(តាកែវ)៖ អាវភ្លៀងដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអំណោយមួយចំនួនទៀតរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ យកទៅប្រគល់ជូនកងកម្លាំងក្រោមឱវាទ។
ពិធីប្រគល់អំណោយ និងសំណេះសំណាល សួរសុខទុក្ខកងកម្លាំងនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ នៅទីបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ៦០៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តតាកែវ។
អំណោយទាំងអស់នោះរួមមាន អាវភ្លៀងចំនួន២១៧អាវ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងយកអំណោយរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថវិកាចំនួន២លានរៀល អង្ករចំនួន០២តោន និងថវិការបស់ស្នងការដ្ឋានចំនួន២លានរៀល មី១០០កេសតូច ទឹកត្រី៥យួរ ទឹកស៊ីអ៉ី៥យួរ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានណែនាំដល់កម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវបន្ដខិតខំប្រឹងប្រែង បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន បើទោះបី កន្លងមកកម្លាំងនគរបាលទាំងអស់ បានខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ខ្លួនតាមច្បាប់កំណត់ ដោយទទួលបានលទ្ធផលល្អប្រសើរ ជាបន្ដបន្ទាប់មកហើយនោះ៕