(ព្រះសីហនុ)៖ ប្រជាពលរដ្ឋ, មន្ត្រីរាជការ និងអាណាព្យាបាលរស់នៅទីប្រជុំជនក្នុងក្រុងព្រះសីហនុ បង្ហាញអារម្មណ៍ព្រួយបារម្ភអំពីសុខសុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវសាធារណៈក្នុងក្រុងទេសចរណ៍មួយនេះ ខណៈគេសង្កេតឃើញថា រាល់ថ្ងៃនេះមានរថយន្តរបស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់តិ៍មួយចំនួន បានបើកបរតាមផ្លូវមានឥរិយាបទមិនសមរម្យ ដោយបើកបរប្រសេចប្រសាច និងមានល្បឿនលឿន បានធ្វើសកម្មភាពពាសពេញផ្លូវដោយគ្មានបំរាមការហាមឃាត់។
សកម្មភាពរបស់រថយន្តក្រឡុកស៊ីម៉ង់តិ៍ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋភាគច្រើន បានផ្តល់ព័ត៌មានមកថា បានបង្កគ្រោះថ្នាក់ចរាចរបុករះ ខូចខាតរថយន្តអ្នកដំណើរមួយចំនួននៅតាមផ្លូវសាធារណៈ។ ជាពិសេសបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើនករណីថែមទៀតផង។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋភាគច្រើនរស់នៅក្រុងព្រះសីហនុ បានលើកជាសំណួរថា តើអាជ្ញាធរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ គួរមានចំណាត់ការបែបណាទៅលើ ក្រុមហ៊ុនរថយន្តក្រឡុកស៊ីម៉ងតិ៍ ដែលកំពុងបើកចូលក្រុងពេលថ្ងៃ ហើយតែងបង្កឲ្យមានកកស្ទះ ជាពិសេសបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ របួសមនុស្ស ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិឯកជន និងរដ្ឋស្ទើរជារៀងរាល់ថ្ងៃជាបន្តបន្ទាប់មកនេះ..?។
ជាក់ស្តែងកាលពីវេលាម៉ោងជាង ៨យប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ មានជនរគ្រោះម្នាក់បានស្លាប់ បណ្តាលមកពីរថយន្តក្រឡុកសុីម៉ង់តិ៍១គ្រឿង របស់ក្រុមហ៊ុន SCC បានបុកកិនទៅលើម៉ូតូ១គ្រឿង បន្ទាប់មកក៏បានជ្រុលបុកចូលការដ្ឋានសំណង់មួយកន្លែងទៀត នៅតាមផ្លូវបេតុង ចុះពីសង្កាត់លេខ១ មករោងចក្រអូរ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរខាងលើនេះ គឺជាជាគ្រូបង្រៀននៅសាលាបឋមសិក្សាហ៊ុន សែន មិត្តភាពក្រុងព្រះសីហនុ ដោយជនរងគ្រោះ បានស្លាប់នៅកន្លែងកើតហេតុតែម្តង។
តាមរបាយការណ៍របស់នគរបាលចរាចរណ៍ខេត្តព្រះសីហនុ ឲ្យដឹងថា ជនរងគ្រោះរូបនេះមានឈ្មោះ ជា សុីវ៉ាន់ ភេទប្រុស មានមុខរបរជាគ្រូបង្រៀន ត្រូវបានរថយន្តក្រឡុកស៊ីម៉ង់តិ៍របស់ក្រុមហ៊ុន SCC ដែលតាមការអះអាងថា បានដាច់ហ្រ្វាំង ពេលចុះផ្លូវចំណោត រួចក៏បានបុកសង្កត់ពីលើជនរងគ្រោះកំពុងជិះម៉ូតូបណ្តាលឲ្យជនរងគ្រោះស្លាប់គៀបជាប់នៅពីក្រោមរថយន្ត។
តាមសាក្សីឃើញហេតុការណ៍ផ្ទាល់បញ្ជាក់ថា ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូម៉ាក សេ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ តាមផ្លូវចំណោតខាងលើនេះ ក៏ស្រាប់តែរថយន្តក្រឡុកស៊ីម៉ង់តិ៍មួយគ្រឿង បានបើកចុះចំណោតយ៉ាងលឿន រួចក៏បុកម៉ូតូជនរងគ្រោះពេញទំហឹង ហើយបានអូសទាំងជនរងគ្រោះទាំងម៉ូតូ ចូលទៅក្នុងការដ្ឋានសំណង់មួយកន្លែងបណ្តាលឲ្យរថយន្ត និងម៉ូតូខូចខាតទាំងស្រុង។ រីឯជនរងគ្រោះ បានស្លាប់គៀបជាប់ខាងក្រោមរថយន្តនៅកន្លែងកើតហេតុ។
បច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធីដោះស្រាយទៅតាមផ្លូវច្បាប់។ ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាល រស់នៅខេត្តព្រះសីហនុ បានសំណូមពរដល់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ជួយពិនិត្យ និងឈានមានវិធានការ ចំពោះសកម្មភាពរបស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់តិ៍មួយចំនួន ដែលកំពុងបង្កការភ័យខ្លាច និងកំពុងធ្វើឲ្យផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រឋជាពលរដ្ឋ, បង្កការកកស្ទះចរាចរណ៍ ជាពិសេសបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរបណ្តាលឲ្យស្លាប់មនុស្ស, ខូចខាតទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិ របស់រដ្ឋជាបន្តបន្ទាប់មកនេះឲ្យបានឆាប់៕