(ពោធិ៍សាត់)៖ ករណីជំងឺគ្រុនចាញ់ តាមស្រុកប្រតិបត្តិទូទាំងប្រទេស ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ ស្រុកក្រវាញ ខេត្ដពោធិ៍សាត់ មានករណីជំងឺគ្រុនចាញ់ ចំនួន ១,៥១៧ករណី ស្មើនឹង១៥% ច្រើនជាងគេ ក្នុងចំណោមស្រុកប្រតិបត្ដិទាំង៥៣ ដែលមានចំនួន២១ខេត្ដ។

ក្នុងនោះ សែនមនោរម្យ ខេត្ដមណ្ឌលគិរី មានចំនួន ១,២៥៥ ១២%, ខេត្ដស្ទឹងត្រែង មានចំនួន ១,០៧០ ស្មើនឹង១០%, ត្បែងមានជ័យ ខេត្ដព្រះវិហារ មាន៩២៩ករណី ស្មើនឹង៩%, កំពង់ស្ពឺ មាន៨៦៨ករណី ស្មើនឹង៨%, ក្រចេះ មានចំនួន ៦៨៨ករណី ស្មើនឹង៧%, ស្រុកបានលុង ខេត្ដរតនគិរី មានចំនួន ៥៤៥ ស្មើនឹង៥%, នៅក្រគរ ខេត្ដពោធិ៍សាត់ មាន៥០៧ ស្មើនឹង៥% និងតាមបណ្ដាស្រុកផ្សេងទៀត មានករណីទាបបំផុត។ សម្រាប់ខេត្ដ ព្រៃវែង ស្វាយរៀង កណ្ដាល និងរាជធានីភ្នំពេញ មិនមានករណីគ្រុនចាញ់នោះទេ ។

នេះបើតាមបទបង្ហាញសង្ខេប ស្វែងយល់ស្ថានភាពជំងឺគ្រុនចាញ់ នៅទូទាំងប្រទេស និងនៅក្នុងខេត្ដទាំងបី កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្ដពោធិ៍សាត់ ក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ដោយមានការអញ្ជើញចូលរួម ពីអភិបាលខេត្ដពោធិ៍សាត់ លោក ម៉ៅ ធនិន និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ នាសណ្ឋាគារ MK ខេត្ដពោធិ៍សាត់។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «យើងត្រូវខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីបង្រួមករណីគ្រុនចាញ់នេះ ឱ្យកាន់តែមានចំនួនតិចទៅៗ ជាក់ស្ដែង គឺនៅចំនុចត្រីកោណ (តំបន់ភ្នំក្រវាញ/ឱរ៉ាល់ រវាងខេត្ដពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្ដកំពង់ស្ពឺ) ដែលមានករណីគ្រុនចាញ់ច្រើន នឹងបន្ដកើតមានឡើង»។
ដូច្នេះ នៅថ្ងៃស្អែកនេះ យើងនឹងចុះទៅបេសកកម្មស្វែងយល់ ពីស្ថានភាពជំងឺគ្រុនចាញ់ ទៅដល់តំបន់ដែលប្រភពនៃការចម្លងជំងឺគ្រុនចាញ់ និងជួបជាមួយប្រជាពលរដ្ឋ ដោយផ្ទាល់ ដើម្បីស្វែងយល់ និងបង្កើតនូវអនុសាស្ដ្រជាបន្ដបន្ទាប់ទៀត ប្រកបដោយប្រសិទ្ធិភាព ។ជាពិសេស យើងត្រូវរួមគ្នាបន្ដការងារកាន់តែសកម្ម ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ ១០០% នៅឆ្នាំ២០២៥» ។

ទន្ទឹមនឹងនោះ លោក ម៉ៅ ធនិន អភិបាលខេត្ដពោធិ៍សាត់ បានថ្លែងផងដែរថា «នៅស្រុកភ្នំក្រវាញ ជាស្រុកដែលសម្បូរដោយព្រៃ ហើយតំបន់ភ្នំ ដូច្នេះករណីគ្រុនចាញ់សម្បូរជាងគេ ប៉ុន្ដែក្នុងឆ្នាំនេះ ដោយមានការយកចិត្ដទុក្ខដាក់ខ្ពស់ ពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងមានមន្ទីរសុខាភិបាលខេត្ដ ជាសេនាធិការផងនោះ យើងបានចុះពិនិត្យស្ថានភាពជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើការផ្សព្វផ្សាយអប់រំ ពីការទទួលទានទឹក ការប្រើប្រាស់មុងជ្រលក់ថ្នាំជាដើម ដែលថ្នាក់ជាតិបានផ្ដល់ឱ្យ សម្រាប់ចែកជូនប្រជាពលរដ្ឋយើងប្រើប្រាស់» ។

លើសពីនោះ លោកបន្ដថា «យើងក៏បានបន្ដចុះអប់រំសុខភាព និងសកម្មភាពផ្សព្វផ្សាយផ្សេងៗទៅដល់ប្រជាជនយើង ឱ្យមានការយល់ដឹងកាន់តែច្រើន ជុំវិញបញ្ហាពាក់ព័ន្ធការងារនេះ ។ ក្រៅពីនោះ ក្រុមការងារយើង ក៏បានចុះទៅ ស្រុកវាលវែង និងក្រគរផងដែរ ដោយទីនោះ ក៏មានករណីជំងឺគ្រុនចាញ់ផងដែរ។ ហេតុនេះ ក្នុងនាមជាអាជ្ញាធរខេត្ដ យើងនឹងប្ដេជ្ញាខិតខំប្រឹងប្រែង ជាមួយថ្នាក់ជាតិ ជាពិសេសជាមួយក្រសួងសុខាភិបាល រួមទាំងគ្រូបង្គោលនៅតាមបណ្ដាស្រុក ចុះផ្សព្វផ្សាយ សកម្មភាពគ្របដណ្ដប់ ប្រជាជនគោលដៅ និងប្រជាជនចល័ត ការផ្សព្វផ្សាយអប់រំបន្ថែម ដើម្បីទទួលបានលទ្ធផលខ្ពស់ ក្នុងការកាត់បន្ថយជំងឺគ្រុនចាញ់នេះ នៅក្នុងតំបន់ៗនីមួយនៅខេត្ដយើងនេះ» ។

សួមជម្រាបថា រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង តែងតែធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា ប្រសិនបើមានការសង្ស័យកើតជំងឺគ្រុនចាញ់ ត្រូវប្រញាប់ស្វែងរកសេវាធ្វើតេស្តឈាម នៅមូលដ្ឋានសុខាភិបាលសាធារណៈ ឲ្យបានឆាប់រហ័ស ដែលនៅជិតបំផុត តាមរយៈអ្នកស្ម័គ្រចិត្តភូមិ មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បីពិនិត្យព្យាបាលជំងឺគ្រុនចាញ់ទាន់ពេលវេលា ។ និងជំរុញដល់មន្ដ្រីខេត្តទាំងអស់ ត្រូវរួមសហការគ្នា ជាពិសេសមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរដែនដី និងអង្គការដៃគូសុខាភិបាល ក្នុងខេត្តនីមួយៗចាំបាច់ត្រូវអនុវត្តផែនការយុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានលុបបំបាត់គ្រុនចាញ់ ឱ្យខានតែបាននៅឆ្នាំ២០២៥ ៕