(តាកែវ)៖ លោក កង ឥន្រ្ទីយ៍ ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានទទួលនូវរងនូវការស្ដីបន្ទោសពីសមាជិកគណៈកម្មាធិការទី៧ នៃរដ្ឋសភា បន្ទាប់ពីលោកបានឆ្លើយតបរដាក់រដុប និងគ្មានការទទួលខុសត្រូវពាក់ព័ន្ធទៅនិងសំនួររបស់សមាជិកគណៈកម្មាធិការទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ដែលបានចុះជួបសំណេះសំណាល និងស្វែងយល់ពីសភាពការរួមរបស់រដ្ឋបាលខេត្តតាកែវនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្តតាកែវ លោក គោ ស៊ុសារឿត សមាជិកគណៈកម្មាធិការទី៧ នៃរដ្ឋសភា បានចោទសួរលោកប្រធានមន្ទីរទេសចរណ៍ខេត្ត ពីចក្ខុវិស័យ និងវិធីសាស្រ្តយ៉ាងដូចម្ដេច ក្នុងការទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិឲ្យចូលមកកម្សាន្តនៅក្នុងខេត្តតាកែវ ដែលជាខេត្តវ័យចំណាស់មួយឲ្យកាន់តែច្រើនឡើង?

ឆ្លើយតបទៅនិងការចោទសួររបស់សមាជិកគណៈកម្មាការទី៧រដ្ឋសភា លោក កង ឥន្រ្ទីយ៍ បានឆ្លើយបង្វែសំណួរទៅរឿងកញ្ចប់ថវិកាដែលប្រមូលបានពីផ្ទះសំណាក់សណ្ឋាគារ ក្លិបកម្សាន្ត ដោយបង់ចូលទៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត។

លោក គោ ស៊ុសារឿត សមាជិកគណៈកម្មាធិការទី៧ នៃរដ្ឋសភា បានចាត់ទុកការឆ្លើយតបសំណួររបស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ មិនចំគោលដៅ និងបានណែនាំដល់លោកប្រធាន មន្ទីរឲ្យរៀបចំ ផែនការ ឲ្យបានច្បាស់លាស់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តតាកែវ ឲ្យបានប្រសើរឡើង ព្រោះខេត្តតាកែវ ពោពេញទៅដោយសក្ដានុពលទេសចរណ៍ធម្មជាតិ និងប្រសាទបុរាណ ដែលមានភាពងាយស្រួលក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យចូលមកកម្សាន្តកាន់តែច្រើនឡើងថែមទៀត៕