(សៀមរាប)៖ មុខម្ហូប និងបង្អែមខ្មែរ ចំនួន១០មុខ បានធ្វើឲ្យក្រុមចុងភៅ នៃសមាគមចុងភៅកម្ពុជា (CCA / Cambodia Chefs’ Association) ចំនួន៣២រូប បានដណ្ដើមជយលាភីជាពាន់រង្វាន់ និងមេដាយយ៉ាងច្រើនជូនជាតិមាតុភូមិ ពីសមាគមចុងភៅពិភពលោក (WACS ASIA CONTINETAL DIRECTOR MEDAI / WORLD CHEFS) ក្នុងកម្មវិធីប្រកួតប្រជែងចុងភៅឆ្នើម មុខម្ហូបអាស៊ី (Best Asian Gourmet Challenge) ឆ្នាំ២០១៩ នៅប្រទេសថៃ ដែលមានការចូលរួមពីចុងភៅជិត១,០០០នាក់ មកពីប្រទេស និងជាតិសាសន៍ចំនួន១៤។
ម្ហូប និងបង្អែមខ្មែចំនួន១០មុខ ដែលបានជាប់ចំណាត់ថ្នាក់ និងទទួលពាន មានដូចជា៖ ញ៉ាំក្រូចថ្លុងជាមួយកំពឹសទន្លេ, អាម៉ុកត្រី, ការីសាច់មាន់, សាច់គោអាំងទឹកប្រហុក, កង្កែបឆាម្រេចកំពត, សម្លប្រហើរ, ខប៉េងប៉ោះ, គ្រំបំពងជ្រក់ស្វាយ, បាយសម្រូបសណ្ដែកខ្មៅ, និងសង់ខ្យាល្ពៅ។ សម្រាប់ការប្រកួតប្រជែករយៈពេល៥ថ្ងៃ នៅប្រទេសថៃនេះ ក្រុមចុងភៅខ្មែរចំនួន៣២នាក់ បានដណ្ដើមជ័យលាភី ជាពាន់រង្វាន់១គ្រឿង និងមេដៃមាស ៣គ្រឿង, មេដៃប្រាក់ ៦គ្រឿង និងមេដៃសំរឹទ្ធ ១៧គ្រឿង។
លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា និងជាអ្នកដឹកនាំក្រុមចុងភៅ ទៅចូលរួមការប្រកួតប្រជែងសម្រាប់ឆ្នាំនេះ បានឲ្យដឹងថា កម្មវិធីប្រកួតប្រជែង ម្ហូបអាហារអាស៊ី ឆ្នាំ២០១៩នេះ ត្រូវបានធ្វើឡើងនៅឯទីក្រុងបាងកក (ប្រទេសថៃ) ចាប់ផ្តើមថ្ងៃទី២៨ ខែឧសភា ហើយបានប្រកួតផ្ដាច់ព្រាត់ និងប្រកាសលទ្ធផល នារាត្រីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។ អ្នកបានចូលរួមក្នុងកម្មវិធីនេះ គឺមកពីប្រទេសថៃ កម្ពុជា ចិន កូរ៉េខាងត្បូង ហុងកុង វៀតណាម ម៉ាកាវ ម៉ាឡេស៊ី កោះតៃវ៉ាន់ ហ្វីលីពីន ឥណ្ឌូណេស៊ី សឹង្ហបូរី និងប៉ាគីស្ថាន ដែលការប្រកួតឆ្នាំនេះ គឺមានចុងភៅល្បីៗចំនួន ១,៣១៩នាក់ បានចុះឈ្មោះប្រកួត ចំពោះការចូលរួមប្រកួតជាក់ស្ដែង មាន៨៨៩នាក់។
លោកបញ្ជាក់ផងដែរថា ក្នុងចំណោមរសជាតិម្ហូបខ្មែរ ចំនួន១០មុខ សមាគមចុងភៅកម្ពុជា បាននាំមកនូវកិត្តិយសជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាមួយទេពកោសល្យ និងបទពិសោធន៍ នៃការផ្សំគ្រឿងចំអិនម្ហូប វាគ្រាន់តែជាតម្លៃមួយបង្ហាញអំពីបំណិននៅក្នុងវិជ្ជាជីវៈជាចុងភៅតែប៉ុណ្ណោះ ក៏ប៉ុន្តែអ្វីដែលជាមោទនភាពសម្រាប់ការលើកពានជ័យលាភីជាពាន់រង្វាន់នោះ គឺរសជាតិម្ហូបខ្មែរ ប្រកបដោយអនាម័យខ្ពស់ ក្រោមការផ្ដល់ពិន្ទុដ៏សុក្រិត ពីគណៈកម្មការ ប្រមាណជា៥០រូប មកពីបណ្ដាប្រទេសនានានោះ។
លោក ចាន់ សុភា ស្ថាបនិកម្នាក់ នៃសមាគមចុងភៅកម្ពុជា បានគូសបញ្ជាក់ថា សមាគមបានបង្កើតឡើងនៅសៀមរាប ក្នុងឆ្នាំ២០១៣ ហើយឆ្នាំ២០១៩នេះ គឺជាលើកទី៧ហើយ ដែលសមាគមចុងភៅកម្ពុជា បានបញ្ជូនក្រុមចុងភៅឆ្នើមៗរបស់ខ្លួន ឲ្យចេញទៅប្រកួតប្រជែងធ្វើម្ហូប ក្នុងកម្មវិធីធំៗ ខ្នាតអន្តរជាតិនៅក្រៅប្រទេស។
រាល់ការប្រកួតនាពេលកន្លងទៅ និងលើកនេះ ក្រុមចុងភៅតែងតែទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត រហូតដល់ការយើងអាចទទួលបានពាន ដល់ទីពីរលើកហើយ ពោលកាលពីឆ្នាំ២០១៤ ទទួលបានពានមាសក្នុងកម្មវិធីប្រកួតធ្វើម្ហូប (រសជាតិអាហារទន្លេមេគង្គ) នៅទីក្រុងបាងកក ប្រទេសថៃ និងលើកទី២ ទទួលបានពានរង្វាន់ ប្រកួតធ្វើម្ហូបអាស៊ី ឆ្នាំ២០១៩។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេចរណ៍ខេត្តសៀមរាប បានលើកឡើងថា ជ័យលាភីទាំងនេះ ពិតជាបានចូលរួមយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា។ ពិតណាស់ថា តាមរយៈនៃការចូលរួមប្រគួតប្រជែងនោះ បណ្តាប្រទេសក្នុងតំបន់ត្រូវបានចាប់អារម្មណ៍ចំពោះរសជាតិម្ហូបខ្មែរ។
គួរជម្រាបថា បើយោងតាមយុទ្ធសាស្រ្តនៃទាក់ទាញភ្ញៀវទេសចរ គឺមុខម្ហូបខ្មែរ ជាកម្មវត្ថុមួយដែលក្រសួងទេសចរណ៍ បានប្រើប្រាស់ជាយន្តការ ក្នុងការជំរុញឲ្យប្រតិបត្តិករទេសចរណ៍ បម្រើសេវាកម្មភោជនីយដ្ឋាន ដោយយកចិត្តទុកដាក់ខ្ពស់ លើគុណភាពអាហារ រសជាតិ អនាម័យ និងសោភ័ណភាព ផងដែរ៕