(ភ្នំពេញ)៖ ដោយគាំទ្រ និងអនុវត្តនូវអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានោះ គណបក្សប្រជាជនកម្ពុជា បានប្រកាសអំពីការរៀបចំពិធីហូបនំបញ្ចុកនៅគ្រប់មូលដ្ឋាន ដែលមានឈ្មោះថា «នំបញ្ចុកតេជោសន្តិភាព» នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីបញ្ជាក់អំពីសាមគ្គីភាព និងឯកភាពជាតិ។
សូមបញ្ជាក់ថា ឆ្លើយតបទៅនឹងយុទ្ធនាការ «ហូបនំបញ្ចុក» ដែលរៀបចំដោយក្រុមអតីតបក្សប្រឆាំងនៅកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ៣,១៦១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានលើកឡើងថា ការហូរនំបញ្ចុកមិនអាចក្លាយទៅជាការបំបែកបំបាក់ជាតិនោះទេ ហើយសម្ដេចក៏បានណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការងឿងឆ្ងល់ផងដែរ ចំពោះក្រុមអតីតបក្សប្រឆាំង ដែលយករឿងនំបញ្ចុក មកធ្វើជារឿងនយោបាយទៅវិញរហូតដល់បង្កើតជាកម្មវិធី ហូបនំបញ្ចុក ហើយអ្នកដែលទទួលទាននំបញ្ចុកជាអ្នកស្នេហាជាតិ និងគាំទ្រគណបក្សប្រឆាំងដែលស្លាប់ទៅនោះ។
យ៉ាងណាក៏ដោយដើម្បីឲ្យប្រជាពលរដ្ឋអស់មន្ទិលសង្ស័យលើករណីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នាំគ្នារៀបចំពិធីហូបនំបញ្ចុកទាំងអស់គ្នាតែម្ដង ដើម្បីបង្ហាញអំពីការសាមគ្គីជាតិ មិនមែនជាការបំបែកបំបាក់ជាតិនោះទេ៕
ខាងក្រោមនេះជាវីដេអូដែលផលិតដោយគណបក្សប្រជាជនកម្ពុជា ប្រកាសអំពីការហូបនំបញ្ចុកនៅទូទាំងប្រទេស៖