(ភ្នំពេញ)៖ នំបញ្ចុកគឺជាអាហារប្រពៃណី និងជាទីពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ។ សូម្បីតែស្តេចរបស់ប្រទេសចិនក៏សព្វព្រះរាជហឫទ័យនឹងនំបញ្ចុកនេះដែរ តាមរយៈរឿងធនញ្ជ័យ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមអតីតគណបក្សសង្គ្រោះជាតិ បានយកនំបញ្ចុកមកប្រើប្រាស់ដើម្បីបម្រើឱ្យផលប្រយោជន៍ នយោបាយរបស់ខ្លួន និងបានប្រែក្លាយនំបញ្ចុកទៅជានិមិត្តរូបនៃការបះបោរប្រឆាំងនឹងអាជ្ញាធរ និងរំលោភបំពានសាលដីកាតុលាការកំពូលប្រកាសកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដែលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សិទ្ធិធ្វើនយោបាយសមាជិកគណៈអចិន្ត្រៃយ៍ និងគណៈកម្មការកណ្តាលបក្សនេះចំនួន ១១៨នាក់។

ក្រុមប្រឆាំងបានប្រើប្រាស់ «យុទ្ធនាការហូបនំបញ្ចុក» ដើម្បីកៀរគរកម្លាំងអតីតសមាជិកខ្មោចគណបក្សសង្គ្រោះជាតិមកជួបជុំគ្នា និងយកឱកាសហូបនំបញ្ចុកដើម្បីនិយាយ ពីការរៀបចំផែនការបះបោរ និងរៀបចំផែនការរង់ចាំស្វាគមន៍ទណ្ឌិត សម រង្ស៊ី អ្នកនយោបាយជំនាញខាងបំផ្លាញជាតិ និងញុះញង់បំបែកបំបាក់ជាតិដែលប្រកាសវិលចូលស្រុកវិញ បែបខ្យល់នៅឆ្នាំ ២០១៩ នេះ។ យុទ្ធនាការនេះបានកើតមាន ជាពិសេសនៅខេត្តបាត់ដំបងដោយអតីតចៅសង្កាត់មេឃុំអូរចាដែលគេសង្ស័យថា មានទំនាក់ទំនងស្នេហាត្រីកោណ ជាមួយអតីតសមាជិកព្រឹទ្ធសភាខ្មោចគណបក្សសង្គ្រោះជាតិ ឈ្មោះ សោ ចាន់ដេត ដែលកំពុងរត់គេចខ្លួននិងស្នាក់នៅប្រទេសកាណាដា។ ចលនាហូបនំបញ្ចុកនេះត្រូវបាន សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង ជំរុញនិងគាំទ្របន្ថែមដើម្បីទាញចូលក្នុងគន្លងនយោបាយ និងផែនការបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ពួកគេ។

ប៉ុន្តែចេតនានយោបាយទុច្ចរិតរបស់ក្រុមប្រឆាំងដែលមានទណ្ឌិត សម រង្ស៊ី ដែលមានសែស្រឡាយឪពុកជាជនក្បត់ជាតិ និងបក្ខពួកតែងបម្រុងនឹងបំផ្លាញជាតិត្រូវបាន បរាជ័យគ្រប់ពេលវេលា។ យុទ្ធនាការនំបញ្ចុក បំបែកបំបាក់ជាតិរបស់ក្រុមឧទ្ទាមត្រូវបានបែកការណ៍ ហើយការប្រើប្រាស់ការឃោសនានយោបាយក្រោម រូបភាពហូបនំបញ្ចុកក៏ត្រូវបានគេដឹងខ្ទេចខ្ទីតាមរយៈសកម្មជនរបស់ខ្លួនមួយចំនួនដែលឆ្លើយសារភាព។ តាមពិត នំបញ្ចុក គ្មានកំហុសអ្វីឡើយ ប៉ុន្តែក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី មូរ សុខហួរ និងអេង ឆៃអ៊ាង ទេដែលមានកំហុសអនុវត្តផែនការបដិវត្តន៍ពណ៌ដោយវិធីសាស្ត្រ «ហូបនាំបញ្ចុក-ឃោសនានយោបាយ»។

ដើម្បីឆ្លើយតបនឹងយុទ្ធនាការ «ហូបនំបញ្ចុក» ដែលរៀបចំដោយក្រុមអតីតបក្សប្រឆាំងនេះ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០១៩នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសនាំគ្នា «បរិភោគនំបញ្ចុក» ទាំងអស់គ្នា។ សម្តេចបានលើកឡើងថា ការហូប នំបញ្ចុកមិនអាចក្លាយទៅជាការបំបែកបំបាក់ជាតិនោះទេ ហើយសម្ដេចក៏បានណែនាំដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការងឿងឆ្ងល់ផងដែរ ចំពោះក្រុមអតីតបក្សប្រឆាំង ដែលយករឿងនំបញ្ចុក មកធ្វើជារឿងនយោបាយទៅវិញ រហូតដល់បង្កើតជាកម្មវិធីហូបនំបញ្ចុក ហើយអ្នកដែលទទួលទាននំបញ្ចុកជាអ្នកស្នេហាជាតិ និងគាំទ្រគណបក្សប្រឆាំងដែលស្លាប់ទៅហើយនោះ។

យ៉ាងណាក៏ដោយ ដើម្បីឲ្យប្រជាពលរដ្ឋអស់មន្ទិលសង្ស័យលើករណីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នាំគ្នារៀបចំពិធីហូបនំបញ្ចុកទាំងអស់គ្នាតែម្ដង ដើម្បីបង្ហាញអំពីការសាមគ្គីជាតិ មិនមែនជាការបំបែកបំបាក់ជាតិនោះទេ ខណៈក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី បានយកនំបញ្ចុកមកបំបែកបំបាក់ជាតិខ្មែរដែលកំពុងតែរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍដោយញុះញង់ថា «ហូបនំបញ្ចុកស្នេហាជាតិ»។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការអំពាវនាវឱ្យពលរដ្ឋខ្មែរទូទាំងប្រទេសហូបនំបញ្ចុកនៅថ្ងៃទី៩ មិថុនាមិនមែនជាវិធីបន្លាមុត យកបន្លាជួសនោះទេ ប៉ុន្តែជាការយកពូថៅមកវាយបំបាក់បន្លា ដែលមានចោលតែម្ដងកុំឲ្យនាំភាពចង្រៃដល់គេឯង។

នេះគឺជាវិធានការជាក់ស្តែងនៃការទប់ស្កាត់ផែនការបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំង ដែលមានអ្នកនយោបាយអង្ករកំប៉ុង សម រង្ស៊ី និងបក្ខពួកបានបង្កើតឡើង ដែលអនុវត្តផែនការបដិវត្តន៍ពណ៌មួយ ត្រូវកម្ទេចមួយ ព្រោះរាជរដ្ឋាភិបាលមិន អាចអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិដូច សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង ឬសោ ចាន់ដេត យកពលរដ្ឋខ្មែរធ្វើជាចំណាប់ខ្មាំង និងបង្កការអុកឡុក បង្កើតចលាចល បំផ្លាញសេចក្តីសុខរបស់ប្រជាពលដ្ឋខ្មែរឡើយ។ ដើម្បីបម្រើមហិច្ឆតាអំណាច ក្រុមជនក្បត់ជាតិទាំងនេះ មិនខ្លាចនឹងភូតកុហកប្រជារាស្ត្រ និងរុញប្រជាពលរដ្ឋស្លូតត្រង់ឱ្យប្រឈមនឹងមុខច្បាប់ឡើយ ហើយក៏ពួកគេមិនញញើតយកឈាមបបរជាពលរដ្ឋមកលាងជើងខ្លួនឡើយ។

ថ្ងៃទី៩ ខែមិថុនា ខាងមុខគឺជាទិវាហូបនំបញ្ចុក! ជាការហូបនំបញ្ចុកដើម្បីសាមគ្គីជាតិ និងជាការវាយបំបាក់នូវ ឧបាយកលទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលមួយថ្ងៃៗមិនបានជួយអ្វីចម្រើនដល់ជាតិ ប៉ុន្តែបែរជាគិតគូរ និងរកល្បិចកលបំផ្លាញជាតិ និងប្រជាជនកម្ពុជា។ សូមស្មារតីថ្ងៃទី៩ មិថុនា ទិវាហូបនំបញ្ចុក ក្លាយជាញញួរដ៏មានទម្ងន់វាយបំបាក់ល្បិចកលក្រុមក្បត់ជាតិ សម រង្ស៊ី ហើយសូមឱ្យកម្ពុជាមានសុខសន្តិភាពជារៀងរហូតវែងដូចសសៃនំបញ្ចុក និងសូមឱ្យសាមគ្គីជាតិរវាង ពលរដ្ឋខ្មែរស្អិតរមួតដូចម្ស៉ៅនំបញ្ចុក និងសូមឱ្យសាមគ្គីជាតិនេះពោរពេញដូចខ្លឹមសារដូចរសជាតិនំបញ្ចុកសម្លរខ្មែរ ឬសម្លរការីឬណាំយ៉ាដូច្នោះដែរ។ ហូបនំបញ្ចុករាំបទទទារយំឆ្លងដើម្បីពង្រឹងសាមគ្គីជាតិខ្មែរ!

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩