(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់ជាផ្លូវការ, ការផ្លាស់ប្តូរឈ្មោះពីសាលារៀន «អន្ដរជាតិម៉ូឌេន» ទៅជាសាលា «ហ័រីហ្សូន អ៊ិនធើណេសិនណល អាខេដមី» ហើយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ។
ក្នុងពិធីប្រកាសផ្លាស់ប្តូរឈ្មោះជាផ្លូវការរបស់សាលា «ហ័រីហ្សូន អ៊ិនធើណេសិនណល អាខេដមី» លោក អ៊ុន ប៊ុនថន នាយកសាលាបានឲ្យដឹងថា «ជាមួយនឹងភាពជោគជ័យជាបន្តបន្ទាប់ក្នុងបេសកកម្ម ដើម្បីអភិវឌ្ឍធនធាមនុស្សរបស់សាលាយើងខ្ញុំ មានកម្មវិធីបណ្តុះបណ្តាលតែងតែរក្សាបាននូវទំនុកចិត្តខ្ពស់ពីសំណាក់បុគ្គលិក និងអតិថិជនលើការបណ្តុះបណ្តាល ដែលប្រកាន់ខ្ជាប់នូវវប្បធម៌ វិន័យ គុណភាព តម្លាភាព និងសីលធម៌វិជ្ជាជីវៈ»។
លោកបន្ថែមថា បទពិសោធន៍ និងភាពចាស់ទុំ បានស្ថិតនៅលើមូលដ្ឋានបណ្តុះបណ្តាល និងការគ្រប់គ្រងចាត់ចែងមានលក្ខណៈ ជាប្រព័ន្ធយ៉ាងរឹងមាំឆ្ពោះទៅឧត្តមភាព និងកិត្យានុភាពនៅកម្ពុជា។
គួរជម្រាបថា សាលា «ហ័រីហ្សូន អ៊ិនធើណេសិនណល អាខេដមី» គឺជាគ្រឹះស្ថានអប់រំចំណេះទូទៅមួយ ដែលមានកម្មវិធីសិក្សាសំខាន់ៗចំនួន៣គឺ៖ កម្មវិធីចំណេះទូទៅខ្មែរថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ កម្មវិធីចំណេះទូទៅភាសាអង់គ្លេស ចាប់ទីថ្នាក់ទី១ដល់ថ្នាក់ទី៩ និងកម្មវិធីទារកដ្ឋានចាប់ពីអាយុ១ឆ្នាំ ដល់អាយុ៩ឆ្នាំ។
លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានឲ្យដឹងដែរថា រូបលោកពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានឃើញពីការរីកចម្រើន នៃវិស័យឯកជនផ្នែកបណ្តុះបណ្តាលធនធានមនុស្ស និងជាពិសេសបានឃើញពីការលូតលាស់ឡើងនៃទំពាំងស្នងឫស្សីនៅកម្ពុជា។
ក្រោយពីបានបង្ហាញនូវទឹកចិត្តសប្បាយចិត្ត លោកអនុប្រធានមន្ទីរអប់រំនៃរាជធានីភ្នំពេញ ក៏បានអំពាវនាវ និងណែនាំ ដល់លោកគ្រូ អ្នកគ្រូ ដែលជាថ្នាលបណ្តុះបណ្តាលដល់សិស្សជំនាន់ក្រោយ ត្រូវតែមានគរុកោសល្យត្រឹមត្រូវច្បាស់លាស់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានដាក់ឡើង គឺដើម្បីធ្វើយ៉ាងណាឲ្យវិស័យអប់រំនៅកម្ពុជាកាន់តែមានការរីកចម្រើនច្រើនជាងពេលនេះទៀត។
បន្ថែមពីនេះ លោក អ៊ុន ប៊ុនថន នាយកសាលា ក៏បានបង្ហាញពីគំរូដ៏ល្អមួយដោយបានលើកឡើងថា តាមបទដ្ឋានអន្ដរជាតិ ដើម្បីបង្កើតបរិយាកាសរៀនសូត្រល្អ ព្រមទាំងប្រើប្រាស់កម្មវិធីសិក្សាខា្នតអន្ដរជាតិ ដោយយកចិត្ដទុកដាក់ខ្ពស់ លើការបង្កើនចំណេះ ជំនាញត្រិះរិះ វិភាគ លេខនព្វន្ដ បំណិន ព័ត៌មានវិទ្យាដល់សិស្សានុសិស្ស តាមរយៈវិធីសាស្រ្ដសិក្សាទំនើបៗដូចជា ៖ ការអង្កេត ស្រាវជ្រាវ ការវិភាគ ដោយលោកគ្រូ អ្នកគ្រូ សាស្រ្ដាចារ្យ មានគុណវុឌ្ឍិខ្ពស់ ផ្សារភ្ជាប់ជាមួយនឹងទស្សនកិច្ចសិក្សា ដំណើរកម្សាន្ដ និងវិធីសាស្ត្រជាច្រើនទៀតផងដែរ៕