Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង្ក្រាបក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយករណី នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ១០នាក់

03-06-2019 21:28

(កំពង់ចាម)៖ ក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយករណី ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម បង្ក្រាបបានជាបន្ដបន្ទាប់នៅស្រុកព្រៃឈរ ដោយឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្ដិការបង្ក្រាបនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ អនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំរុញឲ្យមានវិធានការ បង្ក្រាបសកម្មភាពគ្រឿងញៀន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកបានចាត់កម្លាំងចុះធ្វេីការស្រាវជ្រាវ និងបេីកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាមានដីកា និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់តែម្ដង នៅចំណុចភូមិតុងរ៉ុង ឃុំតុងរ៉ុង ស្រុកព្រៃឈរ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់លោក ដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន ០៦កញ្ចប់, ទូរស័ព្ទដៃ៧គ្រឿង, រថយន្តចំនួន០១គ្រឿង, ម៉ូតូចំនួន០៤គ្រឿង, ជញ្ជឹងអេឡិចត្រូនិចចំនួន០១គ្រឿង, ដាវចំនួន០១ដើម, កាំភ្លើងកែឆ្នៃចំនួន០៣ដើម , ឧបករណ៍សេពមួយសម្រាប់ និងប្រាក់ញុះញង់ចំនួន៦០,០០០រៀល។ ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់វិធានការបន្ដតាមនីតិវិធី៕