(ភ្នំពេញ)៖ ដើម្បីបង្ហាញពីក្តីស្រលាញ់ ការផ្តល់កម្លាំងចិត្ត និងចែករំលែកបទពិសោធន៍ល្អៗ ជូនកុមារាកុមារី កំព្រា នាឱកាសបុណ្យទិវាកុមារអន្តរជាតិ លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក្រោមកិច្ចសហការឧបត្ថម្ភពីសប្បុរសជនដៃគូ ប្រទេសសិង្ហបុរី បានរៀបចំអាហារពេលល្ងាច នៅអាហារដ្ឋានគូឡៃរាជធានីភ្នំពេញ ជូនកុមារកំព្រា១១១នាក់ ក្នុងនោះក៏មានឧបត្ថម្ភសម្ភារក្មេង និងថវិកា ក្នុងម្នាក់ៗទទួលបាន៦ម៉ឺនរៀល។
ថ្លែងក្នុងឱកាសនោះ លោក កៅ អ៊ីមរ៉ន បានក្រើនរំលឹកដល់កុមារា កុមារី ត្រូវខំប្រឹងសិក្សារៀនសូត្រ និងរៀបចំខ្លួនឲ្យក្លាយជាបុត្រល្អរបស់មាតា ឬបិតា ដើម្បីសេចក្តីថ្លៃថ្នូរ ជាពិសេសដើម្បីអនាគតវែងឆ្ងាយតទៅមុខ សម្រាប់ខ្លួនឯង និងសង្គមជាតិយើងទាំងមូល។
អនុរដ្ឋលេខាធិការរូបនេះ ក៏បានកោតសរសើរថ្លែងអំណរគុណដល់អង្គការដៃគូរ សហការមានលោក Mouzzammil PM តំណាងសប្បុរសជន ដែលជានិច្ចកាលតែងតែបានឧបត្ថម្ភគម្រោងនានា និងអរគុណក្រុមស្ម័គ្រចិត្ត សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដែលបានជួយសម្រួលរៀបចំឲ្យពិធីនេះ ប្រព្រឹត្តទៅបានរលូន ទោះបីក្មេងៗកំព្រា បានអញ្ជើញមកពីទីជិតឆ្ងាយជុំវិញរាជធានីភ្នំពេញ ទាំងមិនបានមកជាមួយនូវអាណាព្យាបាល តែយើងមានក្រុមការងារស្ម័គ្រចិត្ត របស់យើងរៀបចំសណ្តាប់ធ្នាប់រៀបរយល្អ៕