(ភ្នំពេញ)៖ ខណៈបច្ចុប្បន្នប្រជាជនកម្ពុជាកាន់តែយកចិត្តទុកដាក់ខ្លាំងឡើងចំពោះសុខភាពរបស់ខ្លួន តាមរយៈការធ្វើលំហាត់ប្រាណនោះ បានក្លាយទៅជាតក្តាទាក់ទាញមួយ សម្រាប់ឲ្យក្រុមហ៊ុននៅប្រទេសជប៉ុន មកធ្វើការវិនិយោគក្នុងវិស័យនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia Review នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។
យោងតាម Nikkei បានឱ្យដឹងថា ក្រុមហ៊ុនផ្តល់សេវាហាត់ប្រាណ Gunze Sports បានឈរជើងយ៉ាងរឹងមាំ រួចស្រេចទៅហើយនៅប្រទេសកម្ពុជា ខណៈកម្ពុជា កំពុងទទួលបានកំណើនប្រចាំឆ្នាំដល់ទៅជាង ៥០ភាគរយ នៅក្នុងវិស័យ សុខាភិបាល ដែលជាពិសេសនោះ គឺការហាត់ប្រាណថែទាំសុខភាព និងរាងកាយតែម្តង។
សព្វថ្ងៃក្លឹបហាត់ប្រាណ Gunze មានទីតាំងចំនួន០២កន្លែងនៅក្នុងប្រទេសកម្ពុជា។ បើតាមក្រុមហ៊ុនស្រាវជ្រាវមួយរបស់ចក្រភពអង់គ្លេស Eurominitor ទីផ្សារសុខភាពនៅកម្ពុជា នឹងត្រូវពង្រីកក្នុងអត្រា ៦០ភាគរយ ពោលគឺដល់ទំហំជាង ៤៦០លានដុល្លារ នៅឆ្នាំ២០២៣ បើធៀបនឹងកាលពីឆ្នាំ២០១៥។
ក្លឹបហាត់ប្រាណ Gunze Sports ដែលមិនសូវជាមានស្គាល់នៅក្រៅប្រទេសជប៉ុន បានបង្កើតកន្លែងហាត់ប្រាណក្រៅស្រុកដំបូងរបស់ខ្លួន នៅក្នុងរាជធានីភ្នំពេញ កាលពីខែមិថុនា ឆ្នាំ២០១៧ ខណៈទីតាំងទីពីរនៅភ្នំពេញ ត្រូវបានបើកកាលពីខែមិថុនា ឆ្នាំ២០១៨។ យោងតាម Kazuhiro Norihide ដែលជាអគ្គនាយករងរបស់ Gunze Sports ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ការបើកទីតាំងហាត់ប្រាណនៅក្នុងប្រទេសកម្ពុជា គឺជាការឆក់យកឱកាសឲ្យបានមុនគូប្រជែងបរទេសដទៃៗទៀត។
គួរជម្រាបថា ការចូលជាសមាជិករបស់ក្លឹបហាត់ប្រាណ Gunze ត្រូវចំណាយចន្លោះពី ៨០ដុល្លារទៅ ៩០ដុល្លារក្នុងមួយខែ ដែលមើលទៅគឺវាសមរម្យសម្រាប់អ្នកមានចំណូលមធ្យម និងខ្ពស់ ដែលចង់ថែរក្សាសុខភាពរបស់ពួកគេឲ្យបានល្អ៕