(ព្រះសីហនុ)៖ ជនដៃដល់ដែលសម្លាប់ក្មេងតូចទាំងពីរនាក់ គឺជាមុខសញ្ញាដ៏គ្រោះថ្នាក់មួយ និងបានប្រព្រឹត្តបទល្មើសជាបន្ដបន្ទាប់ពីអតីតកាល រហូតសមត្ថកិច្ចចាប់ខ្លួន និងជាប់ពន្ធនាគារទៀតផង។
ក្រោយបញ្ចប់ការសួរចម្លើយជាបឋម នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ជនដៃដល់រូបនេះ មិនមែនទើបតែប្រព្រឹត្តបទល្មើសលើកទី១នេះឡើយ ដោយរូបគេធ្លាប់បានប្រព្រឹត្តបទល្មើសបែបនេះកាលពីពេលកន្លងទៅផងដែរ ក្នុងនោះរហូតមានការជាប់ ពន្ធនាគារទៀតផង។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ឲ្យដឹងថា អំឡុងឆ្នាំ២០០១-២០០២ ជននេះបានចាប់រំលោភគេនៅស្រុកកំណើត ប៉ុន្ដែមិនបានសម្រេច រួចហើយបានរត់គេចខ្លួនចេញពីស្រុកកំណើត ទៅធ្វើជាកម្មករសំណង់នៅព្រែកលាប ហើយបានលួចខ្សែភ្លើងរហូតម្ចាស់ប្តឹងចាប់ដាក់ពន្ធនាគារ។ ក្រោយចេញពីពន្ធនាគារជននេះបានទៅខេត្តពោធិ៍សាត់ ក៏ជួបប្រពន្ធរបស់ខ្លួននេះ ដែលជាស្ដ្រីមេម៉ាយកូន៥នាក់។ បន្ទាប់មកពួកគេទាំងពីរនាក់ បានចេញមកធ្វើសំណង នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុនបន្ដទៅធ្វើដំណើរនៅក្រុងបាវិត ខេត្តស្វាយរៀង នៅដើមឆ្នាំ២០១៨។
ពេលនៅក្នុងក្រុងបាវិត ជនម្នាក់នេះក៏បានចាប់រំលោភយុវតីម្នាក់ អាយុខ្ទង់១៤-១៥ឆ្នាំ រួចគេចខ្លួនជាមួយប្រពន្ធទៅធ្វើជាកម្មករសំណងនៅកន្លែងកើតហេតុ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មុនពេលកើតហេតុជនដៃដល់រូបនេះ អង្គុយផឹកស្រាស នៅផ្ទះបានកន្លះលីត្រ ក៏ប្រើឲ្យប្រពន្ធរបស់ខ្លួន ជាស្ដ្រីមេម៉ាយកូន ៥នាក់ ទៅទិញពងទាកូនសម្រាប់ក្លែម។ ដោយសារតែប្រពន្ធទៅយូរពេក ខ្លួនបានបន្ដផឹកស្រារហូតដល់មួយលីត្រកន្លះ រួចក៏ដើរទៅតាមប្រពន្ធ ពេលឃើញក្មេងស្រីរងគ្រោះនៅក្នុងផ្ទះក៏ចូលទៅចាប់ទាំងកម្រោល និងប្រើហិង្សារហូតនាងស្លាប់ ពេលនេះកុមារាជាប្អូនបានឃើញដូច្នេះក៏ស្រែចយំ ស្រាប់តែរូបគេបានទះកំផ្លៀង៥-៦ដៃ ហើយទាត់ផ្ទប់ជញ្ជាំងស្លាប់មួយរំពិច មុននាំប្រពន្ធគេចខ្លួនទៅកាន់ស្រុកកំណើត នៅឯស្រុកមេសាង ខេត្តព្រៃវែងតែម្ដង។
ប្រតិបត្តិការបង្ក្រាបឃាតករូបនេះ បានធ្វើឡើងដោយកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាន ដោយមានកិច្ចសហការពីនគរបាលខេត្តព្រះសីហនុ នគរបាលរាជធានីភ្នំពេញ នគរបាលខេត្តស្វាយរៀង និងនគរបាលខេត្តព្រៃវែង។
នៅអំឡុងពេលចុះប្រតិបត្តិការចាប់ជនដៃដល់រូបនេះ កម្លាំងសមត្ថកិច្ចបានតាមប្រមាញ់ប្រើពេល ៣ថ្ងៃ នៅខេត្តព្រៃវែង មុនបុកចូលទៅយកនៅក្នុងផ្ទះជីដូនមួយរបស់ខ្លួន ដោយចាក់សោរពីក្រៅដើម្បីបន្លំភ្នែក។ ពេលចូលទៅបង្ក្រាបជនដៃដល់បានកាន់កាំបិតផ្គាក់មួយ រហូតសមត្ថកិច្ចបង្ខំបាញ់ចំនួន៣គ្រាប់ ដើម្បីបន្លាច។ ប៉ុន្តែភ្លាមៗនោះជននេះបានរត់ឡើង ទៅលើដំបូលផ្ទះ។ ដោយឃើញស្ថានភាពបែបនេះ លោក ជាវ វិបុល បានលួងលោមរហូតចាប់វាយខ្នោះតែម្តង។
នៅរសៀលថ្ងៃនេះ ជាការសម្រេចចុងក្រោយ និងមានគោលការណែនាំ ពីអគ្គស្នងការនគរបាលជាតិ នៅពេលនេះសមត្ថកិច្ច មិនបញ្ជូនជនដៃដល់ដែលសម្លាប់ក្មេងទាំងពីរនាក់ ទៅធ្វើត្រាប់នៅកន្លែងកើតហេតុនោះឡើយ ដោយសារតែប្រជាពលរដ្ឋជិត ១ពាន់នាក់ កំពុងរង់ចាំនៅទីនោះ នឹងអាចព្រួតវាយសម្លាប់ចោលព្រោះតែកំហឹងរបស់ពួកគាត់។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅពេលនេះសមត្ថកិច្ចរបស់យើង សម្រេចដោយមិនបញ្ជូនជនសង្ស័យទៅធ្វើត្រាប់នៅកន្លែងកើតហេតុនោះឡើយ ដោយសារតែនៅទីនោះ មានប្រជាជនពី៥ ទៅ៦០០នាក់ នឹងបន្ដមកថែមទៀតរង់ចាំ ដូច្នេះពួកគាត់អាចផ្ទុះកំហឹងខ្លាំង ឈានដល់ការវាយសម្លាប់ជនសង្ស័យ នឹងអាចប៉ះពារជាមួយកងកម្លាំងសមត្ថកិច្ចយើងទៀតផង»។
យោងតាមសេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលកំពុងរង់ចាំមើលមុខជនដៃដល់ទាំងអស់ នៅក្នុងដៃខ្លះក៏មានកាន់ដំបង ហើយខ្លះក៏មានកាន់ដុំថ្មផងដែរ ដោយពួកគាត់អះអាងថា នឹងវាយជនដៃដល់ដើម្បីបញ្ចេញកំហឹងជូនក្រុមគ្រួសារ ក៏ដូចជាជនរងគ្រោះទាំងពីរនាក់បងប្អូន ដែលបានស្លាប់។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវបានលោកសួរនាំផ្ទាល់ និងត្រៀមកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ជនដៃដល់ជនដៃដល់ មាង វិចិត្រ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី នៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់។ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅរសៀលថ្ងៃម្សិលមិញ នៅស្រុកកំណើតស្រុកមេសាង ខេត្តព្រៃវែង។
អំពើឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ដោយកុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុជិត១០ឆ្នាំ៕