(ភ្នំពេញ)៖ លោក ឈីវ យីស៊ាង ត្រូវបានព្រះមហាក្សត្រខ្មែរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ដំឡើងមុខតំណែងពីអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នេះបើយោងតាមព្រះរាជក្រឹត្យឡាយព្រះហត្ថលេខាដោយព្រះមហាក្សត្រខ្មែរកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។
បច្ចុប្បន្នលោក ឈីវ យីស៊ាង មានតួនាទីជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។
លោក ឈីវ យីស៊ាង មានអាយុ ៤៤ឆ្នាំ កើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតខាងនីតិសាធារណៈពីសាកលវិទ្យាល័យប៉ារីស-ដូហ្វីន ប្រទេសបារាំង, អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាលាជាតិរដ្ឋបាលនៅប្រទេសបារាំង, អនុបណ្ឌិតផ្នែកជំនាញគរុកោសល្យខាងភាសា និងវប្បធម៌ពីសាកលវិទ្យាល័យប៉ារីសទី៣-ស័របាន នូវែល នៅប្រទេសបារាំង និងបញ្ចប់បរិញ្ញាបត្រភាសាបារាំងនៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕