(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា និងលោក Donald P. Kanak នាយកប្រតិបត្តិពាណិជ្ជកម្មសហភាពអឺរ៉ុប និងអាស៊ាន បានពិភាក្សាគ្នាពីការលើកកម្ពស់ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។
ការពិភាក្សាគ្នានេះធ្វើឡើងក្នុងឱកាសលោកស្រី ជា សិរី ទទួលជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិពាណិជ្ជកម្មសហភាពអឺរ៉ុប និងអាស៊ាន និងប្រតិភូនៃបណ្ដាក្រុមហ៊ុនពីសហភាពអឺរ៉ុប។ ក្នុងជំនួបនោះដៃគូរទាំងពីរពិភាក្សាគ្នាពី ការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគទុននៅក្នុងតំបន់។
ក្នុងនោះភាគីទាំងពីរបានយកយកចិត្តទុកដាក់លើចំណុចជាច្រើនរួមមាន៖
១៖ ការទាក់ទាញវិនិយោគ និងការជំរុញពាណិជ្ជកម្មអន្តរជាតិ។
២៖ បទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យធនាគារ និងធានារ៉ាប់រង។
៣៖ បញ្ហាពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុនៅអាស៊ាន។
៤៖ បដិវត្តន៍ឧស្សាហកម្មទី៤។
៥៖ ឧបករណ៍សម្រាប់ទីផ្សារហិរញ្ញវត្ថុ (មូលបត្រអាចជួញដូរបាន)។
៦៖ ភាពជាដៃគូរវាងវិស័យឯកជន-សាធារណៈ
៧៖ ការទូទាត់បែបឌីជីថល។
៨៖ ដុល្លារូបនីយកម្ម និងការវិនិយោគ។
ក្នុងជំនួបនោះបានផ្តល់ជាទស្សនាទានពីវឌ្ឍនភាព និងទស្សនវិស័យនៃសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាដែលជាធាតុចូលបន្ថែមទៀត ដល់ការរៀបចំផែនការវិនិយោគលើ វិស័យសក្តានុពលរបស់វិនិយោគិនសហភាពអឺរ៉ុប និងជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងសហភាពអឺរ៉ុប និងកម្ពុជា៕