(ភ្នំពេញ)៖ អង្គបុរេជំនុំជម្រះ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍ ក្នុងសំណុំរឿង ០០៤/២ ដែលមានជនត្រូវចោទឈ្មោះ អោ អាន នៅថ្ងៃទី១៩ ថ្ងៃទី២០ និងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ មុននឹងអង្គបុរេជំនុំជម្រះចេញសាលដីកាថា តើជនត្រូវចោទរូបនេះ ត្រូវបញ្ជូនទៅជំនុំជម្រះ ឬត្រូវលើកលែងការចោទប្រកាន់នៅចំពោះមុខអង្គជំនុំវិសាមញ្ញក្នុងតុលាការកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមដែលចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០១៩នេះ។
លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម បានឱ្យដឹងថា អង្គបុរេជំនុំជម្រះបានទទួលបណ្តឹងឧទ្ធរណ៍ដាក់ដោយសហព្រះរាជអាជ្ញាជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ បណ្តឹងឧទ្ធរណ៍ដាក់ដោយសហមេធាវីការពារក្តីជនត្រូវចោទ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ប្រឆាំងនឹងដីកាដំណោះស្រាយ (ដីកាបញ្ជូនទៅជំនុំជម្រះ) ដែលចេញដោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងសំណុំរឿង ០០៤/២ និងបណ្តឹងឧទ្ធរណ៍ដាក់ដោយសហព្រះរាជអាជ្ញាអន្តរជាតិ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ប្រឆាំងនឹងដីកាលើកលែងចោទប្រកាន់ជនត្រូវចោទ ដែលចេញដោយសហចៅក្រមស៊ើបអង្កេតជាតិ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងសំណុំរឿង ០០៤/២។
លោកបានលើកឡើងថា សហព្រះរាជអាជ្ញាជាតិ សហព្រះរាជអាជ្ញាអន្តរជាតិ និងសហមេធាវីជាតិ-អន្តរជាតិការពារក្តីជនត្រូវចោទ នឹងមានសិទ្ធិលើកឡើងពីទឡ្ហីករណ៍របស់ខ្លួន។ ប្រសិនបើជនត្រូវចោទមានវត្តមាន ជនត្រូវចោទនឹងទទួលបានឱកាស ដើម្បីធ្វើសេចក្តីសន្និដ្ឋានផ្ទាល់ខ្លួន នៅពេលចុងបញ្ចប់បិទសវនាការ។ នៅពេលបិទបញ្ចប់សវនាការ អង្គបុរេជំនុំជម្រះនឹងធ្វើការពិចារណា ដើម្បីចេញសាលដីកាសម្រេចលើបណ្តឹងឧទ្ធរណ៍។ អង្គបុរេជំនុំជម្រះនៃ អ.វ.ត.ក មានសមាសភាពចៅក្រមជាតិចំនួនបីរូប និងចៅក្រមអន្តរជាតិចំនួនពីររូប។ ក្នុងនាមជាអង្គជំនុំជម្រះដោះស្រាយបណ្តឹងឧទ្ធរណ៍ អង្គបុរេជំនុំជម្រះ អាចបើកសវនាការលើសំណើ និងបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកា និងសេចក្តីសម្រេចដែលចេញដោយសហចៅក្រមស៊ើបអង្កេត។
សូមគូសបញ្ជាក់ថា សហចៅក្រមស៊ើបអង្កេត នៃសាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៨ បានចេញដីកាដំណោះស្រាយពីរដាច់ដោយឡែកពីគ្នា ក្នុងសំណុំរឿងប្រឆាំង អោ អាន ដោយយោងតាមកំណត់ត្រាខ្វែងយោបល់អំពីថាតើ អោ អាន ស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ជាមេដឹកនាំជាន់ខ្ពស់ ឬជាបុគ្គលម្នាក់ក្នុងចំណោមអ្នកទទួលខុស ត្រូវខ្ពស់បំផុតឬទេ។
សហចៅក្រមស៊ើបអង្កេតអន្តរជាតិ យល់ឃើញថា អោ អាន ស្ថិតនៅក្រោមយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ដែលជាបុគ្គលម្នាក់ក្នុងចំណោមអ្នកទទួលខុសត្រូវខ្ពស់បំផុត ហើយមានភស្តុតាងគ្រាប់គ្រាន់ចោទប្រកាន់ ប្រឆាំងគាត់ពីបទប្រល័យពូជសាសន៍ជនជាតិចាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក៏ដូចជាបទល្មើសឧក្រិដ្ឋ ផ្សេងទៀតដែលស្ថិតក្រោមច្បាប់កម្ពុជា។
ចំណែកសហចៅក្រមស៊ើបអង្កេតជាតិ ពិចារណាឃើញថា អោ អាន មិនស្ថិតនៅក្រោមយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ទាំងពីរប្រភេទគឺមិនមែនជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយុ្យ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលត្រូវយកមកជំនុំជម្រះក្តីឡើយ ហើយសម្រេចលើកលែងចោទប្រកាន់លើ អោ អាន ដោយហេតុផលនោះ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សវនាការនៅថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៩ នេះមិនមែនជាសវនាការលើអង្គហេតុទេ ប៉ុន្តែជាសវនាការដើម្បីអង្គបុរេជំនុំជម្រះស្តាប់ទឡ្ហីករណ៍ពីភាគីនៅក្នុងសំណុំរឿង មុនពេលដែលអង្គបុរេជំនុំជម្រះចេញសាលដីកាលើបណ្តឹងឧទ្ធរណ៍ទាំងនោះថាតើជនត្រូវចោទរូបនេះត្រូវបញ្ជូនទៅជំនុំជម្រះ ឬត្រូវលើកលែងការចោទប្រកាន់៕