(ភ្នំពេញ)៖ ប្រទះឃើញសាកសពបុរសម្នាក់អណ្ដែត ក្នុងទឹករណ្ដៅដីមួយកន្លែងសង្ស័យជាបក្ខពួកអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ៣នាក់ ដែលភ័យរត់គេចពីសមត្ថកិច្ច ខណៈដែលសមត្ថកិច្ចចុះបង្ក្រាបក្រុមប្រើប្រាស់គ្រឿងញៀន ហើយរត់ធ្លាក់ទឹកកាលពី២ថ្ងៃមុន។
ហេតុការណ៍ដែលបង្កឱ្យមានកាតភ្ញាក់ផ្អើលនេះ បន្ទាប់ពីប្រជាពលរដ្ឋមូលដ្ឋាន បានប្រទះឃើញសាកសពអណ្តែតទឹក ពីវេលាម៉ោង៨ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាកសពឈ្មោះ ឡុង នៅ អាយុ២៧ឆ្នាំ មុខរបរជាងដែក មានប្រពន្ធឈ្មោះ ផេត ខួច អាយុ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានកូនស្រី១នាក់ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុនិងមានស្រុកកំណើត ភូមិក្រាំងស្គា ឃុំក្រាំងស្គា ស្រុកទឹលផុស ខេត្តកំពង់ឆ្នាំង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីវេលាយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ថ្មីៗនេះ ជនរងគ្រោះ រួមជាមួយមិត្តភក្តិ២នាក់ទៀត បាននាំគ្នាផឹកស៊ីរហូតដល់ស្រវឹង បន្ទាប់មកបាននាំគ្នាជិះម៉ូតូទៅកាន់ដីវាលមាត់រណ្តៅដីខាងលើ ដើម្បីជក់គ្រឿងញៀន។
ខណៈនោះត្រូវបានកម្លាំងនគរបាលល្បាត ទៅដល់អ្នកទាំង៣ ក៏បាននាំគ្នារត់ចែកផ្លូវគ្នា តែភ្លាមៗនោះត្រូវនគរបាលចាប់ខ្លួនបានម្នាក់ ដោយឡែកបុរសខាងលើរួមនិងបុរសម្នាក់ទៀតភ័យរត់លោតចុះទៅក្នុងទឹករណ្តៅដីខាងលើ ដោយនៅក្នុងពេលបង្រ្កាបនោះ នគរបាលបានបាញ់ឡើងលើគម្រាមទៀតផង។
ប្រភពដដែលបានបន្តថា បន្ទាប់កម្លាំងនគរបាលជាច្រើនបានទៅធ្វើការឡោមព័ទ្ធរណ្ដៅដីនោះ ប៉ុន្តែរកមិនឃើញបុរសដែលស្លាប់ និងបក្សពួកម្នាក់ទៀត មិនឃើញឡើងចេញពីក្នុងទឹកឡើយ ក្រោយមកនគរបាលបានដកថយទៅវិញ។ លុះមកដល់វេលាព្រឹកថ្ងៃទី៣ ខែមិថុនា ស្រាប់តែប្រទះឃើញសាកសពអណ្ដែតទឹកបែបនេះតែម្ដង។ ចំណែកបក្ខពួកម្នាក់ទៀត ដែលរត់ចូលទឹកជាមួយសមត្ថកិច្ច រកពុំទាន់ឃើញនៅឡើយទេ។
ភ្លាមៗសមត្ថកិច្ចជំនាញចុះទៅពិនិត្យកោសល្យវិច្ឆ័យ ព្រមទាំងបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
\