(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលដកហូតឯកសារមិនប្រក្រតី និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន្ដ សម្រាប់ខែឧសភា ឆ្នាំ២០១៩ និងទិសដៅការងារមុនបញ្ចប់ឱសានវាទ។

កិច្ចប្រជុំនេះដឹកនាំដោយ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលដឹកនាំការងារអន្ដោប្រវេសន៍ និងមានការចូលរួមពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងថ្នាក់ដឹកនាំនគរបាលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

របាយការណ៍បានបង្ហាញថា លទ្ធផលសរុបពីដំបូង ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីសរុបចំនួន ៣៦,០៩៤ឯកសារ ពីគ្រួសារជនបរទេសអន្តោប្រវេសន្តសរុបចំនួន១៩,៣៩៥គ្រួសារ គិតជាមនុស្សរួម ចំនួន៦៨,៨០១នាក់ (ស្រី៣២,៨៣៧នាក់) មានអ្នកអាយុ១៨ឆ្នាំឡើង ចំនួន៤៩,៦៣៨នាក់(ស្រី ២៣,៩២១នាក់) មាន៩សញ្ជាតិ។

ដោយឡែក ជនបរទេសបែបអន្តោប្រវេសន្ត បានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត
អ្នកអាយុ១៨ឆ្នាំឡើង ចំនួន៧៦,៤៩៨នាក់(ស្រី ៣៦,៥៨៥នាក់) គិតជាមនុស្សរួម ចំនួន១១១,៤២១នាក់ (ស្រី៥៣,៥៦៧នាក់) ក្នុង ៣៦,៤៨៥គ្រួសារ។

បានផ្តល់ប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្តឲ្យប្រើប្រាស់អ្នកអាយុ១៨ឆ្នាំឡើង សរុបចំនួន៣៣,៩៣៩ប្រកាស (ស្រី ១៦,២៥៤នាក់) គិតជាមនុស្សរួមចំនួន ៥២,៧១០នាក់(ស្រី២៥,៣១៦នាក់) ក្នុងចំនួន ១៧,០៥៧គ្រួសារ នៃអ្នកដែលបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោ
ប្រវេសន្តទាំងអស់៕