះមានភាពទាន់សម័យ និងធ្វើឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនដែលទិញ Franchise ពីអាមេរិកមានមោទនភាព៕