Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្រអែម តម្លៃខ្ទង់ ៥ម៉ឺនដុល្លារ ជាអំណោយលោក អ៊ុន ចាន់ដា ត្រូវបានរៀបចំពិធីក្រុងពាលីសាងសង់នៅថ្ងៃនេះ

03-06-2019 17:03

(ព្រះវិហារ)៖ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្រអែម ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានរៀបចំពិធីក្រុងពាលីសាងសង់ហើយ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក ជូ តុងអាន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជាំក្សាន្ត និងជាអនុប្រធានក្រុមការងារចុះជួយឃុំស្រអែម តំណាងលោក ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក ជូ តុងអាន បានឲ្យដឹងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្រអែម ដែលរៀបចំក្រុងពាលីសាងសង់នៅពេលនេះ ជាអំណោយដ៍ថ្លៃថ្លារបស់លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដោយចំណាយថវិកាសាងសង់អស់ប្រមាណ ៥ម៉ឺនដុល្លារ។

លោកបានឲ្យដឹងទៀតថា អគារនេះមានទំហ៊ំ ១២ម៉ែត្រ គុណ ១៦ម៉ែត្រ សាងសង់អំពីបេតុងប្រក់ក្បឿង។ អគារនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ និងគ្រោងបញ្ចប់ជាស្ថាពរក្នុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ហើយរហូតមកដល់ថ្ងៃនេះ យើងបានរៀបចំចាក់ក្រវ៉ាត់ក្រោមរួចរាល់ហើយ។

លោក ជូ តុងអាន បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិសយ័ ធ្វើឲ្យប្រជាពលរដ្ឋ មានការគាំទ្រយ៉ាងច្រើនលើសលប់ រហូតគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជយ័គ្រប់ការបោះឆ្នោតទាំងអស់នៅក្នុងប្រទេសរបស់យើង។

ដោយឡែក សម្រាប់គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់លោក អ៊ុន ចាន់ដា និងមានការណែនាំផ្ទាល់ពីលោក ស្រី ឌឹក, លោក ដួង សំនៀង អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជាំក្សាន្ត និងជាប្រធានក្រុមការងារចុះជួយឃុំស្រអែម បានធ្វើឲ្យលទ្ធផលបោះឆ្នោតជាច្រើនលើក របស់គណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តព្រះវិហារ ពិសេស ក្នុងស្រុកជាំក្សាន្តក៏ដូចជា តាមឃុំនានាទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់៕