(ភ្នំពេញ)៖ លោក គង់ គាំ អតីតមនុស្សជំនិតរបស់ លោក សម រង្ស៉ី ដែលបច្ចុប្បន្នជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានលើកឡើងថា មេដឹកនាំ និងក្រុមអ្នកនយោបាយអតីត គណបក្សសង្រ្គោះជាតិ (CNRP) ដែលនៅក្រៅប្រទេស នឹងមានជោគវាសនាដូចសម្តេចសង្ឃទីបេ ដាឡៃ ឡាម៉ា។
លោក គង់ គាំ បានបញ្ជាក់នៅលើ Facebook របស់លោកយ៉ាងដូច្នេះថា៖ «តាមភាពប្តូរផ្តាច់របស់រដ្ឋាភិបាលកម្ពុជា ពីវេទិកានៅប្រទេសជប៉ុននេះ ខ្លាចតែវាសនាមេដឹកនាំ និងក្រុមអ្នកនយោបាយ អតីតគណបក្សសង្គ្រោះជាតិ ដែលជាប់ទោសត្រូវបន្តស្ថិតនៅក្រៅស្រុក ដូចក្រុមស្តេចសង្ឃទីបេ ដាឡៃ ឡាម៉ា ដ៏ល្បីរន្ទឺ គឺមិនអាចងើបមុខជាថ្មីវិញបាននៅកម្ពុជា តាមភាពរវើរវាយទាំងឡាយរបស់ពួកគេនោះឡើយ»។
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសមានវត្តមាននៅប្រទេសជប៉ុន ដើម្បីសន្និសីទអន្តរជាតិស្តីពី «អនាគតអាស៊ី» លើកទី២៥ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញជាថ្មីនូវជំហរដ៏ម៉ឺងម៉ាត់ចំពោះ អតីតអ្នកនយោបាយរបស់ អតីតគណបក្សសង្គ្រោះជាតិ ដែលជាប់បំរាមនយោបាយ ក៏ដូចជាអ្នកកំពុងជាប់ទោសទណ្ឌ។ សម្តេចអះអាងថា វិធានការផ្លូវច្បាប់ នៅតែបន្តចំពោះអ្នកនយោបាយជាប់បំរាម និងមានទោសក្បត់ជាតិទាំងអស់នេះ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសរង់ចាំធ្វើសង្គ្រាមជាមួយទណ្ឌិត សម រង្ស៉ី ផងដែរ។
ការប្រកាសបែបនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី អតីតមេដឹកនាំ គណបក្សសង្រ្គោះជាតិ បានបំផុសបំផុលឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីញុះញង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសាររបស់សម្តេចផងដែរ។
លោក គង់ គាំ បានបញ្ជាក់ទៀតថា៖ «ក្រោយអំណាចសាលដីកាតុលាការកំពូលកម្ពុជា កំណត់នៅចុងឆ្នាំ២០២២ (ជាប់បំរាមបន្ត ឬ មានទោសបន្ថែម) ចំពោះអតីតសមាជិកគណបក្សសង្គ្រោះជាតិ តាមសកម្មភាពជាក់ស្តែង គឺជាចំណោទមិនអាចដឹងជាមុននោះទេ។ ប៉ុន្តែអ្វីដែលយើងអាចដឹងយ៉ាងច្បាស់ គឺគ្មានទេគណបក្សសង្គ្រោះជាតិជាថ្មីឡើងវិញ និងអាចថាគណបក្សនយោបាយថ្មីណា (ដែលអាចមានកម្លាំងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិដដែលនោះ) មិនបានត្រូវគេអនុញ្ញាតឱ្យបង្កើតទេ»។
គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលកាត់ទោសរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីធ្លាយនូវភស្តុតាងបង្ហាញថា គណបក្សនេះមានការពាក់ព័ន្ធនឹងការឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ មុនពេលរំលាយបក្សប្រឆាំងនេះ សមត្ថកិច្ចបានចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្ស ដែលបានសារភាពតាមរយៈវីដេអូមួយ ប្រាប់ដល់សកម្មជន អំពីគម្រោងការឃុបឃិតជាមួយបរទេស។ ក្រៅពីរំលាយគណបក្សសង្រ្គោះជាតិ តុលាការបានកាត់ទោសអ្នកនយោបាយដែលក្បាលម៉ាស៊ីនគណបក្សនេះ ចំនួន១១៨នាក់ ដោយហាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ផងដែរ។
ឱសានវាទនៃការហាមឃាត់សិទ្ធិធ្វើនយោបាយរបស់អតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ នឹងមកដល់ នៅចុងឆ្នាំ២០២២ ខាងមុខនេះ ពោលគឺបន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិ៥។ ប៉ុន្តែទោះជាយ៉ាងនេះក្តី
គិតរហូតដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន៩រូបហើយ បានស្នើសុំនីតិសម្បទានយោបាយឡើងវិញ ដោយមិនរង់ចាំឆ្នាំ២០២២នោះឡើយ។
អតីតថ្នាក់ដឹកនាំ CNRP ទាំង៩នោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ, ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់, ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ផងដែរ៕