(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវដល់មានផ្ទៃពោះមកពីគ្រួសារក្រីក្រ មកពិនិត្យសុខភាពឱ្យបានទៀងទាត់ ដូច្នេះសូមក្រុមគ្រូពេទ្យ ដែលទទួលភារកិច្ចក្នុងការផ្តល់សេវានេះ ត្រូវអនុវត្តន៍ឱ្យមានភាពល្អប្រសើរ។

ការមានប្រសាសន៍អំពាវនាវបែបនេះ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឡើងនៅថ្ងៃព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ៣,១៦១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ហើយអំពាវនាវឱ្យស្ត្រីដែលទទួលបាននូវប័ណ្ណទាំងនេះ (ប័ណ្ណក្រីក្រ) មកពិនិត្យព្យាបាលឱ្យបានទៀងទាត់ ហើយក៏សូមក្រុមគ្រូពេទ្យទាំងឡាយដែលទទួលកិច្ចការងារនេះ ធ្វើការឱ្យបានម៉ត់ចត់ សម្រាប់ខាងផ្នែកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺបានធ្វើការងារល្អហើយមិនដែលមានបញ្ហានោះទេ»

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តីសង្ឃឹមថា នឹងមិនមានបញ្ហាអ្វីកើតឡើងនោះទេ ចំពោះការអនុវត្តគោលនយោបាយគាំពារសង្គម សម្រាប់ស្ត្រីក្រីក្រដែលមានផ្ទៃពោះឆ្លងទន្លេ ព្រមទាំងកូនៗអាយុក្រោម២ឆ្នាំ ដូច្នេះសូមអង្គភាពពាក់ពន្ធទាំងចូលរួមបន្តកិច្ចការងារនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតផងដែរ។

បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា គោលនយោបាយគាំពារសង្គម ដើម្បីយកចិត្តទុកដាក់ដល់ស្ត្រី និងកុមារ គឺបានចាប់ផ្តើមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ហើយតួលេខស្ត្រីមានផ្ទៃពោះឆ្លងទន្លេ រហូតដល់កូនមានអាយុ២ឆ្នាំ គឺស្ថិតនៅក្នុងក្របខ័ណ្ឌ គោលនយោបាយគាំពារសង្គមនេះហើយ ហើយក្រសួងសុខាភិបាលជាអ្នកទទួលបន្ទុកទៅលើបញ្ហានេះផងដែរ។ ដូច្នេះ គឺបានពិនិត្យឃើញថានេះ គឺជាការចាប់ផ្តើមរបស់នៃគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិទី០៦។ ដោកឡែករយៈពេលតែ២ថ្ងៃ នៅដើមខែមិថុនា មានស្ត្រីមកទទួលសេវាព្យាបាល និងពិនិត្យផ្ទៃពោះមុនឆ្លងទន្លេ មានចំនួន៦៣ករណី ព្រមទាំងបានឧបត្ថម្ភសាច់ប្រាក់ ចំនួន២៥,២០០០០លានរៀលដល់ពួកគាត់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា ដោយចាប់ផ្តើមនូវគោលនយោបាយគាំពារសង្គមនេះ ស្ត្រីមានផ្ទៃពោះ បានអញ្ជើញមកពិនិត្យសុខភាពរបស់ពួកគាត់នៅតាមមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពនានានៅទូទាំងប្រទេស ដោយមិនគិតថ្លៃសេវា ថែមទាំងទទួលបានសាច់ប្រាក់ឧបត្ថម្ភជូនពួកគាត់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤ម៉ឺនរៀល ហើយការមកទទួលសេវាព្យាបាលសុខភាពនេះ គឺពិនិត្យ៤ដង មុនថ្ងៃឆ្លងទន្លេ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មានស្ត្រីសម្រាលកូនមានចំនួន១០៦នាក់ ដោយរដ្ឋបានបញ្ចេញនូវសាច់ប្រាក់ ដើម្បីឧបត្ថម្ភដល់ពួកគាត់ចំនួន២,១២០០,០០០លានរៀល ដោយក្នុងម្នាក់ទទួលបានថវិកាឧបត្ថម្ភ២០ម៉ឺនរៀលផងដែរ ហើយសម្រាប់ស្ត្រីមកពិនិត្យក្រោយសម្រាល និងកុមារអាយុក្រោម២ឆ្នាំ មាន១៤ករណី ដោយឧបត្ថម្ភសាច់ប្រាក់អស់ចំនួន៧៦ម៉ឺនរៀល ដោយមិនគិតដល់ស្ត្រីដែលជាកម្មការិនីនោះទេ៕