(កណ្តាល)៖ ប្រជាពលរដ្ឋចំនួន ៧ភូមិនៅក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល បាននាំគ្នាធ្វើដំណើរទៅដល់ចំណុចដីស្រែប្រាំង និងបានធ្វើសកម្មភាពដក និងវាយកំទេចបង្គោលស៊ីម៉ង់ត៍អស់ជាច្រើនដើម ហើយបានស្នើសុំ ដល់អាជ្ញាធរ និងសមត្ថកិច្ចជួយទប់ស្កាត់មានចំណាត់ការ ទៅលើជនខិលខូចមួយក្រុម ដែលបានធ្វើសកម្មភាពលួចបោះបង្គោលជាន់លើដីធ្លីរបស់ពួកគាត់។
ការស្នើសុំនេះ ក្រោយពេលដែលពួកគាត់បានឃើញសកម្មភាពជនខិលខូចទាំងនោះដើរបោះបង្គោល យ៉ាងអនាធិបតេយ្យជាន់លើដីធ្លីរបស់ពួកគាត់។ ប្រជាពលរដ្ឋ បានលើកឡើងថា ដីស្រែប្រាំងរបស់ពួកគាត់ បានកាន់កាប់អាស្រ័យផលតាំងពីទស្សវត្សរ៍ ឆ្នាំ៨០មកម្ល៉េះ។ លុះមកដល់ក្នុងអំឡុងឆ្នាំ២០០៦ ក៏បាននាំគ្នាលក់ឲ្យគេជាបន្តបន្ទាប់មូលហេតុ បណ្តាលមកពីការដាំដុះចេះតែមិនបានផលដោយសារខ្វះខាតទឹក និងសត្វចង្រៃមកយាយីបំផ្លិចបំផ្លាញហើយគ្មានវិធីទប់ស្កាត់ ។
ប្រជាពលរដ្ឋមិនបានបង្ហាញថា ឈ្មួញដីដែលឲ្យជនខិលខូចលួចបោះបង្គោលរំលោភយកដីរបស់ពួកគាត់នោះមានឈ្មោះអ្វីនោះទេ គ្រាន់តែដឹងថា មានក្រុមអ្នករៀបដីចំនួន ៤នាក់ ក្នុងនោះមានជនជាតិវៀតណាមចំនួនពីរនាក់ ទី១ ឈ្មោះ ខូយ ភោគ, ទី២ ឈ្មោះ ឡឹម ឡាំ, ទី៣ ឈ្មោះ ស៊ុ ស៊ីម និងទី៤ ឈ្មោះ ណុច ស៊្រាវ។
អ្នករៀបដីទាំង៤នាក់នេះ បានដើរប្រមូលអត្តសញ្ញាណបណ្ណពីប្រជាពលរដ្ឋ ដែលគ្មានដីកាលពីមុនបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សមាជិកសភានីតិកាលទី៦កន្លងទៅ ដោយលក់ឈ្មោះក្នុងម្នាក់ៗ ទទួលបានប្រាក់កក់ចំនួន៣០ដុល្លារ។ ក្នុងចំណោមប្រជាពលរដ្ឋដែលធ្វើការស្នើសុំនេះ មិនបានបង្ហាញឈ្មោះអ្នកទិញដីនោះទេ។
ពាក់ព័ន្ធនឹងករណីនេះ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល មិនទាន់ទទួលការបំភ្លឺពីលោក ព្រំ ស៊ាម មេឃុំលើកដែកបានទេនៅថ្ងៃនេះ៕