(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា តំណាងរាស្ត្រកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាក្រោយសង្គ្រាម បានបង្ហាញនូវសក្ខីកម្មជោគជ័យដ៏អស្ចារ្យស្តីពីការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច ដោយចាប់តាំងពីទទួលបានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ ដែលមានអត្រាកំណើនជាមធ្យម ៨%ក្នុងមួយឆ្នាំ។ លើសពីនេះទៅទៀត អត្រាភាពក្រីក្របានធ្លាក់ចុះជាលំដាប់ពី ៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹមតែ ១០% នៅក្នុងឆ្នាំ២០១៩។ ស្របពេលជាមួយគ្នានេះ វិស័យអប់រំ និងវិស័យសុខាភិបាល មានការរីកចម្រើនគួរឱ្យកត់សម្គាល់។
លោក សួស យ៉ារ៉ា បានបន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដ៏ឆាប់រហ័ស និងសមិទ្ធិផលដទៃទៀតទាំងអស់ ដែលកម្ពុជាសម្រេចបានកន្លងមក ជាលទ្ធផលនៃសន្តិភាព និងស្ថិរភាព ដែលបានមកដោយលំបាក តាមរយៈយុទ្ធសាស្រ្តដែលមានការគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីផ្សះផ្សារជាតិ និងកសាងសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់នៅក្នុងសម័យប្រជុំលើកទី៧៥ នៃសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN-ESCAP) នៅទីក្រុងបាងកកកាលពីដើមសប្តាហ៍នេះថា សន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ដែលមានលក្ខណៈបរិយាប័ន្ន និងស្មើភាពគ្នា គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជាតិ។
ជាក់ស្តែងសក្ខីភាពមួយ ដែលបង្ហាញអំពីគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានអនុវត្តតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល និងការបែកបាក់ផ្នែកមនោគមវិជ្ជា។ តាមរយៈការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី គោលនយោបាយឈ្នះ-ឈ្នះ មិនត្រឹមតែបានផ្តល់នូវសុវត្ថិភាព និងសន្តិសុខដល់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវវឌ្ឍនភាពសង្គម និងវិបុលភាពសេដ្ឋកិច្ច។ ការផ្តល់នឹងការការពារកម្មសិទ្ធិឯកជន រួមទាំងដីសម្បទានសង្គមកិច្ចត្រូវបានអនុវត្តនៅទូទាំងប្រទេស។
លោក សួស យ៉ារ៉ា បានគូសបញ្ជាក់ថា ការអភិវឌ្ឍជាតិ គឺជាការងារដែលត្រូវធ្វើជាបន្ត ហើយរាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធសាស្រ្តអភិវឌ្ឍន៍ ប្រកបដោយភាពច្នៃប្រឌិតឥតឈប់ឈរ។ ជាឧទាហរណ៍រាជរដ្ឋាភិបាលកម្ពុជា បានផ្តួចផ្តើមផែនការអភិវឌ្ឍមួយប្រកបដោយមហិច្ឆតាខ្ពស់ ដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។ ប្រជាពលរដ្ឋម្នាក់ៗ នឹងត្រូវទទួលបាននូវការការពារសង្គមដូចៗគ្នានៅក្នុងកម្មវិធីបណ្តាញសុវត្ថិភាពសង្គម។
រាជរដ្ឋាភិបាលកម្ពុជាបានណែនាំ និងអនុវត្តគោលនយោបាយធំៗ ចំនួនបី ដើម្បីសម្រេចបាននូវចក្ខុវិស័យសកលស្តីពី «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល»។ (ទី១) ក្របខ័ណ្ឌគោលនយោបាយការពារជាតិឆ្នាំ២០១៦-២០២៥ មានគោលដៅលើកកម្ពស់សុវត្ថិភាពប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្របខ័ណ្ឌនេះត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន និងពង្រឹងសាមគ្គីភាពសង្គម។ (ទី២) មូលនិធិសមធម៌សុខាភិបាលរបស់រាជរដ្ឋាភិបាល កំពុងដំណើរការដើម្បីផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃដល់ជនក្រីក្រ និងប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ ព្រមទាំងកុមារអាយុក្រោម ២ឆ្នាំ ដែលគ្រួសារមានជីវភាពក្រីក្រនៅទូទាំងប្រទេស។ (ទី៣) គោលនយោបាយជាតិសម្រាប់មនុស្សវ័យចំណាស់ ឆ្នាំ២០១៧-២០៣០ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់មនុស្សវ័យចំណាស់ និងដោះស្រាយបញ្ហាប្រឈមនានា។
លោក សួស យ៉ារ៉ា បានបន្ថែមថា ការសម្រចបាននូវកំណើនប្រកបដោយបរិយាប័ន្ន និងសមធម៌ និងការអភិវឌ្ឍន៍ដែលរឹងមាំសម្រាប់សង្គមក្រោយសង្គ្រាម គឺជាបញ្ហាប្រឈមជាសាកល។ កម្ពុជា ក៏ជាប្រទេសស្ថិតនៅក្នុងការប្រឈមនេះដែរ។ ជាឧទាហរណ៍ ផលចំណេញពីកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនទាន់បានបែងចែកដោយយុត្តិធម៌ និងសមធម៌នៅឡើយ។ ម្យ៉ាងវិញទៀត វិសមភាពសេដ្ឋកិច្ចសង្គម ដែលនៅតែជាបញ្ហាប្រឈមដល់ការអភិវឌ្ឍន៍ ត្រូវបានបង្កភាពស្មុគស្មាញដោយវិសមភាពផ្នែកកលានុវត្តភាពសេដ្ឋកិច្ចជាទូទៅ។ ជាការកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ នៅតែមានការអភិវឌ្ឍតិចតួចបើប្រៀបធៀបទៅនឹងតំបន់ទីក្រុង។ កត្តាទាំងនេះគួបផ្សំនឹងទីផ្សារការងារក្នុងស្រុកទន់ខ្សោយ បានជំរុញឱ្យមានការធ្វើចំណាកស្រុកទៅកាន់ប្រទេសជិតខាង និងក្នុងតំបន់។
នៅក្នុងស្មារតីនៃការនាំប្រទេសឆ្ពោះទៅរកទិសដៅរីកចម្រើន និងអភិវឌ្ឍប្រកបដោយចីរភាព កម្ពុជាត្រូវការយុទ្ធសាស្រ្តអភិវឌ្ឍដ៏ទូលំទូលាយ និងស៊ីជម្រៅមួយ និងអភិក្រមអភិវឌ្ឍន៍ដែលមានការសម្របសម្រួលគ្នាបានល្អ។ យុទ្ធសាស្ត្រអភិវឌ្ឍនឹងកំណើនសេដ្ឋកិច្ចរយៈពេលវែង ទាមទារការប្រកាន់ខ្ជាប់នូវសេដ្ឋកិច្ច និងសង្គមដែលមានបរិយាប័ន្ន ធន់ទ្រាំនឹងវិបត្តិ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោក សួស យ៉ារ៉ា បានគូសបញ្ជាក់បញ្ជាក់បន្ថែមថា មុំទីមួយនៃការអភិវឌ្ឍ គឺការអភិវឌ្ឍនៅតាមទីជនបទ ព្រោះជាគន្លឹះសំខាន់ដើម្បីសម្រេចបាននូវការអភិវឌ្ឍបរិយាប័ន្ន និងប្រកបដោយចីរភាព។ ការអភិវឌ្ឍសេដ្ឋកិច្ចជនបទនឹងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ទីក្រុង និងជនបទ ព្រមទាំងលើកកម្ពស់ភាពធន់ទ្រាំសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលត្រូវបានប្រកាសជាផ្លូវការនៅខេត្តសៀមរាបនៅដើមឆ្នាំ២០១៩ បានផ្តួចផ្តើមគំនិតអភិវឌ្ឍន៍ភូមិនវានុវត្តន៍មួយ ដែលមានឈ្មោះថា គម្រោងតេជោភូមិគំរូ១០០ (Techo 100 Model Villages Project) មានចរិតលក្ខណៈបែបកម្ពុជា។ អក្សរកាត់ TECHO តំណាងឱ្យបច្ចេកវិទ្យា និងទស្សនាទាន (Technology and Thought), អប់រំ និងអេកូឡូហ្ស៊ី (Education and Ecology), វប្បធម៌ និងសហគមន៍ (Culture and Community), មនុស្សជាតិ និងប្រវត្តិសាស្ត្រ (Humanity and History) និងសរីរាង្គ និងប្រភពដើម (Organic and Original)។
គម្រោងតេជោភូមិគំរូ១០០ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តតភ្ជាប់ចំណុច។ ភូមិគំរូនឹងត្រូវបានផ្សារភ្ជាប់នឹងប្រមូលផ្តុំគ្នា ដោយផ្អែកលើគុណសម្បត្តិប្រៀបធៀប ដែលមានស្រាប់នឹងសក្តានុពលអភិវឌ្ឍន៍។ ភូមិទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងតំបន់ទីក្រុង តាមរយៈគម្រោងតភ្ជាប់តំបន់ជនបទ និងទីក្រុង ដូចជាតាមរយៈការដឹកជញ្ជូន និងទូរគមនាគមន៍ ដើម្បីជួយសម្រួលដល់ការបង្កើតតម្លៃបន្ថែម នៅក្នុងខ្សែចង្វាក់ផលិតកម្ម និងការផ្លាស់ប្តូរនៃទំនិញ និងសេវាកម្ម។ ការតភ្ជាប់បណ្តាញរវាងជនបទ និងទីក្រុងនឹងជួយសម្រួលដល់ការរីកចម្រើននៃគំនិត និងចំណេះដឹង ការផ្លាស់ទីរបស់ប្រជាជន និងការបង្កើនផលិតភាព និងនវានុវត្តន៍។ ការភ្ជាប់នេះនឹងរួមចំណែកដល់ការបង្រួមគម្លាតអភិវឌ្ឍន៍ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
លោក សួស យ៉ារ៉ា បន្ថែមថា ដោយសារចំណេះដឹង និងដំណោះស្រាយនៅកន្លែងជាក់ស្តែង មានសារៈសំខាន់ក្នុងការកសាងភាពរីកចម្រើនមួយ ដែលធន់ទ្រាំនឹងវិបត្តិ និងប្រកបដោយបរិយាប័ន្ន គម្រោងតេជោភូមិគំរូ១០០ នឹងដើរតួនាទីដោះស្រាយវិបត្តិទាំងនោះ។ គម្រោងនេះក៏នឹងបង្កើតកម្លាំងរុញច្រានថ្មី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅតាមជនបទក្នុងប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍនវានុវត្តន៍អភិបាលកិច្ចជនបទ ការកសាងសមត្ថភាពដឹកនាំ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ បច្ចុប្បន្ន វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) កំពុងអនុវត្តគម្រោងស្រាវជ្រាវសាកល្បងមួយចំនួន នៅក្នុងខេត្តព្រះវិហារ និងខេត្តតាកែវ។ គម្រោងទាំងនេះរំពឹងថានឹងត្រូវបានពង្រីកដល់គ្រប់ខេត្ត-ក្រុង ទាំង២៥របស់កម្ពុជា។ បទពិសោធ និងមេរៀនដែលទទួលបានពីគម្រោងនេះ នឹងត្រូវបានចែករំលែកជាមួយភូមិដទៃទៀតនៅទូទាំងប្រទេស ហើយគម្រោងស្រដៀងគ្នានេះអាចត្រូវបានចម្លង និងអនុវត្តនៅក្នុងបណ្តាប្រទេសអាស៊ីដទៃទៀត។
លោកតំណាងរាស្ត្ររូបនេះ បានបញ្ជាក់ទៀតថា មុំអភិវឌ្ឍន៍មួយទៀត គឺជាការអភិវឌ្ឍទីក្រុងឆ្លាតវៃ ដែលជាសមាសធាតុដ៏សំខាន់នៃចក្ខុវិស័យអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ ចក្ខុវិស័យនេះ ធ្វើតាមការបំផុសគំនិតនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន (ASCN) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្នុងគោលបំណងដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជនដោយប្រើប្រាស់បច្ចេកវិទ្យា។ ខេត្តបាត់ដំបង ភ្នំពេញ និងសៀមរាប ស្ថិតនៅក្នុងចំណោមបណ្តាទីក្រុងដែលមានក្នុងបណ្តាញអាទិភាព។ ទីក្រុងនានាត្រូវការកម្មវិធី និងផែនការអភិវឌ្ឍន៍កាន់តែប្រសើរឡើង ដើម្បីសម្រេចបាននូវការអភិវឌ្ឍទីក្រុងដែលឆ្លាតវៃ បរិយាប័ន្ន និងបរិស្ថានល្អ។ ក្នុងគោលដៅឆ្ពោះទៅមុខ ប្រទេសកម្ពុជាត្រូវការផែនការមេដ៏ស៊ីជម្រៅមួយស្តីពីការអភិវឌ្ឍទីក្រុងឆ្លាតវៃ ដោយគិតគូរលើការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា ទំនើបកម្មនិងប្រសិទ្ធភាពសេដ្ឋកិច្ច សម្បត្តិវប្បធម៌ ការអភិវឌ្ឍទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។
មុំអភិវឌ្ឍន៍ទីបី គឺការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីចាប់យកឱកាស ដែលទទួលបានពីបដិវត្តន៍ឧស្សាហកម្មទីបួន ដែលត្រូវបានគេស្គាល់ថាឧស្សាហកម្ម ៤.០ នឹងត្រូវការដំណើរការជាចាំបាច់។ កម្ពុជាត្រូវការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល ដើម្បីធានាថា គ្រប់គ្នាទទួលបានអត្ថប្រយោជន៍ពីបដិវត្តន៍បច្ចេកវិទ្យា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃបច្ចេកវិទ្យា និងដើម្បីទប់ស្កាត់ហានិភ័យនៃសុវត្ថិភាពអ៊ីនធឺណិត។
ជារួមដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍប្រកបដោយបរិយាប័នរបស់ខ្លួន ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ កម្ពុជាត្រូវការយុទ្ធសាស្រ្តតភ្ជាប់ចំណុច រួមជាមួយកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តវិនិយោគលើការអភិវឌ្ឍន៍ជនបទ ការអភិវឌ្ឍទីក្រុងឆ្លាតវៃ សេដ្ឋកិច្ចឌីជីថល និងការតភ្ជាប់រវាងជនបទ និងទីក្រុង៕