(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ។
ពិធីនេះមានការចូលរួមពី លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ លោកប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរ លោកប្រធានសមាគមដឹកទំនិញ និងតំណាងក្រុមដឹកជញ្ជូនអ្នកដំណើរ និងទំនិញចំនួន ២៦ផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធារី បានបញ្ជាក់ថា ដោយមានគោលការណ៍ណែនាំពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទើបនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានរៀបចំកិច្ចប្រជុំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើការដឹកជញ្ជូនអ្នកដំណើរ និងទំនិញនេះឡើង។
គោលបំណង នៃកិច្ចប្រជុំនោះរួមមាន៖
* ទី១៖ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់វិស័យដឹកជញ្ជូន អ្នកដំណើរ និងទំនិញឲ្យកាន់តែប្រសើរឡើង។
* ទី២៖ ពិភាក្សាស្វែងរកដំណោះស្រាយបញ្ហាប្រឈម ដើម្បីចូលរួមទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សម្រាប់វិស័យដឹកជញ្ជូនអ្នកដំណើរ និងទំនិញ។
* ទី៣៖ ផ្សារភ្ជាប់ការទំនាក់ទំនង ឲ្យកាន់តែស្អិតរមួត រវាងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ជាមួយសមាគម និងក្រុមហ៊ុនដឹកអ្នកដំណើរ និងក្រុមដឹកជញ្ជូនទំនិញ។
ប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់ថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០១៩ ទោះបីមានកំណើនគ្រោះថ្នាក់ ចំពោះរថយន្តដឹកជញ្ជូនទំនិញ ប៉ុន្តែសង្កេតឃើញថា ចំនួនអ្នកស្លាប់ និងអ្នករបួសដែលពាក់ព័ន្ធ ជាមួយក្រុមដឹកជញ្ជូនអ្នកដំណើរមានការថយចុះគួរឲ្យកត់សម្គាល់ ដែលផ្តើមចេញពីស្មារតីចូលរួម គោរពច្បាប់របស់ក្រុមហ៊ុន និងអ្នកបើកបរ ការគ្រប់គ្រងអ្នកបើកបរ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទៀងទាត់ និងការបើកបរដោយប្រុងប្រយ័ត្ន ដែលអាចជាបទពិសោធន៍សម្រាប់អនុវត្តបន្តទៀត។
លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធារី បន្ថែមថា ទន្ទឹមនឹងទទួលបានលទ្ធផល គួរឲ្យកត់សម្គាល់ជាវិជ្ជមានខាងលើ យើងក៏នៅមានបញ្ហាប្រឈម មួយចំនួនផងដែរ ដែលត្រូវរួមគ្នាដោះស្រាយ។
សូមជម្រាបថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០១៩នេះ មានក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងអ្នកដំណើរមួយចំនួនបានបង្ក និងទទួលរងគ្រោះថ្នាក់ចរាចរណ៍ នៅតាមរាជធានី-ខេត្តដូចជា៖
* ទី១៖ចំពោះក្រុមហ៊ុនដឹកអ្នកដំណើរ មានចំនួន០៦លើក លើ០៧លើក ថយចុះ០១លើក
* ទី២៖ចំពោះក្រុមដឹកជញ្ជូនទំនិញ មានចំនួន២០លើក លើ០៤កើនឡើង១៦លើក
* ទី៣៖ចំពោះក្រុមហ៊ុនដឹកជញ្ជូនប្រេងឥន្ធនៈ មានចំនួន០២លើក លើក០២លើកស្មើគ្នា
* ទី៤៖ចំពោះក្រុមហ៊ុនដឹកជញ្ជូនកម្មករមានចំនួន ០៥លើក លើ០៦លើក ថយចុះ០១លើក៕