(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញធ្វើបទបង្ហាញលើកទី២ ស្តីពី «សញ្ញាណទូទៅ និងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់» នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ពិធីនេះមានការចូលរួមពីលោក-លោកស្រីស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ទាំង២៥រាជធានី-ខេត្ត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានលើកឡើងថា បទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងវិធានការស្រាវជ្រាវស៊ើបអង្កេត ជាសញ្ញាណថ្មីមួយសម្រាប់នគរបាលកម្ពុជា ដែលមិនទាន់មានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងនៅមានការភ័ន្តច្រឡំអំពីចរិតលក្ខណៈ នៃបទល្មើសនេះនៅឡើយ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ និងយោងតាមសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើនស្មារតីយកចិត្តទុកដាក់អនុវត្តច្បាប់ ក្នុងប្រតិបត្តិការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ទើបក្រុម AML/CFT នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំធ្វើបទបង្ហាញ លើកទី២ ស្តីពី «សញ្ញាណទូទៅ និងការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់» ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍សកម្មភាពសម្អាតប្រាក់ និងផ្សព្វផ្សាយសេចក្តីណែនាំលេខ០៣៤ របស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កើនស្មារតីយកចិត្តទុកដាក់អនុវត្តច្បាប់ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
សូមជម្រាបថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ក្រុម AML/CFT នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំធ្វើបទបង្ហាញលើកទី១ ស្តីពី «សញ្ញាណទូទៅ និងការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់» ម្តងរួចមកហើយ ដែលមានការចូលរួមពីមន្រ្តីនគរបាលចំនួន១១០នាក់ មកពីមន្ទីរប្រឆាំងគ្រឿងញៀន, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម, នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា, នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងនាយដ្ឋានសន្តិសុខផ្ទៃក្នុង៕