(ភ្នំពេញ)៖ មន្រ្តីតុលាការបានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងមុននេះបន្តិចថា សំណុំរឿងមន្ដ្រីនគរបាលស័ក្ដិ៣ បម្រើការនៅនាយកដ្ឋានការពារព្រំដែនទឹក ដែលលួច iPad មួយគ្រឿង នៅហាងវេលុយមួយកន្លែង ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ។
មន្រ្តីតុលាការដដែលបានបញ្ជាក់ទៀតថា សំណុំរឿងរបស់មន្ដ្រីនគរបាលស័ក្ដិ៣ ឈ្មោះ ហេង ហាប់ បានបញ្ជូនទៅតុលាការនៅថ្ងៃទី០៣ ខែមិថុនានេះ ដើម្បីបន្ដនីតិវិធីទៅតាមផ្លូវច្បាប់ជាធរមាន។
សូមជំរាបថា រុំព័ទ្ធដោយសាររិះគន់ និងប្រតិកម្មជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គម Facebook នៅពេលនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ លួច iPad គេទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិចថា «ករណីនេះខ្ញុំបានបញ្ជាឲ្យសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ទៅកាន់តុលាការដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់នៅថ្ងៃនេះ»។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ មានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅ នាយកដ្ឋានការពារព្រំដែនទឹក និងត្រូវជាកូនប្រុសប្រធាននាយកដ្ឋានទៀតផង ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។
មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់៕